ភាគច្រើនប្រហែលជាគិតថា ភាពសមសួនគឺជាគុណភាពខ្ពស់បំផុត។ ប៉ុន្តែតើឧបេក្ខាគឺពិតជាសំខាន់បំផុតមែនទេ?
an 04.100 បាលី cs-km: sut.an.04.100 អដ្ឋកថា: sut.an.04.100_att PTS: ?
បោតលិយសូត្រ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១០. បោតលិយសុត្តំ)
[១០១] គ្រានោះឯង បោតលិយបរិញ្វជក បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ កាលបោតលិយបរិញ្វជក អង្គុយក្នុងទីសមគួរស៊ប់ហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលបោតលិយៈ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួកនេះ តើដូចម្តេចខ្លះ។ ម្នាលបោតលិយៈ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នក ពោលនូវពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ ម្នាលបោតលិយៈ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ ម្នាលបោតលិយៈ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង មិនពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១ ម្នាលបោតលិយៈ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលនូវពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១។ ម្នាលបោតលិយៈ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។ ម្នាលបោតលិយៈ បណ្តាបុគ្គលទាំង ៤ ពួកនេះ តើបុគ្គលដូចម្តេច ដែលល្អជាងផង ប្រសើរជាងផង រមែងគាប់ចិត្តដល់អ្នក។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលនូវពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោល នូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោលពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនពោលនូវពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង មិនពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យ ពិត ពាក្យមែន ដោយកាលគួរផង ពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលទាំង ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលណា មិនពោលនូវពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង មិនពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង បណ្តាបុគ្គល ទាំង ៤ ពួកនេះ បុគ្គលនេះ ល្អជាងផង ប្រសើរជាងផង រមែងគាប់ចិត្តដល់ខ្ញុំព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះឧបេក្ខានោះ ជាគុណជាតិដ៏ល្អ។ ម្នាលបោតលិយៈ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។បេ។ ម្នាលបោតលិយៈ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ ម្នាល បោតលិយៈ បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលណា ពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលនេះ ល្អជាងផង ប្រសើរជាងផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលបោតលិយៈ ព្រោះថា ការដឹងនូវកាល ដ៏សមគួរ ក្នុងហេតុនោះ ៗ នោះចាត់ថាជាការល្អ។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គលទាំង ៤ ពួក តើដូចម្តេចខ្លះ។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោលពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោលតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនពោលនូវពាក្យតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង មិនពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោល នូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលណា ពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលនេះ ចាត់ថាល្អជាងផង ប្រសើរជាងផង រមែងគាប់ចិត្តដល់ខ្ញុំព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា ការដឹងកាលដ៏សមគួរ ក្នុងហេតុនោះ ៗ នុ៎ះចាត់ថាជាការល្អ។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន សំដែងដោយអនេកបរិយាយយ៉ាងនេះ ភ្លឺច្បាស់ណាស់ ឧបមាដូចបុគ្គលផ្ងារ នូវរបស់ដែលគេផ្កាប់ ឬបើកនូវរបស់ ដែលកំបាំង ឬបង្ហាញផ្លូវ ដល់បុគ្គលអ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយបំណងថា អ្នកមានភ្នែកភ្លឺ រមែងមើលឃើញ នូវរូបទាំងឡាយបាន។ ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះ ជាដើមទៅ។
ចប់ អសុរវគ្គ ទី៥។
ឧទ្ទាននៃអសុរវគ្គនោះគឺ
បុគ្គលជាអសុរ មានអសុរជាបរិវារ ជាដើម ១ បុគ្គលបាន នូវចេតោសមថៈ ជាដើម មាន ៣ លើក បុគ្គល ៤ ពួក មានសេចក្តីប្រៀបដោយអង្កត់ឧស ជាគំរប់ប្រាំ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីកំចាត់រាគ ជាដើម ១ បុគ្គល អាចដឹងឆាប់ ក្នុងកុសលធម៌ ជាដើម ១ អ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ជាដើម ១ បុគ្គលអ្នកប្រតិបត្តិ តាមសិក្ខាបទ ៥ ជាដើម ១ បោតលិយបរិញ្វជក ១។
ចប់ បណ្ណាសក ទី២។