km:tipitaka:sut:an:04:sut.an.04.094

តតិយសមាធិសូត្រ ទី៤

សង្ខេប

តើ​​គួរ​​ស្វែង​​រក​​អ្វី​​ដែល​​ខ្លួន​​ពេញ​ចិត្ត ឬ​​របស់​​ដែល​​មិន​​ទាន់​អភិវឌ្ឍ? សមថៈ ឬ វិបស្សនា?

an 04.094 បាលី cs-km: sut.an.04.094 អដ្ឋកថា: sut.an.04.094_att PTS: ?

តតិយសមាធិសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៤. តតិយសមាធិសុត្តំ)

[៩៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បាននូវចេតោសមថៈ ខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈ ខាងក្នុងសន្តាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាននូវចេតោសមថៈ ខាងក្នុងសន្តាន ទាំងមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ១។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា បាននូវចេតោសមថៈ ខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីចូលទៅរកបុគ្គល ដែលបាននូវអធិប្បញ្ញាធម្មវិបស្សនា ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ សង្ខារទាំងឡាយ គេត្រូវឃើញដូចម្តេច សង្ខារទាំងឡាយ គេត្រូវពិចារណាយ៉ាងណា សង្ខារទាំងឡាយ គេត្រូវឃើញច្បាស់ ដោយហេតុដូចម្តេច។ ភិក្ខុនោះ ក៏ដោះស្រាយ តាមដែលខ្លួនធ្លាប់យល់ តាមដែលខ្លួនធ្លាប់ដឹងមក ចំពោះភិក្ខុនោះថា ម្នាលអាវុសោ សង្ខារទាំងឡាយ គេត្រូវឃើញយ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវពិចារណាយ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវឃើញច្បាស់យ៉ាងនេះ ឯភិក្ខុនោះ លុះសម័យខាងក្រោយមក រមែងបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវ ចេតោសមថៈ ខាងក្នុងសន្តាន ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីចូលទៅរកបុគ្គល ដែលបាននូវចេតោសមថៈ ខាងក្នុងសន្តាន ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ ចិត្ត គេត្រូវដម្កល់ ដូចម្តេច ចិត្ត គេត្រូវពត់ដូចម្តេច ចិត្ត គេត្រូវធ្វើឲ្យមានអារម្មណ៍ខ្ពស់ឯកដូចម្តេច ចិត្ត គេត្រូវតាំងឲ្យនឹងធឹង ដូចម្តេច។ ភិក្ខុនោះ ក៏ដោះស្រាយ តាមដែល ខ្លួនធ្លាប់យល់ តាមដែលខ្លួនធ្លាប់ដឹងមក ចំពោះភិក្ខុនោះថា ម្នាលអាវុសោ ចិត្តគេត្រូវដម្កល់យ៉ាងនេះ ចិត្ត គេត្រូវពត់យ៉ាងនេះ ចិត្តគេត្រូវធ្វើឲ្យមានអារម្មណ៍ខ្ពស់ឯកយ៉ាងនេះ ចិត្តគេត្រូវតាំងឲ្យនឹងធឹង យ៉ាងនេះ ឯភិក្ខុនោះ លុះសម័យខាងក្រោយមក រមែងបាននូវអធិប្បញ្ញាធម្មវិបស្សនាផង បាននូវចេតោសមថៈ ខាងក្នុងសន្តានផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា មិនបាននូវចេតោសមថៈ ខាងក្នុងសន្តានផង ទាំងមិនបាន នូវអធិប្បញ្ញាធម្មវិបស្សនាផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីចូលទៅរកបុគ្គល ដែលបាននូវចេតោសមថៈ ខាងក្នុងសន្តាន ទាំងបាននូវអធិប្បញ្ញាធម្មវិបស្សនា ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ ចិត្តគេត្រូវដម្កល់ដូចម្តេច ចិត្តគេត្រូវពត់ដូចម្តេច ចិត្តគេត្រូវធ្វើឲ្យមានអារម្មណ៍ខ្ពស់ឯក ដូចម្តេច ចិត្តគេត្រូវតាំងឲ្យនឹងធឹងដូចម្តេច សង្ខារទាំងឡាយ គេត្រូវឃើញដូចម្តេច សង្ខារទាំងឡាយ គេត្រូវពិចារណាដូចម្តេច សង្ខារទាំងឡាយ គេត្រូវឃើញច្បាស់ដូចម្តេច។ ភិក្ខុនោះ ក៏ដោះស្រាយ តាមដែលខ្លួនធ្លាប់យល់ តាមដែលខ្លួនធ្លាប់ដឹងមក ចំពោះភិក្ខុនោះថា ម្នាលអាវុសោ ចិត្តគេត្រូវដម្កល់ យ៉ាងនេះ ចិត្តគេត្រូវពត់យ៉ាងនេះ ចិត្តគេត្រូវធ្វើឲ្យមានអារម្មណ៍ខ្ពស់ឯកយ៉ាងនេះ ចិត្តគេត្រូវតាំងឲ្យនឹងធឹងយ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវឃើញយ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវពិចារណាយ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវឃើញច្បាស់យ៉ាងនេះ ភិក្ខុនោះ លុះសម័យខាងក្រោយមក រមែងបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា បាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីតាំងនៅ ក្នុងធម៌ជាកុសលទាំងនោះ ហើយធ្វើសេចក្តីព្យាយាម ដើម្បីឲ្យអស់អាសវៈ តទៅទៀត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ពួកនេះ រមែងមាននៅក្នុងលោក។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.094.txt · ពេលកែចុងក្រោយ: 2023/08/20 08:34 និពន្ឋដោយ Johann