km:tipitaka:sut:an:04:sut.an.04.090

ខន្ធសូត្រ ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.090 បាលី cs-km: sut.an.04.090 អដ្ឋកថា: sut.an.04.090_att PTS: ?

ខន្ធសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. ខន្ធសុត្តំ)

[៩១] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺសមណៈមិនរំភើប ១ សមណៈឈូកស ១ សមណៈឈូកក្រហម ១ សមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈមិនរំភើប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសេក្ខបុគ្គល ជាអ្នកមានសេចក្តីប្រាថ្នាក្នុងចិត្ត មិនទាន់បានសម្រេច រមែងប្រាថ្នានូវធម៌ ជាគ្រឿងក្សេម ចាកយោគៈដ៏ប្រសើរ គឺព្រះនិញ្វន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈ មិនរំភើប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាសមណៈឈូកស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងពិចារណាឃើញ នូវការកើតឡើង និងការវិនាសទៅវិញ ក្នុងឧបាទានក្ខន្ធ ៥ ថា រូប ដូច្នេះ ហេតុជាទីកើតនៃរូប ដូច្នេះ ការវិនាសទៅនៃរូប ដូច្នេះ វេទនា ដូច្នេះ… សញ្ញា ដូច្នេះ… សង្ខារ ដូច្នេះ… វិញ្ញាណ ដូច្នេះ ហេតុជាទីកើត នៃវិញ្ញាណ ដូច្នេះ ការវិនាសទៅ នៃវិញ្ញាណ ដូច្នេះ តែមិនបានពាល់ត្រូវនូវវិមោក្ខ ៨ ដោយនាមកាយទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាសមណៈឈូកក្រហម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងពិចារណា នូវការកើត និងការវិនាសទៅ ក្នុងឧបាទានក្ខន្ធ ៥ ថា រូប ដូច្នេះ ហេតុជាទីកើត នៃរូបដូច្នេះ ការរលត់ទៅនៃរូប ដូច្នេះ វេទនា ដូច្នេះ… សញ្ញា ដូច្នេះ… សង្ខារ ដូច្នេះ… វិញ្ញាណ ដូច្នេះ ហេតុជាទីកើត នៃវិញ្ញាណ ដូច្នេះ ការរលត់នៃវិញ្ញាណ ដូច្នេះ ទាំងបានពាល់ត្រូវ នូវវិមោក្ខ ៨ ដោយនាមកាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកក្រហម យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បើគេអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកផងពោលសរសើរបុគ្គលណា ថាជាសមណៈ ចំរើននដោយសុខ ក្នុងពួកសមណៈ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលពោលសរសើរបុគ្គលនោះ ក៏ត្រូវត្រង់តថាគតហ្នឹងឯង ថាជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា តថាគត បើគេអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់ចីវរតិច។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។

ចប់ មចលវគ្គ ទី៤។

ឧទ្ទាននៃមចលវគ្គនោះគឺ

និយាយអំពីបាណាតិបាត ជាដើម ១ អំពីមុសាវាទ ជាដើម ១ អំពីបុគ្គលពោលសរសើរគុណ ១ អំពីបុគ្គលធ្ងន់ ក្នុងសេចក្តីក្រោធ ១ អំពីបុគ្គលងងឹត ១ អំពីបុគ្គលទាប ១ អំពីសេក្ខភិក្ខុ ប្រៀបដោយព្រះរាជបុត្រ ១ អំពីសញ្ញោជនៈ ១ អំពីភិក្ខុជាអ្នកយល់ត្រូវ ជាដើម ១ អំពីភិក្ខុជាអ្នកពិចារណា ក្នុងឧបាទានក្ខន្ធ ១ រួមទាំងអស់នោះ ត្រូវជា ១០។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.090.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann