តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ចតុក្កនិបាត » ទុតិយបណ្ណាសក ទី២ » បុញ្ញាភិសន្ទវគ្គ ទី១ (៦) »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 04.056 បាលី cs-km: sut.an.04.056 អដ្ឋកថា: sut.an.04.056_att PTS: ?
ទុតិយសមជីវឹសូត្រ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៦. ទុតិយសមជីវីសុត្តំ)
[៥៧] ម្នាលភិក្ខុទាំងឡាយ បើប្រពន្ធ និងប្តីទាំងពីរនាក់ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង លុះតែជនទាំងពីរនាក់នោះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានចាគៈស្មើគ្នា មានបញ្ញាស្មើគ្នា ទើបជនទាំងនោះ ជួបគ្នាក្នុងបច្ចុប្បន្ននេះផង ជួបគ្នាក្នុងបរលោកផង។
ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាអ្នកដឹងនូវពាក្យពេចន៍នៃស្មូម ជាអ្នកសង្រួម (ក្នុងសីល) ជាអ្នកចិញ្ចឹមជីវិត តាមគន្លងធម៌ ប្រពន្ធ និងប្តីទាំងនោះ ពោលពាក្យផ្អែមល្ហែមរកគ្នានឹងគ្នា រមែងមានសេចក្តីចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្ត ចំពោះជនទាំងពីរ ដែលមាន សីលស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ (បើ) មានចំណង់ក្នុងកាម រមែងជាអ្នកត្រេកអរ រីករាយ ក្នុងទេវលោកបាន។