km:tipitaka:sut:an:04:sut.an.04.057

សុប្បវាសាសូត្រ ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.057 បាលី cs-km: sut.an.04.057 អដ្ឋកថា: sut.an.04.057_att PTS: ?

សុប្បវាសាសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៧. សុប្បវាសាសុត្តំ)

[៥៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះ បជ្ជនេលៈ របស់ពួកកោលិយៈរាជត្រកូល ក្នុងដែនកោលិយៈ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់និវេសន៍របស់នាងសុប្បវាសា ជាធីតា នៃស្តេចកោឡិយៈ លុះស្តេចចូលទៅដល់ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ វេលានោះ នាងសុប្បវាសា ជាធីតានៃស្តេចកោឡិយៈ បានអង្គាសថ្វាយខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសា ដោយដៃខ្លួនឯង ចំពោះព្រះដ៏មានព្រះភាគ ឲ្យឆ្អែត ស្កប់ស្កល់ ត្រាតែដល់ព្រះអង្គប្រកែក លែងទទួលទៀត។ លុះព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថ ទៅក្នុងបាត្រហើយ ទើបនាងសុប្បវាសា អង្គុយក្នុងទីសមគួរ។ លុះនាងសុប្បវាសា ជាកោឡិយធីតា អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសុប្បវាសា អរិយសាវិកា ឲ្យភោជនាហារ ឈ្មោះថាឲ្យនូវឋានៈ ៤ យ៉ាង ដល់បដិគ្គាហកៈទាំងឡាយ។ ឋានៈ ៤ យ៉ាង តើដូចម្តេច។ គឺឲ្យអាយុ ១ ឲ្យវណ្ណៈ ១ ឲ្យសុខៈ ១ ឲ្យពលៈ ១។ លុះឲ្យអាយុហើយ រមែងជាអ្នកមានចំណែក គឺ បានទទួលយក នូវអាយុដែលជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យវណ្ណៈហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយកនូវវណ្ណៈ ដែលជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យសុខហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយកនូវសុខ ដែលជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យពលៈហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយកនូវពលៈ ដែលជារបស់ទិព្វ ឬជារបស់មនុស្ស។ ម្នាលសុប្បវាសា អរិយសាវិកា ឲ្យភោជនាហារ ឈ្មោះថា ឲ្យឋានៈ ទាំង ៤ យ៉ាងនេះ ដល់បដិគា្គហកៈទាំងឡាយ។

បុគ្គលឲ្យភោជនដែលខ្លួនតាក់តែងស្អាត ឆ្ងាញ់ពីសា បរិបូណ៌ដោយរស (ដល់បដិគ្គាហកៈ) ទក្ខិណាទាននោះ ដែលបុគ្គលឲ្យហើយ ដល់ព្រះខីណាស្រពទាំងឡាយ មានដំណើរត្រង់ ប្រកបដោយចរណៈ ដល់នូវភាពដ៏ប្រសើរ ជាទីរួបរួមមកនូវបុណ្យ ដោយបុណ្យ ព្រះលោកវិទូ ទ្រង់សរសើរ (នូវទក្ខិណាទាននោះ) ថា ជាទានមានផលច្រើន ជនទាំងឡាយណា រលឹកឃើញនូវយញ្ញៈ ដូច្នោះ កើតមានសេចក្តីតេ្រកអរ កំចាត់បង់នូវមន្ទិល គឺសេចក្តីកំណាញ់ ព្រមទាំងឫសក្នុងលោក ជនទាំងនោះ ឥតមានគេនិន្ទា តែងចូលទៅកាន់ស្ថានសួគ៌បាន។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.057.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann