km:tipitaka:sut:an:04:sut.an.04.109

រុក្ខសូត្រ ទី៩

សង្ខេប

មេ​ដឹក​នាំ​បួន​ប្រភេទ​ផ្សេង​គ្នា។

an 04.109 បាលី cs-km: sut.an.04.109 អដ្ឋកថា: sut.an.04.109_att PTS: ?

រុក្ខសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៩. រុក្ខសុត្តំ)

[១០៩] ម្នាលភិក្ខុទាំងឡាយ ដើមឈើនេះ មាន ៤ ពួក។ ដើមឈើ ៤ពួក តើដូចម្តេចខ្លះ។ គឺដើមឈើស្រាយ មានដើមឈើស្រាយជាបរិវារ ១ ដើមឈើស្រាយ មានដើមឈើខ្លឹមជាបរិវារ ១ ដើមឈើខ្លឹម មានដើមឈើស្រាយជាបរិវារ ១ ដើមឈើខ្លឹម មានដើមឈើខ្លឹមជាបរិវារ ១។ ម្នាលភិក្ខុទាំងឡាយ ដើមឈើ មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឧបមាដោយដើមឈើ ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលស្រាយ មានស្រាយជាបរិវារ ១ បុគ្គលស្រាយ មានខ្លឹមជាបរិវារ ១ បុគ្គលខ្លឹម មានស្រាយជាបរិវារ ១ បុគ្គល ខ្លឹម មានខ្លឹមជាបរិវារ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលស្រាយ មានស្រាយជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ទាំងបរិសទ្យរបស់បុគ្គលនោះ ក៏ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមកដែរ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្រាយ មានស្រាយជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើនោះ ជាឈើស្រាយ មានដើមឈើស្រាយជាបរិវារ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលស្រាយ មានខ្លឹមជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ប៉ុន្តែបរិសទ្យរបស់បុគ្គលនោះ ជាអ្នកមានសីល មានធម៌ល្អ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្រាយ មានខ្លឹមជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើនោះ ជាដើមឈើស្រាយ មានដើមឈើខ្លឹម ជាបរិវារ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លឹម មានស្រាយជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ ប៉ុន្តែបរិសទ្យរបស់បុគ្គលនោះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា បុគ្គលខ្លឹម មានស្រាយជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើនោះ ជាដើមឈើខ្លឹម មានដើមឈើស្រាយ ជាបរិវារ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលខ្លឹម មានខ្លឹមជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ ទាំងបរិសទ្យរបស់បុគ្គលនោះ ក៏ជាអ្នកមានសីល មានធម៌ល្អដែរ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លឹម មានខ្លឹមជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើនោះ ជាដើមឈើមានខ្លឹម មានដើមឈើខ្លឹម ជាបរិវារ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមាដោយដើមឈើ ៤ ពួកនេះ រមែងមាននៅក្នុងលោក។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.109.txt · ពេលកែចុងក្រោយ: 2024/05/03 17:34 និពន្ឋដោយ Johann