km:tipitaka:sut:an:04:sut.an.04.107

មូសិកសូត្រ ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.107 បាលី cs-km: sut.an.04.107 អដ្ឋកថា: sut.an.04.107_att PTS: ?

មូសិកសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៧. មូសិកសុត្តំ)

[១០៧] ម្នាលភិក្ខុទាំងឡាយ កណ្តុរនេះ មាន ៤ ពួក។ កណ្តុរ ៤ ពួក តើដូចម្តេចខ្លះ។ គឺកណ្តុរកកាយរន្ធ តែមិនៅ ១ នៅ តែមិនកកាយរន្ធ ១ ទាំងមិនកកាយរន្ធ ទាំងមិននៅ ១ កកាយរន្ធផង នៅផង ១។ ម្នាលភិក្ខុទាំងឡាយ កណ្តុរ មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឧបមាដោយកណ្តុរ ៤ ពួកនេះ រមែងមាននៅក្នុងលោក ក៏ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលកកាយរន្ធ តែមិនៅ ១ នៅ តែមិនកកាយរន្ធ ១ ទាំងមិនកកាយរន្ធ ទាំងមិននៅ ១ កកាយរន្ធផង នៅផង ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកកកាយរន្ធ តែមិននៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកកកាយរន្ធ តែមិននៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កណ្តុរនោះ កកាយរន្ធ តែមិននៅ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអ្នកនៅ តែមិនកកាយរន្ធ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនរៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជា ទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកនៅ តែមិនកកាយរន្ធ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កណ្តុរនោះនៅ តែមិនកកាយរន្ធ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ទាំងមិនកកាយរន្ធ ទាំងមិននៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនរៀនសូត្រនូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គល ទាំងមិនកកាយរន្ធ ទាំងមិននៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កណ្តុរនោះ ទាំងមិនកកាយរន្ធ ទាំងមិននៅ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអ្នកកកាយរន្ធផង នៅផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រនូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះជា ទុក្ខ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធៈ ដូច្នេះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកកកាយរន្ធផង នៅផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កណ្តុរនោះ កកាយរន្ធផង នៅផង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ មានឧបមាដោយកណ្តុរ រមែងមាននៅក្នុងលោក។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.107.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann