km:tipitaka:sut:an:04:sut.an.04.113

បតោទសូត្រ ទី៣

សង្ខេប

អ្នក​ខ្លះ​ត្រូវ​ជួប​ទុក្ខ​លំបាក​ផ្ទាល់ខ្លួន ដើម្បី​ប្រឹង​ប្រែង។ ប៉ុន្តែ​ក្រៅ​ពី​សេះ​ល្អ​ទាំង​បួន​នោះ មាន​សត្វ​លា​ច្រើន​ណាស់។ អ្នក​អាច​ក្លាយ​ជា​សេះ​ដ៏​ក្លាហានមាន!

an 04.113 បាលី cs-km: sut.an.04.113 អដ្ឋកថា: sut.an.04.113_att PTS: ?

បតោទសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ អានដោយ ឧបាសិកា ស៊ុនហ៊ាង

(៣. បតោទសុត្តំ)

[១១៣] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន មាន ៤ ពួក រមែងមាននៅក្នុងលោក។ ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ បានឃើញនូវស្រមោល នៃជន្លួញហើយ ក៏រំភើប ដល់នូវសេចក្តីតក់ស្លុតថា សារថីជាអ្នកទូន្មាននូវសេះ ដែលគួរទូន្មាន នឹងធ្វើហេតុអ្វីដល់អញក្នុងថ្ងៃនេះ អញនឹងធ្វើតបទៅសារថីនោះ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើននពួកខ្លះ ក្នុងលោកនេះ មានសភាពដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ នេះជាសេះអាជានេយ្យដ៏ចំរើន ទី១ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ បានឃើញស្រមោលនៃជន្លួញហើយ នៅតែមិនរំភើបដល់នូវសេចក្តី តក់ស្លុតទេ លុះតែគេចាក់ត្រង់រោម ដោយជន្លួញ ទើបរំភើបដល់នូវសេចក្តីតក់ស្លុតថា សារថី ជាអ្នកទូន្មាននូវសេះ ដែលគួរទូន្មាន នឹងធ្វើហេតុអ្វីដល់អញក្នុងថ្ងៃនេះ អញនឹងធ្វើតបទៅសារថីនោះ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន ពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះជាសេះអាជានេយ្យដ៏ចំរើន ទី២ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ ឃើញនូវស្រមោល នៃជន្លួញហើយ នៅតែមិនរំភើប ដល់នូវសេចក្តីតក់ស្លុត ទុកជាចាក់ត្រង់រោម (ដោយជន្លួញ) ក៏នៅតែមិនរំភើប ដល់នូវសេចក្តីតក់ស្លុតដែរ លុះតែចាក់ត្រង់ស្បែក ដោយជន្លួញ ទើបរំភើប ដល់នូវសេចក្តីតក់ស្លុតថា សារថី ជាអ្នកទូន្មាននូវសេះ ដែលគួរទូន្មាន នឹងធ្វើនូវហេតុអ្វីដល់អញ អញនឹងធ្វើតបទៅសារថីនោះ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន ពួកខ្លះ ក្នុងលោកនេះ មានសភាពដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះជាសេះអាជានេយ្យដ៏ចំរើន ទី៣ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះអាជានេយ្យដ៏ចំរើន ពួកខ្លះ ក្នុងលោកនេះ បានឃើញស្រមោលនៃជន្លួញហើយ នៅតែមិនរំភើបដល់នូវសេចក្តីតក់ស្លុត ទុកជាគេចាក់ត្រង់រោម ដោយជន្លួញ ក៏នៅតែមិនរំភើបដល់នូវសេចក្តីតក់ស្លុតដែរ ទុកជាគេចាក់ត្រង់ស្បែក ដោយជន្លួញ ក៏នៅតែមិនរំភើប ដល់នូវសេចក្តីតក់ស្លុតដែរ លុះតែគេចាក់ដល់ឆ្អឹង ដោយជន្លួញ ទើបរំភើប ដល់នូវសេចក្តីតក់ស្លុតថា សារថីជាអ្នកទូន្មាននូវសេះ ដែលគួរទូន្មាន នឹងធ្វើហេតុអ្វីដល់អញក្នុងថ្ងៃនេះ អញនឹងត្រូវធ្វើតបទៅនាយសារថីនោះ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ ក៏មានសភាពយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះជាសេះអាជានេយ្យដ៏ចំរើន ទី៤ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន ៤ ពួកនេះ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ចំរើននេះ មាន ៤ ពួក រមែងមាននៅក្នុងលោក ក៏ដូច្នោះដែរ។ ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ ឮថា ស្រ្តី ឬបុរសក្នុងស្រុក ឬនិគមឯណោះ ដល់នូវសេចក្តីទុក្ខក្តី ធ្វើមរណកាលទៅក្តី បុរសអាជានេយ្យនោះ ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត ដោយហេតុនោះ (បុរសអាជានេយ្យនោះ) ជាអ្នកតក់ស្លុត ដំកល់ព្យាយាម ដោយឧបាយនៃប្រាជ្ញា មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ទើបធ្វើឲ្យជាក់ច្បាស់ នូវបរមសច្ចៈ ដោយនាមកាយផង ចាក់ធ្លុះ ឃើញច្បាស់ ដោយបញ្ញាផង ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើននោះ គ្រាន់តែឃើញនូវស្រមោលជន្លួញហើយ ក៏រំភើបដល់នូវសេចក្តីតក់ស្លុត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុរសអាជានេយ្យដ៏ចំរើននេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មានសភាពដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះបុរសអាជានេយ្យដ៏ចំរើន ទី១ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មិនបានឮថា ស្រ្តី ឬបុរសក្នុងស្រុក ឬនិគមឯណោះ ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាល ស្រាប់តែឃើញដោយខ្លួនឯង នូវស្រ្តី ឬបុរស ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាល បុរសអាជានេយ្យនោះ ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត ដោយហេតុនោះ (បុរសអាជានេយ្យនោះ) ជាអ្នកតក់ស្លុត ដំកល់នូវសេចក្តីព្យាយាម ដោយឧបាយនៃប្រាជ្ញា មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ទើបធ្វើឲ្យជាក់ច្បាស់ នូវបរមសច្ចៈ ដោយនាមកាយផង ចាក់ធ្លុះ ឃើញច្បាស់ដោយបញ្ញាផង ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើននោះ គ្រាន់តែត្រូវគេចាក់ដោយជន្លួញត្រង់រោម ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា បុរសអាជានេយ្យដ៏ចំរើននេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មានសភាពដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះជាបុរសអាជានេយ្យដ៏ចំរើន ទី២ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មិនបានឮថា ស្រ្តី ឬបុរសក្នុងស្រុក ឬក្នុងនិគមឯណោះ ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាល ទាំងមិនបានឃើញដោយខ្លួនឯង នូវស្រ្តី ឬបុរស ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាលឡើយ មួយទៀត លុះតែញាតិ ឬសាលោហិត របស់បុរសអាជានេយ្យនោះ ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាលទៅ បុរសអាជានេយ្យនោះ ទើបរំភើប ដល់នូវសេចក្តីតក់ស្លុត ដោយហេតុនោះ (បុរសអាជានេយ្យនោះ) ជាអ្នកតក់ស្លុត ដំកល់នូវសេចក្តីព្យាយាម ដោយឧបាយនៃប្រាជ្ញា មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ទើបធ្វើឲ្យជាក់ច្បាស់ នូវបរមសច្ចៈ ដោយនាមកាយផង ចាក់ធ្លុះ ឃើញច្បាស់ ដោយបញ្ញាផង ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើននោះ ត្រូវគេចាក់ ដោយជន្លួញត្រង់ស្បែក ទើបរំភើប ដល់នូវសេចក្តីតក់ស្លុត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា បុរសអាជានេយ្យដ៏ចំរើននេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មានសភាព ដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះជាបុរសអាជានេយ្យដ៏ចំរើន ទី៣ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មិនឮថា ស្រ្តី ឬបុរសក្នុងស្រុក ឬនិគមឯណោះ ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាល ទាំងមិនឃើញដោយខ្លួនឯង នូវស្រ្តី ឬបុរស ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាលទៅ ទោះបីញាតិ ឬសាលោហិត របស់បុរសអាជានេយ្យនោះ ក៏មិនដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាលទៅ ស្រាប់តែខ្លួនឯង ពាល់ត្រូវដោយទុក្ខវេទនា ជាទីប្រជុំចុះក្នុងកាយដ៏ក្លាខ្លាំង រឹងរូស ក្តៅផ្សា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត ជាទីនាំបង់នូវជីវិត បុរសអាជានេយ្យនោះ ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត ដោយហេតុនោះ (បុរសអាជានេយ្យនោះ) ជាអ្នកតក់ស្លុត ទើបដំកល់សេចក្តីព្យាយាម ដោយឧបាយនៃប្រាជ្ញា មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ទើបធ្វើឲ្យជាក់ច្បាស់ នូវបរមសច្ចៈ ដោយនាមកាយផង ចាក់ធ្លុះ ឃើញច្បាស់ ដោយបញ្ញាផង ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើននោះ ត្រូវគេចាក់ ដោយជន្លួញត្រង់ឆ្អឹង ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា បុរសអាជានេយ្យដ៏ចំរើននេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មានសភាពដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះជាបុរសអាជានេយ្យដ៏ចំរើន ទី៤ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ចំរើន ៤ ពួកនេះ រមែងមាននៅក្នុងលោក។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.113.txt · ពេលកែចុងក្រោយ: 2023/08/20 16:09 និពន្ឋដោយ Johann