«… លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសំឡាប់ខ្លួន។ …»
an 04.068 បាលី cs-km: sut.an.04.068 អដ្ឋកថា: sut.an.04.068_att PTS: ?
ទេវទត្តសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
សូមមើល ទេវទត្តវត្ថុ ដែរ។
អានដោយ ឧបាសិកា វិឡា
(៨. ទេវទត្តសុត្តំ)
[៦៩] សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ កាលទេវទត្តភិក្ខុ ចេញទៅមិនយូរប៉ុន្មាន។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ប្រារព្ធទេវទត្តភិក្ខុ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសំឡាប់ខ្លួន ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើម ចេកតែបញ្ចេញផ្លែមក ដើម្បីសំឡាប់ដើម តែបញ្ចេញផ្លែមក ដើម្បីសេចក្តីវិនាសយ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសំឡាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏ដូចគ្នាដែរ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឫស្សី បញ្ចេញផ្លែមក ដើម្បីសំឡាប់ដើម បញេ្ចញផ្លែមក ដើម្បីសេចក្តីវិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសំឡាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏ដូចគ្នាដែរ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមបបុស បញ្ចេញផ្លែមក ដើម្បីសំឡាប់ដើម បញ្ចេញផ្លែមក ដើម្បីសេចក្តីវិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសំឡាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏ដូចគ្នាដែរ។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេសេះអស្សតរ តែចាប់មានផ្ទៃឡើង ដើម្បីសំឡាប់ខ្លួន តែចាប់មានផ្ទៃឡើង ដើម្បីសេចក្តីវិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសំឡាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏ដូចគ្នាដែរ។
ផ្លែចេក រមែងសំឡាប់ដើមចេក ផ្លែឫស្សី រមែងសំឡាប់ដើមឫស្សី ផ្លែបបុស រមែងសំឡាប់ដើមបបុស សក្ការៈ រមែងសំឡាប់បុរសអាក្រក់ ដូចជាគភ៌ រមែងសំឡាប់មេសេះអស្សតរ។