km:tipitaka:sut:an:04:sut.an.04.062

អានណ្យសូត្រ ទី២

សង្ខេប

សេរីភាព​​ពី​បំណុលទាំង ៤ យ៉ាង​​របស់​ឧបាសក​និង​ឧបាសិកា។

an 04.062 បាលី cs-km: sut.an.04.062 អដ្ឋកថា: sut.an.04.062_att PTS: ?

អានណ្យសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

អានដោយ ឧបាសក ស្រស់

(២. អានណ្យសុត្តំ)

[៦៣] គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី គិហិសុខ (សុខរបស់គ្រហស្ថ) នេះ មាន ៤ យ៉ាង ដែលគ្រហស្ថ អ្នកបរិភោគកាម អាស្រ័យនូវកាលតាមកាល នូវសម័យតាមសម័យ គប្បីបានសម្រេច។ សេចក្តីសុខ ៤ ប្រការ ដូចម្តេចខ្លះ។ គឺអត្ថិសុខ (សុខព្រោះចេះតែមាន) ១ ភោគសុខ (សុខព្រោះចេះប្រើប្រាស់) ១ អនណសុខ (សុខព្រោះមិនជំពាក់បំណុលគេ) ១ អនវជ្ជសុខ (សុខព្រោះមិនមានទោស) ១។ ម្នាលគហបតី ចុះអត្ថិសុខ តើដូចម្តេច។ ម្នាលគហបតី កុលបុត្រក្នុងលោកនេះ មានភោគៈ ដែលបានមក ដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌ កុលបុត្រនោះ រមែងបានសុខ រមែងបានសោមនស្សថា ភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌ របស់អាត្មាអញ មាន។ ម្នាលគហបតី នេះហៅថា អត្ថិសុខ។ ម្នាលគហបតី ចុះភោគសុខ តើដូចម្តេច។ ម្នាលគហបតី កុលបុត្រក្នុងលោកនេះ ប្រើប្រាស់ នូវភោគៈទាំងឡាយផង ធ្វើបុណ្យទាំងឡាយផង ដោយភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមកដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈ ប្រកបដោយធម៌ បានមកដោយធម៌ កុលបុត្រនោះ រមែងបានសុខ បានសោមនស្សដូច្នេះថា អាត្មាអញប្រើប្រាស់ភោគៈទាំងឡាយផង ធ្វើបុណ្យទាំងឡាយផង ដោយភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌។ ម្នាលគហបតី នេះហៅថា ភោគសុខ។ ម្នាលគហបតី ចុះអនណសុខ តើដូចម្តេច។ ម្នាលគហបតី កុលបុត្រក្នុងលោកនេះ មិនជំពាក់បំណុលអ្វីមួយ តិចក្តី ច្រើនក្តី របស់បុគ្គលណាមួយ កុលបុត្រនោះ រមែងបានសេចក្តីសុខ បានសោមនស្ស ដូច្នេះថា អាត្មាអញ មិនជំពាក់បំណុលអ្វីមួយ តិចក្តី ច្រើនក្តី របស់បុគ្គលណាមួយទេ។ ម្នាលគហបតី នេះហៅថា អនណសុខ។ ម្នាលគហបតី ចុះអនវជ្ជសុខ តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ អ្នកប្រកបដោយកាយកម្ម ឥតមានទោស ប្រកបដោយវចីកម្ម ឥតមានទោស ប្រកបដោយមនោកម្ម ឥតមានទោស អរិយសាវកនោះ រមែងបាន សុខ បានសោមនស្ស ដូច្នេះថា អាត្មាអញ ប្រកបដោយកាយកម្ម ឥតមានទោសទេ ប្រកបដោយវចីកម្ម ឥតមានទោសទេ ប្រកបដោយមនោកម្ម ឥតមានទោសទេ។ ម្នាលគហបតី នេះហៅថា អនវជ្ជសុខ។ ម្នាលគហបតី សេចក្តីសុខ ៤ យ៉ាងនេះឯង ដែលគ្រហស្ថអ្នកបរិភោគកាម អាស្រ័យនូវកាលតាមកាល នូវសម័យតាមសម័យ ហើយគប្បីបានសម្រេច ដោយប្រការដូច្នេះ។

បុគ្គលដឹងនូវសុខ ដែលមិនមានបំណុលក្តី រលឹកឃើញ នូវសុខ ដែលមានភោគៈក្តី ពិចារណាឃើញនូវសុខ ដែលកំពុងប្រើប្រាស់នូវភោគៈ ដោយប្រាជ្ញាក្តី កាលពិចារណាឃើញច្បាស់ រមែងដឹងនូវចំណែកទាំងពីរ ដោយប្រាជ្ញាដ៏ប្រពៃថា សុខ (ទាំង ៣) នុ៎ះ មិនដល់នូវចំណែកមួយ ក្នុងចំណែកទី ១៦ របស់អនវជ្ជសុខឡើយ។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.062.txt · ពេលកែចុងក្រោយ: 2023/11/30 18:28 និពន្ឋដោយ Johann