(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 04.085 បាលី cs-km: sut.an.04.085 អដ្ឋកថា: sut.an.04.085_att PTS: ?
តមោតមសូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៥. តមោតមសុត្តំ)
[៨៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលងងឹត មានងងឹតទៅខាងមុខទៀត ១ បុគ្គលងងឹត មានពន្លឺទៅខាងមុខ ១ បុគ្គលភ្លឺ មានងងឹតទៅខាងមុខវិញ ១ បុគ្គលភ្លឺ មានពន្លឺទៅខាងមុខទៀត ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលងងឹត មានងងឹតទៅខាងមុខទៀត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលថោកទាប គឺ ត្រកូលចណ្ឌាល ត្រកូលអ្នកត្បាញផែង ត្រកូលអ្នកនេសាទ ត្រកូលអ្នកធ្វើរថ ត្រកូលអ្នកចោលសម្រាម ឬត្រកូលកំសត់ ដែលមានបាយ ទឹក និងភោជនតិច ប្រព្រឹត្តចិញ្ចឹមជីវិតបានដោយលំបាក ដែលជាត្រកូលរកអាហារសម្រាប់បរិភោគ និងសំពត់សម្រាប់បិទបាំង បានដោយត្រដាបត្រដួស។ បុគ្គលនោះ ជាអ្នកមានសម្បុរអាក្រក់ មានរូបឆោមអាក្រក់ ជាមនុស្សតឿ មានអាពាធច្រើន ខ្វាក់ ក្ងែង ខ្ចក ខ្វិន ជាអ្នកមិនសូវបានបាយទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប។ បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងងឹត មានងងឹតទៅខាងមុខទៀត យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលងងឹត តែមានពន្លឺទៅខាងមុខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលថោកទាប គឺត្រកូលចណ្ឌាល ត្រកូលអ្នកត្បាញផែង ត្រកូលអ្នកនេសាទ ត្រកូលអ្នកធ្វើរថ ត្រកូលអ្នកចោលសម្រាម ឬត្រកូលកំសត់ ដែលមានបាយទឹក និងភោជនតិច ប្រព្រឹត្តចិញ្ចឹមជីវិតបានដោយលំបាក ជាត្រកូលរកអាហារសម្រាប់បរិភោគ និងសំពត់សម្រាប់បិទបាំង បានដោយត្រដាប ត្រដួស។ បុគ្គលនោះ ជាអ្នកមានសម្បុរអាក្រក់ មានរូបឆោមអាក្រក់ ជាមនុស្សតឿ មានអាពាធច្រើន ខ្វាក់ ក្ងែង ខ្ចក ឬខ្វិន ជាអ្នកមិនសូវបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប។ ប៉ុន្តែបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ទេវលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងងឹត តែមានពន្លឺទៅខាងមុខយ៉ាង នេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលភ្លឺ តែមានងងឹតទៅខាងមុខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូល ខត្តិយ មហាសាល ឬត្រកូលញ្រហ្មណ៍មហាសាល និងត្រកូលគហបតិមហាសាល ដែលជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីតេ្រកអរច្រើន មានស្រូវជាទ្រព្យច្រើន បុគ្គលនោះ រមែងមានរូបល្អ គួរពិតពិលរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយរូបឆោមល្អក្រៃលែង ជាអ្នកបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប ជាប្រក្រតី។ ប៉ុន្តែបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលភ្លឺ តែមានងងឹតទៅខាងមុខ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលភ្លឺ មានពន្លឺទៅខាងមុខទៀត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល ឬត្រកូលញ្រហ្មណមហាសាល និងត្រកូលគហបតិមហាសាល ដែលជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ ជាទីត្រេកអរច្រើន មានស្រូវជាទ្រព្យច្រើន បុគ្គលនោះ ជាអ្នកមានរូបល្អ គួរពិតពិលរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយរូបឆោម ល្អក្រៃលែង ជាអ្នកបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿង ក្រអូប គ្រឿងលាបផ្សេង ៗ ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប ជាប្រក្រតី។ បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិត ដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើត ក្នុងសុគតិសួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលភ្លឺ មានពន្លឺ ទៅខាងមុខទៀត យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។