សមណៈ ៤ ពួក។
an 04.089 បាលី cs-km: sut.an.04.089 អដ្ឋកថា: sut.an.04.089_att PTS: ?
សម្មាទិដ្ឋិសូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៩. សម្មាទិដ្ឋិសុត្តំ)
[៩០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺសមណៈមិនរំភើប ១ សមណៈឈូកស ១ សមណៈឈូកក្រហម ១ សមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈមិនរំភើប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីយល់ឃើញត្រូវ មានសេចក្តីត្រិះរិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការចិញ្ចឹមជីវិតត្រូវ មានព្យាយាមត្រូវ មានស្មារតីត្រូវ មានការដម្កល់ចិត្តត្រូវ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈមិនរំភើប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈឈូកស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីយល់ត្រូវ មានសេចក្តីត្រិះរិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការចិញ្ចឹមជីវិតត្រូវ មានព្យាយាមត្រូវ មានស្មារតីត្រូវ មានការដម្កល់ចិត្តត្រូវ មានការដឹងត្រូវ មានការរួចចាកកិលេសត្រូវ តែមិនទាន់បានពាល់ត្រូវ នូវវិមោក្ខ ៨ ដោយនាមកាយទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈឈូកក្រហម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីយល់ត្រូវ។បេ។ មានការដឹងត្រូវ មានការរួចចាកកិលេសត្រូវ ទាំងបានពាល់ត្រូវ នូវវិមោក្ខ ៨ ដោយនាមកាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកក្រហម យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បើ គេអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកផងកាលបើពោលសរសើរបុគ្គលណា ថាជាសមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលពោលសរសើរបុគ្គលនោះ ក៏ត្រូវត្រង់តថាគតហ្នឹងឯង ថាជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ។ ម្នាលភិក្ខុទាំង ឡាយ ព្រោះថា តថាគត បើគេអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។