km:tipitaka:sut:an:04:sut.an.04.110

អាសីវិសសូត្រ ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.110 បាលី cs-km: sut.an.04.110 អដ្ឋកថា: sut.an.04.110_att PTS: ?

អាសីវិសសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. អាសីវិសសុត្តំ)

[១១០] ម្នាលភិក្ខុទាំងឡាយ អាសិរពិសនេះ មាន ៤ ពួក។ អាសិរពិស ៤ ពួក តើដូចម្តេចខ្លះ។ គឺអាសិរពិស មានពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក ១ មានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ ១ មានពិសជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង ១ មិនមានពិសជ្រួតជ្រាបឆាប់ ទាំងមិនមានពិសដ៏ពន្លឹក ១។ ម្នាលភិក្ខុទាំងឡាយ អាសិរពិស មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមា ដោយអាសិរពិស ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលមានពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក ១ មានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ ១ មានពិសជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង ១ មិនមានពិសជ្រួតជ្រាបឆាប់ ទាំងមិនមានពិសដ៏ពន្លឹក ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងក្រោធរឿយ ៗ តែសេចក្តីក្រោធរបស់បុគ្គលនោះ មិនងំនៅអស់កាលយូរ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាសិរពិសនោះ មានពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងមិនក្រោធរឿយ ៗទេ តែសេចក្តីក្រោធ របស់បុគ្គលនោះ រមែងងំនៅអស់កាលយូរ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាសិរពិសនោះ មានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានពិសជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងក្រោធរឿយ ៗ ផង សេចក្តីក្រោធរបស់បុគ្គលនោះ រមែងងំនៅអស់កាលយូរផង ម្នាលភិក្ខុទាំងឡាយ បុគ្គលមានពិស ជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាសិរពិសនោះ មានពិសជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមិនមានពិសជ្រួតជ្រាបឆាប់ ទាំងមិនមានពិសដ៏ពន្លឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនក្រោធរឿយ ៗ ទាំងសេចក្តីក្រោធ របស់បុគ្គលនោះ ក៏មិនងំនៅអស់កាលយូរ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានពិសជ្រួតជ្រាបឆាប់ ទាំងមិនមានពិសដ៏ពន្លឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាសិរពិសនោះ មិនមានពិសជ្រួតជ្រាបឆាប់ ទាំងមិនមានពិសដ៏ពន្លឹក មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមា ដោយអាសិរពិស ៤ ពួកនេះ រមែងមាននៅក្នុងលោក។

ចប់ វលាហកវគ្គ ទី១។

ឧទ្ទាននៃវលាហកវគ្គនោះគឺ

និយាយអំពីមេឃ មានពីរលើក អំពីក្អម ១ អំពីអន្លង់ទឹក មានពីរលើក អំពីផ្លែស្វាយ ១ អំពីសត្វកណ្តុរ ១ អំពីគោបម្រើ ១ អំពីដើមឈើ ១ អំពីអាសិរពិស ១ រួមត្រូវជា ១០។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.110.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann