km:tipitaka:sut:an:04:sut.an.04.052

ទុតិយបុញ្ញាភិសន្ទសូត្រ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.052 បាលី cs-km: sut.an.04.052 អដ្ឋកថា: sut.an.04.052_att PTS: ?

ទុតិយបុញ្ញាភិសន្ទសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ទុតិយបុញ្ញាភិសន្ទសុត្តំ)

[៥៣] ម្នាលភិក្ខុទាំងឡាយ អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល នាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើត ក្នុងស្ថានសួគ៌នេះ មាន ៤ យ៉ាង រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត។ អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមក នៃកុសល ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធដូច្នេះថា ព្រះដ៏មានព្រះភាគ អង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ទ្រង់ត្រាស់ដឹង នូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌ ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជា្របច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ជាសារថី ទូន្មាននូវបុរស ដែលគួរទូន្មានបាន ទ្រង់ជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ចធម៌ ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមក នៃកុសលទី ១ ដែលនាំមក នូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ព្រះនព្វលោកុត្តរធម៌ ជាធម៌ ដែលព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ដោយបច្ចវេក្ខណញ្ញាណ ជាធម៌ ឲ្យនូវផល មិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាចនៃភាវនា ជាធម៌ ដែលអ្នកប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គល ជាដើម គប្បីឃើញច្បាស់ ក្នុងចិត្តនៃខ្លួន ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ទី ២ ដែលនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃ ជាសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិហើយ ដោយប្រពៃ ព្រះសង្ឃ ជាសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយត្រង់ ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីត្រាស់ដឹង នូវព្រះនិញ្វន ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិសមគួរ ដល់សាមីចិកម្ម គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា ព្រះសង្ឃអង្គណា បើរាប់ជាគូ នៃបុរស មាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃទាំងនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ គួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលនាំមកបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញកេ្ខត្ត នៃសត្វលោក រកខេត្តដទៃ ក្រៃលែងជាងគ្មាន ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសលទី ៣ ដែលនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើត ក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីតេ្រកអរ ជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកប្រកបដោយសីលទាំង ឡាយ ជាទីតេ្រកអរនៃព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះធ្លាយ មិនពពាល មិនពព្រុះ ជាសីលរបស់អ្នកជា ជាសីលដែលវិញ្ញូជនតែងសរសើរ ជាសីលមិនប៉ះពាល់ដោយតណ្ហាទិដ្ឋិ ប្រព្រឹត្តទៅ ដើម្បីបាននូវសមាធិ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសលទី ៤ ដែលនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីតេ្រកអរ ជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំង ឡាយ អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល មាន ៤ យ៉ាងនេះឯង ជាទីនាំមក នូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត។

សេចក្តីជឿក្នុងព្រះតថាគត របស់បុគ្គលណា មិនបានញាប់ញ័រ បានដម្កល់ហើយដោយប្រពៃ សីលរបស់បុគ្គលណា ជាសីលល្អ ជាទីត្រេកអរ នៃព្រះអរិយៈ ដែលព្រះអរិយៈសរសើរហើយ។ សេចក្តីជ្រះថ្លាក្នុងព្រះសង្ឃ និងការឃើញដោយត្រង់ពិត របស់បុគ្គលណា អ្នកប្រាជ្ញទាំងឡាយ ពោលនូវបុគ្គលនោះថា ជាអ្នកមិនទ័លក្រ ទាំងជីវិតរបស់បុគ្គលនោះ មិនបានសូន្យឡើយ។ ព្រោះហេតុនោះ អ្នកប្រាជ្ញ កាលរលឹកឃើញពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គួរប្រកបទុក នូវសេចក្តីជឿផង នូវសីលផង នូវសេចក្តីជ្រះថ្លាផង នូវការឃើញធម៌ផង។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.052.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann