km:tipitaka:sut:an:04:sut.an.04.093

ទុតិយសមាធិសូត្រ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.093 បាលី cs-km: sut.an.04.093 អដ្ឋកថា: sut.an.04.093_att PTS: ?

ទុតិយសមាធិសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. ទុតិយសមាធិសុត្តំ)

[៩៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវចេតោសមថៈ ខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈ ខាងក្នុងសន្តាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាននូវចេតោសមថៈ ខាងក្នុងសន្តានផង មិនបាននូវអធិប្បញ្ញាធម្មវិបស្សនាផង ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ១។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណាដែលបាន នូវចេតោសមថៈ ខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនាទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីតាំងនៅក្នុងចេតោសមថៈ ខាងក្នុងសន្តាន ហើយធ្វើសេចក្តីព្យាយាម ក្នុងអធិប្បញ្ញាធម្មវិបស្សនា លុះសម័យខាងក្រោយមក បុគ្គលនោះ រមែងបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គល ទាំង ៤ ពួកនោះ បុគ្គលណា បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈ ខាងក្នុងសន្តានទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីតាំងនៅក្នុងអធិប្បញ្ញាធម្មវិបស្សនា ហើយធ្វើសេចក្តីព្យាយាម ក្នុងចេតោសមថៈ ខាងក្នុងសន្តាន លុះសម័យខាងក្រោយមក បុគ្គលនោះ រមែងបាននូវអធិប្បញ្ញាធម្មវិបស្សនាផង បាននូវចេតោសមថៈ ខាងក្នុងសន្តានផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង៤ ពួកនោះ បុគ្គលណា មិនបាននូវចេតោសមថៈ ខាងក្នុងសន្តានផង មិនបាននូវអធិប្បញ្ញាធម្មវិបស្សនាផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីធ្វើសេចក្តីប៉ុនប៉ង សេចក្តីព្យាយាម សេចក្តីខ្មីឃ្មាត សេចក្តីប្រឹងប្រែង សេចក្តីមិនរួញរា សតិ និងសម្បជញ្ញៈដ៏ក្រៃលែង ដើម្បីឲ្យបានសម្រេច នូវកុសលធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូច បុគ្គលមានភ្លើងឆេះសំពត់ ឬមានភ្លើងឆេះក្បាល គប្បីធ្វើសេចក្តីប៉ុនប៉ង សេចក្តីព្យាយាម សេចក្តីខ្មីឃ្មាត សេចក្តីប្រឹងប្រែង សេចក្តីមិនរួញរា សតិ និងសម្បជញ្ញៈដ៏ក្រៃលែង ដើម្បីលត់នូវសំពត់ ឬ ក្បាលនោះ ៗ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីធ្វើសេចក្តីប៉ុនប៉ង សេចក្តីព្យាយាម សេចក្តីខ្មីឃ្មាត សេចក្តីប្រឹងប្រែង សេចក្តីមិនរួញរា សតិ និងសម្បជញ្ញៈដ៏ក្រៃលែង ដើម្បីឲ្យបានសម្រេចនូវកុសលធម៌ទាំងនោះ ក៏ដូច្នោះដែរ លុះសម័យខាងក្រោយមក បុគ្គលនោះ រមែងបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គល ៤ ពួកនោះ បុគ្គលណា បាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីតាំងនៅស៊ប់ ក្នុងកុសលធម៌ទាំងនោះ ហើយធ្វើសេចក្តីព្យាយាម ដើម្បីឲ្យអស់ទៅ នៃអាសវៈ តទៅទៀត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.093.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann