km:tipitaka:sut:an:04:sut.an.04.095

ឆវាលាតសូត្រ ទី៥

សង្ខេប

ព្រះ​សម្មាសម្ពុទ្ធ​​ទ្រង់​​ប្រទាន​​ចំណាត់​ថ្នាក់ ​អំពី​​ប្រយោជន៍ ​៤​​យ៉ាង ​ក្នុង​​កម្ម។ ជួយ​ខ្លួន​ឯង​ជា​មុន (ក្នុង​ការ​ធ្វើ​ល្អ) ពូកែ​ជួយ​អ្នក​ដទៃ​ជា​មុន។ សេចក្តី​លម្អិត​អំពី​បុគ្គល ៤យ៉ាង ឃើញនៅ​សិក្ខាបទសូត្រ និង​ទៀត ក្នុងអសុរវគ្គ

an 04.095 បាលី cs-km: sut.an.04.095 អដ្ឋកថា: sut.an.04.095_att PTS: ?

ឆវាលាតសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៥. ឆវាលាតសុត្តំ)

[៩៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ១ បុគ្គល ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង ១។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអង្កត់ឧសដុតខ្មោច ដែលភ្លើងឆេះរន្ទាល ទាំងសងខាង មានលាមកប្រលាក់ត្រង់កណ្តាល រមែងមិនសម្រេចជាឧស ក្នុងស្រុកបាន ទាំងមិនសម្រេចជាឧសក្នុងព្រៃបាន មានឧបមាយ៉ាងណា មិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជាអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា ប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន បណ្តាបុគ្គលទាំងពីរនេះ បុគ្គលនេះ ចាត់ថាល្អជាង ប្រសើរជាង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ បណ្តាបុគ្គលទាំងបីនេះ បុគ្គលនេះ ចាត់ថាល្អជាង ប្រសើរជាង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង បណ្តាបុគ្គលទាំង ៤ នេះ បុគ្គលនេះ ចាត់ថា ជាអ្នកលើសលុប ជាចម្បង ជាប្រធាន ឧត្តម ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចទឹកដោះស្រស់ ចេញមកអំពីមេគោ ទឹកដោះជូរ ក្លាយមកអំពីទឹកដោះស្រស់ ទឹកដោះខាប់ ក្លាយមកអំពីទឹកដោះជូរ ទឹកដោះថ្លា ក្លាយមកអំពីទឹកដោះខាប់ ដុំនៃទឹកដោះថ្លា ក្លាយមកអំពីទឹកដោះថ្លា បណ្តាទឹកដោះទាំងនោះ ដុំនៃទឹកដោះថ្លា ប្រាកដថាប្រសើរជាង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង បណ្តាបុគ្គលទាំង ៤ នេះ បុគ្គលនេះ ចាត់ថាជាអ្នកលើសលុប ជាចម្បង ជាប្រធាន ឧត្តម ប្រសើរ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.095.txt · ពេលកែចុងក្រោយ: 2023/09/08 14:40 និពន្ឋដោយ Johann