តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ចតុក្កនិបាត » ទុតិយបណ្ណាសក ទី២ » បុញ្ញាភិសន្ទវគ្គ ទី១ (៦) »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 04.053 បាលី cs-km: sut.an.04.053 អដ្ឋកថា: sut.an.04.053_att PTS: ?
បឋមសំវាសសូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣. បឋមសំវាសសុត្តំ)
[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះស្រុកមធុរា និងចន្លោះស្រុកវេរញ្ជា។ មានពួក1) គហបតី និងពួកគហបតានីជាច្រើននាក់ ដើរទៅកាន់ផ្លូវឆា្ងយ ក្នុងចន្លោះស្រុកមធុរា និងចន្លោះស្រុកវេរញ្ជាដែរ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់គេចចេញ ចាកផ្លូវហើយ ទ្រង់គង់ក្រោមម្លប់ឈើមួយ។ ពួកគហបតី និងគហបតានី ទាំងនោះ បានឃើញព្រះដ៏មានព្រះភាគ សេ្តចគង់ក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកគហបតី និងគហបតានីទាំងនោះ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី និងគហបតានីទាំងឡាយ សង្វាស (ការនៅរួមគ្នាជាមួយនឹងស្វាមីភរិយា) នេះ មាន ៤ យ៉ាង។ សង្វាស ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី ១ ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី ១ ទេវតាប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី ១ ទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី ១។ ម្នាលគហបតីទាំងឡាយ ចុះខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកធ្វើនូវបាណាតិបាត ធ្វើនូវអទិន្នាទាន ប្រព្រឹត្តនូវកាមេសុមិច្ឆាចារ ពោលពាក្យមុសា ក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណញ្រហ្មណ៍ ទាំងភរិយារបស់ស្វាមីនោះ ក៏ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត ប្រព្រឹត្តធ្វើ នូវអទិន្នាទាន ប្រព្រឹត្តធ្វើនូវកាមេសុមិច្ឆាចារ ពោលនូវពាក្យមុសា ក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណញ្រហ្មណ៍ដែរ។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី។ ម្នាលគហបតីទាំងឡាយ ចុះខ្មោចប្រុស នៅរួមជាមួយនឹងទេវតាស្រី តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកធ្វើនូវបាណាតិបាត។បេ។ ក្រេបផឹកនូវសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណញ្រហ្មណ៍ ប៉ុន្តែភរិយារបស់ស្វាមីនោះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ ជាអ្នកវៀរចាកការក្រេបផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ ជាអ្នកមានសីល មានធម៌ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេចពួកសមណញ្រហ្មណ៍។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្នាលគហបតីទាំងឡាយ ចុះទេវតាប្រុស នៅរួមជាមួយគ្នានឹងខ្មោចស្រី តើដូចម្តេច។ ម្នាល គហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកការក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ មានសីល មានធម៌ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេចពួកសមណញ្រហ្មណ៍ ទើបឯភរិយារបស់ស្វាមីនោះ ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត។បេ។ ក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណញ្រហ្មណ៍។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ទេវតាប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី។ ម្នាលគហបតីទាំងឡាយ ចុះទេវតាប្រុស នៅរួមជាមួយគ្នានឹងទេវតាស្រី តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកការក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកមានសីល មានធម៌ដ៏ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេចពួកសមណញ្រហ្មណ៍ ទាំងភរិយារបស់ស្វាមីនោះ ក៏ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកការក្រេបផឹក នូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកមានសីល មានធម៌ដ៏ល្អ មានចិត្ត ប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេច ពួកសមណញ្រហ្មណ៍ដែរ។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្នាលគហបតីទាំងឡាយ សង្វាស (ការនៅរួមគ្នា មាន ៤) យ៉ាងនេះឯង។
ជនទាំងពីរនាក់ ជាអ្នកទ្រុស្តសីល ជាអ្នកកំណាញ់ស្វិតស្វាញ ជេរប្រទេច (នូវសមណញ្រហ្មណ៍) ប្រពន្ធ និងប្តី ទាំងពីរនាក់នោះ ឈ្មោះថា ខ្មោចមកនៅរួមគ្នា។ ស្វាមី ជាអ្នកទ្រុស្តសីល មានសេចក្តីកំណាញ់ស្វិតស្វាញ ជេរប្រទេច (នូវសមណញ្រហ្មណ៍) ភរិយា ជាអ្នកមានសីល ដឹងនូវពាក្យពេចន៍ នៃពួកស្មូម មានសេចក្តីកំណាញ់ ប្រាសចេញហើយ ភរិយានោះឯង ឈ្មោះថា ទេវតាស្រី នៅរួមគ្នាជាមួយនឹងប្តីខ្មោច។ ស្វាមី ជាអ្នកមានសីល ដឹងនូវពាក្យពេចន៍ នៃពួកស្មូម ជាអ្នកមានសេចក្តីកំណាញ់ប្រាសចេញហើយ ភរិយា ជាអ្នកទ្រុស្តសីល មានសេចក្តីកំណាញ់ស្វិតស្វាញ ជេរប្រទេច (នូវសមណញ្រហ្មណ៍) ភរិយានោះឯង ឈ្មោះថា ស្រីខ្មោចនៅរួម គ្នាជាមួយនឹងប្តីទេវតា។ ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ដឹងនូវពាក្យពេចន៍ នៃពួកស្មូម ជាអ្នកសង្រួម (ក្នុងសីល) ជាអ្នកចិញ្ចឹមជីវិតតាមគន្លងធម៌ ប្រពន្ធ និងប្តីទាំងពីរនាក់នោះ ពោលពាក្យផ្អែមល្ហែម ទៅរកគ្នានឹងគ្នា រមែងមានសេចក្តីចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្តចំពោះជនទាំងពីរនាក់ ដែលមានសីលស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ បើនៅមានចំណង់ក្នុងកាម ក៏រមែងជាអ្នកត្រេកអរ រីករាយ ក្នុងទេវលោកបាន។