km:tipitaka:sut:an:04:sut.an.04.099

សិក្ខាបទសូត្រ ទី៩

សង្ខេប

បុគ្គល​ដែល​មិន​ជួយ ឬ​ជួយ​អ្នក​ដទៃ ឬ​ជួយ​ខ្លួន​ឯង ឬ​ទាំង​ពីរ។ សម្រាប់​ចំណាត់​ថ្នាក់​សូម​មើល ឆវាលាតសូត្រ។ ល្អ​បំផុត​ប្រសិន​បើ​អ្នក​ធ្វើ​តាមសីល ហើយ​ផ្សេងទៀតធ្វើតាម​ផង​ដែរ បើអាច​បាទ។ ស្រដៀង​គ្នា​សម្រាប់​ផ្លូវ​ទាំង​មូល​។ សូមមើល រាគវិនយសូត្រ

an 04.099 បាលី cs-km: sut.an.04.099 អដ្ឋកថា: sut.an.04.099_att PTS: ?

សិក្ខាបទសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៩. សិក្ខាបទសុត្តំ)

[១០០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ១ បុគ្គល អ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍ អ្នកដទៃផង ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាត ជាអ្នកវៀរចាកអទិន្នាទាន ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកអទិន្នាទាន ជាអ្នកវៀរចាកកាមេសុមិច្ឆាចារ ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកកាមេសុមិច្ឆាចារ ជាអ្នកវៀរចាកមុសាវាទ ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកមុសាវាទ ជាអ្នកវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនវៀរចាកបាណាតិបាត ចំពោះខ្លួន តែបបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាត។បេ។ ជាអ្នកមិនវៀរចាកហេតុជាទីតាំង នៃ សេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ចំពោះខ្លួន តែបបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនវៀរចាកបាណាតិបាតចំពោះខ្លួន ទាំងមិនបបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាត។បេ។ ជាអ្នកមិនវៀរចាក ហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ចំពោះខ្លួន ទាំងមិនបបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាតចំពោះខ្លួនផង បបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាតផង វៀរចាកអទិន្នាទានចំពោះខ្លួនផង បបួលអ្នកដទៃ ឲ្យវៀរចាកអទិន្នាទានផង វៀរចាកកាមេសុមិច្ឆាចារ ចំពោះខ្លួនផង បបួលបុគ្គលដទៃ ឲ្យវៀរចាកកាមេសុមិច្ឆាចារផង វៀរចាកមុសាវាទចំពោះខ្លួនផង បបួលបុគ្គលដទៃ ឲ្យវៀរ ចាកមុសាវាទផង វៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ចំពោះខ្លួនផង បបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.099.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann