km:tipitaka:sut:an:04:sut.an.04.096

រាគវិនយសូត្រ ទី៦

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.096 បាលី cs-km: sut.an.04.096 អដ្ឋកថា: sut.an.04.096_att PTS: ?

រាគវិនយសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៦. រាគវិនយសុត្តំ)

[៩៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ១ បុគ្គលមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ១ បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រតិបត្តិ ដើម្បកំចាត់បង់រាគៈចំពោះខ្លួន តែមិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់រាគៈ ជាអ្នកប្រតិបត្តិ ដើម្បីកំចាត់បង់ទោសៈ ចំពោះខ្លួន តែមិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់ទោសៈ ជាអ្នកប្រតិបត្តិ ដើម្បីកំចាត់បង់មោហៈ ចំពោះខ្លួន មិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់មោហៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនប្រតិបត្តិ ដើម្បីកំចាត់រាគៈចំពោះខ្លួន តែបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់រាគៈ មិនប្រតិបត្តិ ដើម្បីកំចាត់ទោសៈចំពោះខ្លួន តែបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់ទោសៈ មិនប្រតិបត្តិ ដើម្បីកំចាត់បង់មោហៈ ចំពោះខ្លួន តែបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់មោហៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនប្រតិបត្តិ ដើម្បីកំចាត់បង់រាគៈចំពោះខ្លួន ទាំងមិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់រាគៈ មិនប្រតិបត្តិ ដើម្បីកំចាត់បង់ ទោសៈចំពោះខ្លួន ទាំងមិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់ទោសៈ ជាអ្នកមិនប្រតិបត្តិ ដើម្បីកំចាត់បង់មោហៈចំពោះខ្លួន ទាំងមិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់មោហៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រតិបត្តិ ដើម្បីកំចាត់បង់រាគៈចំពោះខ្លួនផង បបួលអ្នកដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់រាគៈផង ជាអ្នកប្រតិបត្តិ ដើម្បីកំចាត់បង់ទោសៈចំពោះខ្លួនផង បបួលអ្នកដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់ទោសៈផង ជាអ្នកប្រតិបត្តិ ដើម្បីកំចាត់បង់មោហៈចំពោះខ្លួនផង បបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់មោហៈផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.096.txt · ពេលកែចុងក្រោយ: 2023/09/08 04:06 និពន្ឋដោយ Cheav Villa