គោមាន៤ ដូចគ្នានឹងបុគ្គល៤ដែរ។
an 04.108 បាលី cs-km: sut.an.04.108 អដ្ឋកថា: sut.an.04.108_att PTS: ?
ពលីពទ្ទសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨. ពលីពទ្ទសុត្តំ)
[១០៨] ម្នាលភិក្ខុទាំងឡាយ គោបម្រើនេះ មាន ៤ ពួក។ គោបម្រើ ៤ពួក តើដូចម្តេចខ្លះ។ គឺជាសត្វកាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុងហ្វូងគោដទៃ ១ ជាសត្វកាចក្នុងហ្វូងគោដទៃ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ១ ជាសត្វកាចក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង ១ ជាសត្វមិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ ១។ ម្នាលភិក្ខុទាំងឡាយ គោបម្រើ មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឧបមាដោយគោបម្រើ ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលដូចគោកាច ក្នុងហ្វូង គោរបស់ខ្លួន តែមិនកាចក្នុងហ្វូងគោដទៃ ១ កាចក្នុងហ្វូងគោដទៃ តែមិនកាចក្នុងហ្វូងគោរបស់ខ្លួន ១ កាចក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង ១ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដូចគោកាច ក្នុងហ្វូងគោរបស់ខ្លួន តែមិនកាច ក្នុងហ្វូងគោដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកគំរាមបរិសទ្យរបស់ខ្លួន តែមិនគំរាមបរិសទ្យដទៃ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចគោកាច ក្នុងហ្វូងគោរបស់ខ្លួន តែមិនកាច ក្នុងហ្វូងគោដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ គោបម្រើនោះ ជាសត្វកាច ក្នុងហ្វូងគោរបស់ខ្លួន តែមិនកាច ក្នុងហ្វូងគោដទៃ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដូចគោកាច ក្នុងហ្វូងគោដទៃ តែមិនកាច ក្នុងហ្វូងគោរបស់ខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកគំរាមបរិសទ្យ របស់អ្នកដទៃ តែមិនគំរាមបរិសទ្យរបស់ខ្លួន ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចគោកាចក្នុង ហ្វូងគោរបស់អ្នកដទៃ តែមិនកាចក្នុងហ្វូងគោរបស់ខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ គោបម្រើនោះ ជាសត្វកាច ក្នុងហ្វូងគោដទៃ តែមិនកាចក្នុងហ្វូងគោរបស់ខ្លួន មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដូចគោកាច ក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកគំរាមបរិសទ្យរបស់ខ្លួនផង គំរាមបរិសទ្យរបស់អ្នកដទៃផង ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចគោកាច ក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ គោបម្រើនោះ កាចក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ដូចគោមិនកាច ក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនគំរាមបរិសទ្យរបស់ខ្លួន ទាំងមិនគំរាមបរិសទ្យរបស់អ្នកដទៃ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចគោមិនកាច ក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ គោបម្រើនោះ ជាសត្វមិនកាច ក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឧបមាដោយគោបម្រើ ៤ ពួកនេះ រមែងមាននៅក្នុងលោក។