km:tipitaka:sut:an:04:sut.an.04.087

បុត្តសូត្រ ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.087 បាលី cs-km: sut.an.04.087 អដ្ឋកថា: sut.an.04.087_att PTS: ?

បុត្តសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៧. បុត្តសុត្តំ)

[៨៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺសមណៈមិនរំភើប ១ សមណៈឈូកស ១ សមណៈឈូកក្រហម ១ សមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈមិនរំភើប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសេក្ខៈ អ្នកប្រតិបត្តិប្រាថ្នានូវធម៌ ជាគ្រឿងក្សេមចាកយោគៈដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចព្រះរាជបុត្រច្បង របស់ខត្តិយរាជ ដែលបានមុទ្ធាភិសេកហើយ ជាព្រះរាជកុមារ គួរនឹងអភិសេក តែមិនទាន់អភិសេកនៅឡើយ តែងដល់នូវសេចក្តីមិនរំភើប (ចំពោះការអភិសេក) យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខៈ អ្នកប្រតិបត្តិ ប្រាថ្នានូវធម៌ ជាគ្រឿងក្សេមចាកយោគៈ ដ៏ប្រសើរ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈមិនរំភើប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជា សមណៈឈូកស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន តែមិនទាន់ពាល់ត្រូវ នូវវិមោក្ខ ៨ ដោយនាមកាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈឈូកក្រហម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញា ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ទាំងបានពាល់ត្រូវ នូវវិមោក្ខ ៨ ដោយនាមកាយទៀតផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកក្រហម យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បើទាយកអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច បើទាយកអង្វរ ទើបឆាន់បិណ្ឌបាតច្រើន បើគេមិនអង្វរទេ ក៏ឆាន់តិច បើទាយកអង្វរ ទើបប្រើប្រាស់សេនាសនៈច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច បើទាយកអង្វរ ទើបឆាន់គិលានប្បច្ច័យភេសជ្ជបរិក្ខារច្រើន បើគេមិនអង្វរទេ ក៏ឆាន់តិច។ បើភិក្ខុនោះ នៅជាមួយនឹងសព្រហ្មចារីបុគ្គលទាំងឡាយណា សព្រហ្មចារីបុគ្គលទាំងនោះ តែងប្រព្រឹត្តកិច្ចការច្រើន ដោយកាយកម្ម ជាទីគាប់ចិត្តនៃភិក្ខុនោះ ដែលមិនជាទីគាប់ចិត្តតិច តែងប្រព្រឹត្តកិច្ចការច្រើន ដោយវចីកម្ម ជាទីគាប់ចិត្ត ដែលមិនជាទីគាប់ចិត្តតិច តែងប្រព្រឹត្តកិច្ចការច្រើន ដោយមនោកម្ម ជាទីគាប់ចិត្ត ដែលមិនជាទីគាប់ចិត្តតិច តែងប្រគេន នូវគ្រឿងបូជាច្រើន ជាទីគាប់ចិត្ត ដែលមិនជាទីគាប់ចិត្តតិច។ មួយទៀត វេទនាទាំងឡាយណា កើតអំពីប្រម៉ាត់ក្តី កើតអំពីស្លេស្មក្តី កើតអំពីខ្យល់ក្តី កើតអំពីសន្និបាត គឺការកម្រើកប្រម៉ាត់ ស្លេស្ម និងខ្យល់ប្រជុំគ្នាក្តី កើតអំពីរដូវប្រែប្រួលក្តី កើតអំពីការផ្លាស់ប្តូរឥរិយាបថ មិនស្មើគ្នាក្តី កើតអំពីសេចក្តីព្យាយាម (របស់អ្នកឯទៀត មានការចាប់ចង វាយកាប់ ជាដើម) ក្តី កើតអំពីវិបាក នៃកម្មក្តី វេទនាទាំងអស់នោះ មិនកើតឡើងច្រើន ដល់ភិក្ខុនោះ ៗ ជាអ្នកមានអាពាធតិច ជាអ្នកបានមិនបាច់ប្រាថ្នា បានមិនលំបាក បានមិនត្រដាបត្រដួល នូវឈានទាំង ៤ ដែលកើតអំពីអធិចិត្ត ជាគ្រឿង នៅជាសុខ ក្នុងបច្ចុប្បន្ន តែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកផង ពោលសរសើរ បុគ្គលណាថា ជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលពោលសរសើរបុគ្គលនោះ ក៏ត្រូវត្រង់តថាគតហ្នឹងឯង ថាជាសមណៈចំរើនដោយសុខ ក្នុងពួកសមណៈ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា តថាគត បើទាយកអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច បើទាយកអង្វរ ទើបឆាន់បិណ្ឌបាតច្រើន បើគេមិនអង្វរទេ ក៏ឆាន់តិច បើទាយកអង្វរ ទើបប្រើប្រាស់សេនាសនៈច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច បើទាយកអង្វរ ទើបឆាន់គិលានប្បច្ចយភេសជ្ជបរិក្ខារច្រើន បើគេមិនបានអង្វរទេ ក៏ឆាន់តិច។ បើតថាគតនៅជាមួយនឹងភិក្ខុទាំងឡាយណា ភិក្ខុទាំងនោះ តែងប្រព្រឹត្តកិច្ចការច្រើន ដោយកាយកម្មជាទីគាប់ចិត្តនៃតថាគត ដែល មិនជាទីគាប់ចិត្តតិច តែងប្រព្រឹត្តកិច្ចការច្រើន ដោយវចីកម្មជាទីគាប់ចិត្ត ដែលមិនជាទីគាប់ចិត្តតិច តែងប្រព្រឹត្តកិច្ចការច្រើន ដោយមនោកម្មជាទីគាប់ចិត្ត ដែលមិនជាទីគាប់ចិត្តតិច តែងប្រគេន នូវគ្រឿងបូជាច្រើន ជាទីគាប់ចិត្ត ដែលមិនជាទីគាប់ចិត្តតិច។ មួយទៀត វេទនាទាំងឡាយណា កើតអំពីប្រម៉ាត់ក្តី កើតអំពីស្លេស្មក្តី កើតអំពីខ្យល់ក្តី កើតអំពីសន្និបាត គឺការកម្រើកប្រម៉ាត់ ស្លេស្ម និងខ្យល់ប្រជុំគ្នាក្តី កើតអំពីរដូវប្រែប្រួលក្តី កើតអំពីការផ្លាស់ប្តូរឥរិយាបថមិនស្មើគ្នាក្តី កើតអំពីសេចក្តីព្យាយាម (របស់អ្នកឯទៀត មានការចាប់ចង វាយកាប់ ជាដើម) ក្តី កើតអំពីវិបាក នៃកម្មក្តី វេទនាទាំងអស់នោះ មិនកើតឡើងច្រើន ដល់តថាគតឡើយ តថាគត ជាអ្នកមានអាពាធតិច ជាអ្នកបានមិនបាច់ប្រាថ្នា បានមិនលំបាក បានមិនត្រដាបត្រដួស នូវឈាន ៤ ដែលកើតអំពីអធិចិត្ត ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកផង ពោលសរសើរបុគ្គលណាថា ជាសមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ម្នាលភិក្ខុទាំងឡាយ អ្នកផង ដែលគេពោលសរសើរបុគ្គលនោះ ក៏ត្រូវត្រង់តថាគតហ្នឹងឯង ជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.087.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann