(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 04.061 បាលី cs-km: sut.an.04.061 អដ្ឋកថា: sut.an.04.061_att PTS: ?
បត្តកម្មសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. បត្តកម្មសុត្តំ)
[៦២] គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ដូច្នេះថា ម្នាលគហបតី ធម៌ ៤ ប្រការនេះ ជាទីប្រាថ្នា ជាទីតេ្រកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ។ បំណងថា ភោគៈទាំងឡាយ ចូរកើតដល់អាត្មាអញ ដែលប្រកបដោយធម៌ នេះជាធម៌ទី១ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ បំណងថា កាលបើអាត្មាអញ បាននូវភោគៈ ដោយកម្មប្រកបដោយធម៌ហើយ សូមឲ្យយស របស់អាត្មាអញ ល្បីខ្ចរខ្ចាយឡើង ព្រមទាំងពួកញាតិ ព្រមទាំងពួកឧបជ្ឈាយ៍ គឺមិត្រសំឡាញ់ទាំងឡាយ នេះជាធម៌ទី២ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ បំណងថា កាលបើអាត្មាអញ បានភោគៈ ដោយកម្មប្រកបដោយធម៌ហើយ បានយសហើយ ទើបអាត្មាអញ ព្រមទាំងពួកញាតិ ព្រមទាំងពួកឧបជ្ឈាយ៍ នឹងចិញ្ចឹមជីវិត អស់កាលយូរ រក្សាអាយុឲ្យបានវែង នេះជាធម៌ទី៣ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ បំណងថា កាលបើអាត្មាអញ បាននូវភោគៈ ដោយកម្ម ប្រកបដោយធម៌ហើយ បានយសហើយ ទើបអាត្មាអញ ព្រមទាំងពួកញាតិ ព្រមទាំងឧបជ្ឈាយ៍ បានចិញ្ចឹមជីវិតអស់កាលយូរ រក្សាអាយុឲ្យបានវែងហើយ លុះបែកធ្លាយរាង កាយ បន្ទាប់អំពីមរណៈទៅ សូមឲ្យបានទៅកើតក្នុងសុគតិសួគ៌ ទេវលោក នេះជាធម៌ទី៤ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ ម្នាលគហបតី ធម៌ ៤ ប្រការនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ ម្នាលគហបតី ធម៌ ៤ ប្រការ ប្រព្រឹត្តទៅ ដើម្បីបានចំពោះ នូវធម៌ ៤ ប្រការ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោកនេះ។ ធម៌ ៤ ប្រការដូចម្តេច។ គឺសទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលគហបតី ចុះសទ្ធាសម្បទា តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ មានសទ្ធា ជឿសេចក្តីត្រាស់ដឹងព្រះតថាគតថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គជាអរហន្ត ជាសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានព្រះដំណើរល្អ ជ្រាបច្បាស់ នូវលោក ឥតមានបុគ្គលដទៃស្មើ ទូន្មានបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវចតុរារិយសច្ច លែងវិលត្រឡប់ មកកាន់ភពថ្មីទៀត ម្នាលគហបតី នេះហៅថា សទ្ធាសម្បទា។ ម្នាលគហបតី ចុះសីលសម្បទា តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ វៀរចាកបាណាតិបាត។បេ។ វៀរចាកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ ម្នាលគហបតី នេះហៅថា សីលសម្បទា។ ម្នាលគហបតី ចុះចាគសម្បទា តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ មានចិត្តប្រាសចាកសេចក្តីកំណាញ់ ជាមន្ទិល មានការបរិច្ចាគហើយ មានដៃលាងស្អាត ត្រេកអរក្នុងការលះបង់ គួរដល់ស្មូម ត្រេកអរក្នុងទាន និងការចែកចាយ នៅគ្រប់គ្រងផ្ទះ ម្នាលគហបតី នេះហៅថា ចាគសម្បទា។ ម្នាលគហបតី ចុះបញ្ញាសម្បទា តើដូចម្តេច។ ម្នាលគហបតី បុគ្គលកាលមានចិត្តត្រូវអភិជ្ឈាវិសមលោភៈគ្របសង្កត់ រមែងធ្វើការងារ ដែលមិនគួរ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារ ដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យចាកយស និងសេចក្តីសុខ ម្នាលគហបតី បុគ្គលកាលមានចិត្តត្រូវព្យាបាទគ្របសង្កត់ រមែងធ្វើការងារដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យចាកយស និងសេចក្តីសុខ ម្នាលគហបតី បុគ្គល កាលមានចិត្តត្រូវថីនមិទ្ធៈ គ្របសង្កត់ រមែងធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារដែលមិនគួរធ្វើ ញុំាង ការងារដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យចាកយស និងសេចក្តីសុខ ម្នាលគហបតី បុគ្គលកាលមានចិត្តត្រូវឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ រមែងធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យ ចាកយស និងសេចក្តីសុខ ម្នាលគហបតី បុគ្គលកាលមានចិត្តត្រូវវិចិកិច្ឆាគ្របសង្កត់ រមែងធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារ ដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យចាកយស និងសេចក្តីសុខ។ ម្នាលគហបតី អរិយសាវកនោះឯង ដឹងច្បាស់ថា អភិជ្ឈាវិសមលោភៈ ជាឧបកិ្កលេសនៃចិត្តហើយ ក៏លះបង់អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តចេញ ដឹងច្បាស់ថា ព្យាបាទ ជាឧបក្កិលេសនៃចិត្តហើយ ក៏លះបង់ព្យាបាទ ជាឧបក្កិលេសនៃចិត្តចេញ ដឹងច្បាស់ថា ថីនមិទ្ធៈ ជាឧបក្កិលេសនៃចិត្តហើយ ក៏លះបង់ថីនមិទ្ធៈ ជាឧបក្កិលេសនៃចិត្តចេញ ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈ ជាឧបក្កិលេស នៃចិត្តហើយ ក៏លះបង់ឧទ្ធច្ចកុក្កុច្ចៈ ជាឧបក្កិលេសនៃចិត្តចេញ ដឹងច្បាស់ថា វិចិកិច្ឆា ជាឧបក្កិលេសនៃចិត្តហើយ ក៏លះបង់វិចិកិច្ឆា ជាឧបក្កិលេស នៃចិត្តចេញ។ ម្នាលគហបតី កាលណាអរិយសាវកដឹងច្បាស់ថា អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តហើយ ក៏បានលះបង់អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តចេញ ព្យាបាទ ជាឧបក្កិលេសនៃចិត្ត… ថីនមិទ្ធៈ ជាឧបក្កិលេសនៃចិត្ត… ឧទ្ធច្ចកុក្កុច្ចៈ ជាឧបក្កិលេសនៃចិត្តហើយ … ដឹងច្បាស់ថា វិចិកិច្ឆា ជាឧបក្កិលេសនៃចិត្តហើយ ក៏បានលះបង់វិចិកិច្ឆា ជាឧបក្កិលេសនៃចិត្តចេញ។ ម្នាលគហបតី អរិយសាវកនេះ ហៅថា ជាអ្នកមានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ ជាអ្នកយល់សេចក្តីតាមគន្លងនៃពាក្យ បរិបូណ៌ដោយប្រាជ្ញា។ ម្នាលគហបតី នេះហៅថា បញ្ញាសម្បទា។ ម្នាលគហបតី ធម៌ទាំង ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីបានចំពោះ នូវធម៌ទាំង ៤ ប្រការនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ ម្នាលគហបតី អរិយសាវកនោះ ជាអ្នកធ្វើកម្មដ៏សមគួរ ៤ ប្រការ ដោយភោគៈទាំងឡាយ ដែលអរិយសាវក បានដោយសេចក្តីព្យាយាម ពោល គឺសេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈ ប្រកបដោយធម៌ បានមកដោយធម៌។ កម្មដ៏សមគួរ ៤ ប្រការ ដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ញុំាងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាសុខដោយប្រពៃ ញុំាងមាតាបិតាឲ្យសុខ ឲ្យឆ្អែត រក្សាសុខដោយប្រពៃ ញុំាងកូនប្រពន្ធ និងបុរស ជាទាសកម្មករ ឲ្យសុខ ឲ្យឆ្អែត រក្សាសុខដោយប្រពៃ ញុំាងមិត្ត អាមាត្យ ឲ្យសុខ ឲ្យឆ្អែត រក្សាសុខដោយប្រពៃ ដោយភោគៈទាំងឡាយ ដែលបានមកដោយសេចក្តីព្យាយាម ពោល គឺសេចក្តីខ្នះខ្នែង សន្សំបានមកដោយកំឡាំងដៃ មានញើសហូរចេញ ជារបស់ប្រកបដោយធម៌ បានមកដោយធម៌។ នេះចាត់ជាហេតុ ទី១ ដែលអរិយសាវកនោះ បានដល់ហើយ បានសម្រេចហើយ បរិភោគហើយ ដោយទំនងដ៏សមគួរ។ ម្នាលគហបតី ប្រការមួយទៀត សេចក្តីអន្តរាយណា ដែលកើតអំពីភ្លើងក្តី អំពីទឹកក្តី អំពីសេ្តចក្តី អំពីចោរក្តី អំពីបុគ្គលមិនជាទីស្រឡាញ់ក្តី អំពីអ្នកទទួលមត៌កក្តី អរិយសាវក ក៏ការពារទប់ទល់ ចំពោះអន្តរាយ មានសភាពដូច្នោះបាន ដោយភោគៈទាំងឡាយ ធ្វើខ្លួនឲ្យដល់នូវសួស្តីបាន ក៏ដោយភោគៈទាំងឡាយ ដែលបានដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌។ នេះចាត់ជាហេតុទី២ ដែលអរិយសាវកនោះ ដល់ហើយ បានសម្រេចហើយ បរិភោគហើយ ដោយទំនងដ៏សមគួរ។ ម្នាលគហបតី ប្រការមួយទៀត អរិយសាវក ធ្វើពលិ ទាំង៥ គឺ ញាតិពលិ ១ អថិតិពលិ ១ បុព្វបេតពលិ ១ រាជពលិ ១ ទេវតាពលិ ១ ដោយភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌។ នេះចាត់ជាហេតុទី៣ ដែលអរិយសាវកនោះ ដល់ហើយ បានសម្រេចហើយ បរិភោគ ហើយ ដោយទំនងដ៏សមគួរ។ ម្នាលគហបតី ប្រការមួយទៀត ពួកសមណញ្រហ្មណ៍ណា វៀរចាកសេចក្តីវង្វេង និងសេចក្តីប្រមាទ ឋិតនៅក្នុងខន្តិ និងសោរច្ចៈ ទូន្មានតែខ្លួនមួយ រម្ងាប់កិលេស ចំពោះខ្លួនមួយ ញុំាងតែខ្លួនមួយ ឲ្យបរិនិញ្វន អរិយសាវក រមែងញុំាងទក្ខិណាទាន មានផលដ៏ខ្ពស់ប្រសើរ នាំឲ្យទៅកើតក្នុងស្ថានសួគ៌ មានសុខជាវិបាក ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ឲ្យប្រតិស្ថាននៅក្នុងពួកសមណញ្រហ្មណ៍ មានសភាពដូច្នោះ បានដោយភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោលគឺសេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌។ នេះចាត់ជាហេតុទី៤ ដែលអរិយសាវកនោះ ដល់ហើយ បានសម្រេចហើយ បរិភោគហើយ ដោយទំនងដ៏សមគួរ។ ម្នាលគហបតី អរិយសាវកនោះឯង ជាអ្នកធ្វើកម្ម ដ៏សមគួរ ទាំង៤ប្រការនេះ បានដោយភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោលគឺសេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌។ ម្នាលគហបតី ភោគៈទាំងឡាយ របស់បុគ្គលណាមួយ តែវៀរលែងចាកកម្មដ៏សមគួរទាំង៤ប្រការ ចេញហើយ រមែងដល់នូវការអស់ទៅ ម្នាលគហបតី ភោគៈទាំងឡាយនេះ ហៅថា មិនដល់នូវហេតុដ៏សមគួរ មិនបានសម្រេច មិនបានបរិភោគ ដោយទំនងដ៏សមគួរ។ ម្នាលគហបតី ភោគៈទាំងឡាយ របស់បុគ្គលណាមួយ អស់ទៅដោយកម្ម ដ៏សមគួរទាំង ៤ នេះ ម្នាលគហបតី ភោគៈទាំងឡាយនេះ ហៅថា ដល់នូវហេតុដ៏សមគួរ បានសម្រេច បានបរិភោគ ដោយទំនងដ៏សមគួរ។
ភោគៈទាំងឡាយ អាត្មាអញបរិភោគហើយ មិត្តអាមាត្យ អាត្មាអញចិញ្ចឹមហើយ អាត្មាអញ ឆ្លងអន្តរាយទាំងឡាយបានហើយ ទក្ខិណាទាន មានផលដ៏ខ្ពស់ប្រសើរ អាត្មាអញ បានឲ្យហើយ ឯពលីទាំង៥ អាត្មាអញ បានធ្វើហើយ អ្នកមានសីល មានសេចក្តីសង្រួម មានព្រហ្មចរិយធម៌ អាត្មាអញ បានទំនុកបំរុងហើយ បណ្ឌិត កាលនៅគ្រប់គ្រងផ្ទះ គប្បីប្រាថ្នាភោគៈ ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ អាត្មាអញ បានសម្រេចហើយ កម្មដែលមិននាំឲ្យកើតសេចក្តីក្តៅក្រហាយ អាត្មាអញ បានធ្វើហើយ ជនអ្នកមានសេចក្តីស្លាប់ជាធម្មតា កាលរលឹកឃើញ នូវប្រយោជន៍នុ៎ះ រមែងឋិតនៅក្នុងអរិយធម៌ បណ្ឌិតទាំងឡាយ រមែងសរសើរជននោះ ក្នុងលោកនេះដោយពិត ជននោះ លុះលះលោកនេះទៅ រមែងត្រេកអរក្នុងឋានសួគ៌។