សមណៈ ៤ ពួក តាមសញ្ញោជនៈ។
an 04.088 បាលី cs-km: sut.an.04.088 អដ្ឋកថា: sut.an.04.088_att PTS: ?
សំយោជនសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៨. សំយោជនសុត្តំ)
[៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺសមណៈមិនរំភើប ១ សមណៈឈូកស ១ សមណៈឈូកក្រហម ១ សមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈ មិនរំភើប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសោតាបន្នបុគ្គល មិនបានធ្លាក់ចុះ ក្នុងអបាយជាធម្មតា ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ព្រោះអស់សញ្ញោជនៈ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈ មិនរំភើប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈឈូកស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសកទាគាមិបុគ្គល ព្រោះអស់សញ្ញោជនៈ ៣ ទាំងមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង មកកាន់លោកនេះម្តងទៀត ទើបធ្វើនូវទីបំផុត នៃទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈឈូកក្រហម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាឱបបាតិកៈកំណើត រលត់កិលេសក្នុងទីនោះ មិនបានត្រឡប់ចាកលោកនោះមកវិញទេ ព្រោះអស់ឱរម្ភាគិយសញ្ញោជនៈ ទាំង៥។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកក្រហមយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។