តើអ្នកត្រេកអរ មួយណា? រូប, សម្លេង, ក្លិន, រស នៅក្នុងកាម ឬក្នុងធម៌?
an 04.065 បាលី cs-km: sut.an.04.065 អដ្ឋកថា: sut.an.04.065_att PTS: ?
រូបសូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៥. រូបសុត្តំ)
[៦៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក ដូចម្តេចខ្លះ។ គឺបុគ្គលជ្រះថ្លាក្នុងរូប ឈ្មោះថា រូបប្បមាណ ១ ជ្រះថ្លាក្នុងសំឡេង ឈ្មោះថា ឃោសប្បមាណ ១ ជ្រះថ្លាក្នុងវត្ថុសៅហ្មង ឈ្មោះថា លូខប្បមាណ ១ ជ្រះថ្លាក្នុងធម៌ ឈ្មោះថា ធម្មប្បមាណ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។
ជនទាំងឡាយណា រាប់អានដោយរូប និយមទៅតាមសំឡេង លុះក្នុងអំណាច នៃឆន្ទរាគ ជនទាំងនោះ ឈ្មោះថា មិនដឹង (តាមពិត) បុគ្គលពាល អ្នកមានធម៌ជាគ្រឿងរារាំងដោយជុំវិញ រមែងមិនដឹងនូវគុណខាងក្នុង ទាំងមិនឃើញសេចក្តីប្រតិបត្តិខាងក្រៅ បុគ្គលពាលនោះ រមែងអណ្តែត (ចិត្ត) ទៅតាមសំឡេង។ មួយទៀត បុគ្គលពាល មិនដឹងនូវគុណខាងក្នុង តែឃើញច្បាស់ នូវសេចក្តីប្រតិបត្តិខាងក្រៅ បុគ្គលពាលនោះ ឈ្មោះថា ជាអ្នកឃើញផលខាងក្រៅ ជាប្រក្រតី រមែងអណ្តែត (ចិត្ត) ទៅតាមសំឡេង។ ឯជនដឹងច្បាស់នូវគុណខាងក្នុង ទាំងឃើញច្បាស់ នូវសេចក្តីប្រតិបត្តិជាខាងក្រៅ ជននោះ ឈ្មោះថា ជាអ្នកឃើញធម៌ ជាគ្រឿងប្រាសចាកនីវរណៈ ជាប្រក្រតី រមែងមិនអណ្តែត (ចិត្ត) ទៅតាមសំឡេងឡើយ។