km:tipitaka:sut:an:04:sut.an.04.069

បធានសូត្រ ទី៩

សង្ខេប

បធាន (សេចក្តីព្យាយាម) ៤ យ៉ាង។ ទិដ្ឋភាព​នៃ​ សេចក្ដី​ព្យាយាម​ត្រូវ

an 04.069 បាលី cs-km: sut.an.04.069 អដ្ឋកថា: sut.an.04.069_att PTS: ?

បធានសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៩. បធានសុត្តំ)

[៧០] ម្នាលភិក្ខុទាំងឡាយ បធាន (សេចក្តីព្យាយាម) នេះ មាន ៤ យ៉ាង។ បធាន ៤ យ៉ាង ដូចម្តេចខ្លះ។ សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១។ ម្នាលភិក្ខុទាំងឡាយ ចុះសំវរប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បណ្តុះឆន្ទៈ ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីញុំាងអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើងបាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សំវរប្បធាន។ ម្នាលភិក្ខុទាំងឡាយ ចុះបហានប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បណ្តុះឆន្ទៈ ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីលះបង់អកុសលធម៌ ដ៏លាមកទាំងឡាយ ដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បហានប្បធាន។ ម្នាលភិក្ខុទាំងឡាយ ចុះភាវនាបធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បណ្តុះឆន្ទៈ ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវនាបធាន។ ម្នាលភិក្ខុទាំងឡាយ អនុរក្ខនាបធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បណ្តុះឆន្ទៈ ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ដើម្បីឲ្យឋិតនៅ មិនឲ្យភ្លេចភ្លាំងទៅ ឲ្យចំរើនពេញលេញ ធំទូលាយ ក្រៃលែងឡើង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនុរក្ខនាបធាន។ ម្នាលភិក្ខុទាំងឡាយ បធាន មាន ៤ យ៉ាងនេះឯង។

សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១ បធាន ទាំង៤នុ៎ះ ព្រះពុទ្ធ ជាផៅពង្ស នៃព្រះអាទិត្យ ទ្រង់សំដែងហើយ ជាហេតុឲ្យភិក្ខុក្នុងសាសនានេះ ជាអ្នកមានព្យាយាម ជាគ្រឿងដុតកំដៅកិលេស គប្បីដល់នូវការអស់ទៅ នៃទុក្ខបាន។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.069.txt · ពេលកែចុងក្រោយ: 2024/11/20 04:32 និពន្ឋដោយ Johann