km:tipitaka:sut:an:04:sut.an.04.070

អធម្មិកសូត្រ ទី១០

សង្ខេប

អ្នក​ធ្លាប់​បាន​ដឹង ឬ​ទេ សិលាចារឹក​ខ្មែរ បាន​រំលឹក​អំពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧៖ “ទុក្ខ​សោក​របស់​ប្រជារា​ស្រ្ត​ជា​ទុក្ខ​កង្វល់ របស់​ព្រះអង្គ។” តើ​ប្រយោជន៍​អ្វី ដល់​អ្នក​ដឹក​នាំ​ប្រកប​ដោយ​ធម៌ ឬ​អធម៌?

an 04.070 បាលី cs-km: sut.an.04.070 អដ្ឋកថា: sut.an.04.070_att PTS: ?

អធម្មិកសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១០. អធម្មិកសុត្តំ)

[៧១] ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកព្រះរាជាមិនប្រកបដោយធម៌ សម័យនោះ ពួកខ្ញុំរាជការ ក៏មិនប្រកបដោយធម៌ដែរ ម្នាលភិក្ខុទាំងឡាយ កាលពួកអ្នករាជការ មិនប្រកបដោយធម៌ សម័យនោះ ពួកព្រាហ្មណ៍ និងគហបតី ក៏មិនប្រកបដោយធម៌ដែរ កាលពួកព្រាហ្មណ៍ និងគហបតី មិនប្រកបដោយធម៌ហើយ សម័យនោះ ពួកអ្នកនិគម និងអ្នកជនបទ ក៏មិនប្រកបដោយធម៌ដែរ កាលអ្នកនិគម និងអ្នកជនបទ មិនប្រកបដោយធម៌ ព្រះចន្រ្ទ និងព្រះអាទិត្យ ក៏គោចរទៅមិនស្មើដែរ កាលព្រះចន្រ្ទ និងព្រះអាទិត្យ គោចរទៅមិនស្មើ ពួកផ្កាយនក្ខត្តឫក្ស ក៏គោចរទៅមិនស្មើដែរ កាលពួកផ្កាយនក្ខត្តឫក្ស គោចរទៅមិនស្មើ យប់ និងថ្ងៃ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលយប់ និងថ្ងៃ ប្រព្រឹត្តទៅមិនស្មើ ខែ និងកន្លះខែ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលខែ និងកន្លះខែ ប្រព្រឹត្តទៅមិនស្មើ រដូវ និងឆ្នាំ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលរដូវ និងឆ្នាំ ប្រព្រឹត្តទៅមិនស្មើ ខ្យល់ក៏បក់មិនស្មើដែរ កាលខ្យល់បក់មិនស្មើ ខ្យល់បក់ខុសផ្លូវទាំងឡាយ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលខ្យល់បក់ខុសផ្លូវទាំងឡាយ ប្រព្រឹត្តទៅមិនស្មើ ទេវតាទាំងឡាយ ខឹងសម្បា កាលទេវតាទាំងឡាយ ខឹងសម្បា ភ្លៀង ក៏មិនបង្អុរទឹកភ្លៀងចុះមកដោយប្រពៃ កាលភ្លៀងមិនបង្អុរទឹកភ្លៀងចុះមក ដោយប្រពៃ ស្រូវទាំងឡាយ ក៏ឲ្យផលមិនស្មើល្អ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្ស កាលបរិភោគស្រូវឲ្យផលមិនស្មើ រមែងមានអាយុខ្លី មានសម្បុរអាក្រក់ មានកំឡាំងតិច មានអាពាធច្រើន។ ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកព្រះរាជា ប្រកបដោយធម៌ សម័យនោះ ពួកខ្ញុំរាជការ ក៏ប្រកបដោយធម៌ដែរ កាលបើពួកខ្ញុំរាជការ ប្រកបដោយធម៌ ក្នុងសម័យនោះ ពួកព្រាហ្មណ៍ និងគហបតី ក៏ប្រកបដោយធម៌ដែរ កាលពួកព្រាហ្មណ៍ និងគហបតី ប្រកបដោយធម៌ ក្នុងសម័យនោះ ពួកអ្នកនិគម និងអ្នកជនបទ ក៏ប្រកបដោយធម៌ដែរ កាលបើពួកអ្នកនិគម និងអ្នកជនបទ ប្រកបដោយធម៌ ព្រះចន្រ្ទ និងព្រះអាទិត្យ ក៏គោចរទៅស្មើដែរ កាលព្រះចន្រ្ទ និងព្រះអាទិត្យគោចរទៅស្មើ ពួកផ្កាយនក្ខត្តឫក្ស ក៏គោចរទៅស្មើដែរ កាលពួកផ្កាយនក្ខត្តឫក្ស គោចរទៅស្មើ យប់ និងថ្ងៃ ក៏ប្រព្រឹត្តទៅស្មើដែរ កាលយប់ និងថ្ងៃ ប្រព្រឹត្តទៅស្មើ ខែ និងកន្លះខែ ក៏ប្រព្រឹត្តទៅស្មើដែរ កាលខែ និងកន្លះខែ ប្រព្រឹត្តទៅស្មើ រដូវ និងឆ្នាំ ក៏ប្រព្រឹត្តទៅស្មើដែរ កាលរដូវ និងឆ្នាំ ប្រព្រឹត្តទៅស្មើ ខ្យល់ក៏បក់ស្មើដែរ កាលខ្យល់បក់ទៅស្មើ ផ្លូវខ្យល់ទាំងឡាយ ក៏ប្រព្រឹត្តទៅបានស្មើ កាលបើផ្លូវខ្យល់ទាំងឡាយស្មើ ពួកទេវតា ក៏មិនខឹងសម្បា កាលពួកទេវតា មិនខឹង សម្បា ភ្លៀងក៏បង្អុរទឹកភ្លៀងចុះមក ដោយប្រពៃ កាលភ្លៀងបង្អុរទឹកភ្លៀង ចុះមកដោយប្រពៃ ស្រូវក៏ឲ្យផលស្មើល្អ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងឡាយ កាលបរិភោគស្រូវ ដែលមានផលស្មើល្អ រមែងមានអាយុវែង មានសម្បុរល្អ មានកំឡាំង ព្រមទាំងមានអាពាធតិច។

បើគោទាំងឡាយ កំពុងឆ្លងទៅ គោមេហ្វូងនាំទៅកាន់ផ្លូវខុសកំពង់ កាលបើគោមេហ្វូង នាំទៅកាន់ផ្លូវខុសកំពង់ ពួកគោទាំងអស់នោះ ក៏នាំគ្នាទៅកាន់ផ្លូវខុសកំពង់ដែរ មានឧបមាយ៉ាងណា ក្នុងពួកមនុស្ស ក៏ដូច្នោះដែរ អ្នកណាដែលគេសន្មតថា ប្រសើរជាងគេ បើអ្នកនោះ ប្រព្រឹត្តមិនត្រូវតាមធម៌ និងបាច់និយាយទៅថ្វី ដល់ប្រជាជនដទៃឡើយ បើព្រះរាជាមិនប្រកបដោយធម៌ រាស្រ្ត ទាំងអស់ រមែងដេកកើតទុក្ខ។ កាលបើគោទាំងឡាយ កំពុងឆ្លងទៅ គោមេហ្វូង នាំទៅកាន់ផ្លូវត្រង់ កាលបើគោមេហ្វូង នាំទៅកាន់ផ្លូវត្រង់ គោទាំងអស់នោះ រមែងទៅកាន់ផ្លូវត្រង់ដែរ មានឧបមាយ៉ាងណា ក្នុងពួកមនុស្ស ក៏ដូច្នោះដែរ អ្នកណាដែលគេសន្មតថា ប្រសើរជាងគេ បើអ្នកនោះ ប្រព្រឹត្តតាមធម៌ និងបាច់និយាយទៅថ្វី ដល់ប្រជាជនដទៃ បើព្រះរាជាប្រកបដោយធម៌ រាស្រ្តទាំងអស់ រមែងដេកនៅជាសុខ។

ចប់ បត្តកម្មវគ្គ ទី២។

ឧទ្ទាននៃបត្តកម្មវគ្គនោះគឺ

និយាយអំពីកម្មដ៏គួរ ១ អំពីសេចក្តីសុខ មានការមិនជំពាក់បំណុលជាដើម ១ អំពីត្រកូលប្រកបដោយឋានៈជាព្រហ្មជាដើម ១ អំពីបុគ្គលធ្លាក់ទៅក្នុងនរក ១ អំពីរូបប្បមាណបុគ្គល ជាដើម ជាគំរប់ប្រាំ ១ អំពីបុគ្គលប្រកបដោយរាគៈ ជាដើម ១ អំពីពស់ចឹកភិក្ខុ ១ អំពីទេវទត្ត ១ អំពីបធានបួន ១ អំពីអធម្មិករាជ ១។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.070.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann