អ្នកដឹកនាំខ្ពស់យកចិត្តទុកដាក់ចំពោះសហគមន៍សិស្សពិសេសគឺស្រដៀងនឹងការងាររបស់គ្រូបង្ហាត់សេះដែរ។
an 04.111 បាលី cs-km: sut.an.04.111 អដ្ឋកថា: sut.an.04.111_att PTS: ?
កេសិសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១. កេសិសុត្តំ)
[១១១] គ្រានោះ កេសី ជាសារថី អ្នកបង្ហាត់សេះ ដែលគួរបង្ហាត់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះកេសីជាសារថី អ្នកបង្ហាត់សេះដែលគួរបង្ហាត់ អង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលកេសី ខ្លួនអ្នក គេតែងដឹងច្បាស់ថា ជាសារថីអ្នកបង្ហាត់សេះ ដែលគួរបង្ហាត់ ម្នាលកេសី ចុះអ្នកបង្ហាត់សេះ ដែលគួរបង្ហាត់ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបង្ហាត់សេះ ដែលគួរបង្ហាត់ ដោយល្អខ្លះ ដោយអាក្រក់ខ្លះ ដោយល្អ និងអាក្រក់ខ្លះ។ ម្នាលកេសី ប្រសិនបើសេះ ដែលគួរបង្ហាត់របស់អ្នក ប្រើវិធីបង្ហាត់ដោយល្អ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយអាក្រក់ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយល្អ និងអាក្រក់ ក៏មិនបាន ចុះអ្នកធ្វើសេះនោះ ដូចម្តេចទៅវិញ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើសេះដែលគួរបង្ហាត់ របស់ខ្ញុំព្រះអង្គ ប្រើវិធីបង្ហាត់ដោយល្អ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយអាក្រក់ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយល្អ និងអាក្រក់ក៏មិនបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គក៏សម្លាប់សេះនោះចោល។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កុំឲ្យមានពាក្យដំនៀល ដល់ត្រកូល នៃអាចារ្យរបស់ខ្ញុំព្រះអង្គឡើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាសារថី ទូន្មាននូវបុរស ដែលគួរទូន្មាន រកបុគ្គលណាមួយស្មើគ្មាន បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ ទ្រង់ណែនាំបុរស ដែលគួរទូន្មាន តើដូចម្តេច។ ម្នាលកេសី តថាគត រមែងណែនាំបុរស ដែលគួរទូន្មាន ដោយល្អខ្លះ ដោយអាក្រក់ខ្លះ ដោយល្អ និងអាក្រក់ខ្លះ។ ម្នាលកេសី បណ្តាអំពើទាំងនោះ អំពើល្អ ដូច្នេះ គឺកាយសុចរិត ដូច្នេះ ផលរបស់កាយសុចរិត ដូច្នេះ វចីសុចរិត ដូច្នេះ ផលរបស់វចីសុចរិត ដូច្នេះ មនោសុចរិត ដូច្នេះ ផលរបស់មនោសុចរិត ដូច្នេះ ទេវតា ដូច្នេះ មនុស្ស ដូច្នេះ។ ម្នាលកេសី បណ្តាអំពើទាំងអស់នោះ អំពើអាក្រក់ ដូច្នេះ គឺកាយទុច្ចរិត ដូច្នេះ ផលរបស់កាយទុច្ចរិត ដូច្នេះ វចីទុច្ចរិតដូច្នេះ ផលរបស់វចីទុច្ចរិត ដូច្នេះ មនោទុច្ចរិត ដូច្នេះ ផលរបស់មនោទុច្ចរិត ដូច្នេះ នរក ដូច្នេះ កំណើតតិរច្ឆាន ដូច្នេះ បិត្តិវិស័យ ដូច្នេះ។ ម្នាលកេសី បណ្តាអំពើទាំងនោះ អំពើល្អ និងអំពីអាក្រក់ ដូច្នេះ គឺ កាយសុចរិត ដូច្នេះ ផលរបស់ កាយសុចរិត ដូច្នេះ កាយទុច្ចរិត ដូច្នេះ ផលរបស់កាយទុច្ចរិត ដូច្នេះ វចីសុចរិត ដូច្នេះ ផលរបស់វចីសុចរិត ដូច្នេះ វចីទុច្ចរិត ដូច្នេះ ផលរបស់វចីទុច្ចរិត ដូច្នេះ មនោសុចរិត ដូច្នេះ ផលរបស់មនោសុចរិត ដូច្នេះ មនោទុច្ចរិត ដូច្នេះ ផលរបស់មនោទុច្ចរិត ដូច្នេះ ទេវតា ដូច្នេះ មនុស្ស ដូច្នេះ នរក ដូច្នេះ កំណើតតិរច្ឆាន ដូច្នេះ បិត្តិវិស័យ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើបុរស ដែលគួរទូន្មានរបស់ព្រះអង្គ ប្រើវិធីបង្ហាត់ដោយល្អ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយអាក្រក់ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយល្អ និងអាក្រក់ក៏មិនបាន ចុះព្រះដ៏មានព្រះភាគ ទ្រង់ធ្វើបុរសនោះ ដូចម្តេចទៅវិញ។ ម្នាលកេសី ប្រសិនបើបុរស ដែលគួរទូន្មានរបស់តថាគត ប្រើវិធីបង្ហាត់ ដោយល្អ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយអាក្រក់ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយល្អ និងអាក្រក់ ក៏មិនបាន ម្នាលកេសី តថាគត ក៏សម្លាប់បុរសនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន បាណាតិបាត មិនគួរដល់ព្រះដ៏មានព្រះភាគរបស់យើងទេ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលកេសី តថាគត ក៏សម្លាប់បុរសនោះដែរ។ ម្នាលកេសី បាណាតិបាត មិនគួរដល់តថាគត ក៏ពិតមែន តែថាបុរស ដែលគួរទូន្មានណា ប្រើវិធីបង្ហាត់ដោយល្អ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយអាក្រក់ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយល្អ និងអាក្រក់ ក៏មិនបាន តថាគត រមែងមិនសំគាល់នូវបុរសនោះថា គួរពោល គួរប្រៀនប្រដៅទេ សូម្បីវិញ្ញូជន ជាសព្រហ្មចារី ក៏មិនសំគាល់ (បុរសនោះ) ថា គួរពោល គួរប្រៀនប្រដៅដែរ មួយទៀត តថាគត មិនសំគាល់បុរសណាថា គួរពោល គួរប្រៀនប្រដៅ សូម្បីពួកវិញ្ញូជន ជាសព្រហ្មចារី ក៏មិនសំគាល់ នូវបុរសណាថា គួរពោល គួរប្រៀនប្រដៅដែរ ម្នាលកេសី បុរសនោះ ឈ្មោះថា ត្រូវសម្លាប់ដោយល្អ ក្នុងអរិយវិន័យ។ ព្រះតថាគត មិនសំគាល់បុរសណាថា គួរពោល គួរប្រៀនប្រដៅ សូម្បីពួកវិញ្ញូជន ជាសព្រហ្មចារី ក៏មិនសំគាល់បុរសណាថា គួរពោល គួរប្រៀនប្រដៅដែរ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ ឈ្មោះថា ត្រូវសម្លាប់ដោយល្អ ដោយពិត បពិត្រព្រះអង្គដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុរស ផ្ងារនូវរបស់ដែលគេផ្កាប់ ឬបើកបង្ហាញ នូវរបស់ដែលកំបាំង ពុំនោះសោត ដូចជាបុគ្គលប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ឬទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា បុគ្គលមានចក្ខុ រមែងមើលឃើញ នូវរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ចាំទុក នូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។