km:tipitaka:sut:an:04:sut.an.04.105

អម្ពសូត្រ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.105 បាលី cs-km: sut.an.04.105 អដ្ឋកថា: sut.an.04.105_att PTS: ?

អម្ពសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. អម្ពសុត្តំ)

[១០៦] ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនេះ មាន ៤ យ៉ាង។ ផ្លែស្វាយ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ ផ្លែស្វាយខ្ចី មានសម្បុរទុំ ១ ផ្លែស្វាយទុំ មានសម្បុរខ្ចី ១ ផ្លែស្វាយខ្ចី មានសម្បុរខ្ចី ១ ផ្លែស្វាយទុំ មានសម្បុរទុំ ១។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយ មាន ៤ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ពួកនេះ មានឧបមា ដោយផ្លែស្វាយ ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលខ្ចី មានសម្បុរទុំ ១ បុគ្គលទុំ មានសម្បុរខ្ចី ១ បុគ្គលខ្ចី មានសម្បុរខ្ចី ១ បុគ្គលទុំ មានសម្បុរទុំ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលខ្ចី មានសម្បុរទុំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ចី មានសម្បុរទុំ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនោះខ្ចី មានសម្បុរទុំ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទុំ មានសម្បុរខ្ចី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា តែបុគ្គលនោះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលទុំ មានសម្បុរខ្ចី យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនោះទុំ មានសម្បុរខ្ចី មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលខ្ចី មានសម្បុរខ្ចី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ចី មានសម្បុរខ្ចី យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនោះខ្ចី មានសម្បុរខ្ចី មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទុំ មានសម្បុរទុំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលទុំ មានសម្បុរទុំ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនោះទុំ មានសម្បុរទុំ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឧបមាដោយផ្លែស្វាយ ៤ ពួកនេះ រមែងមាននៅក្នុងលោក។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.105.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann