ហេតុ៤ យ៉ាងដែលបណ្ឌិត ស្គាល់ច្បាស់ ថាគួរធ្វើ នឹងមិនគួរធ្វើ។
an 04.115 បាលី cs-km: sut.an.04.115 អដ្ឋកថា: sut.an.04.115_att PTS: ?
ឋានសូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៥. ឋានសុត្តំ)
[១១៥] ម្នាលភិក្ខុទាំងឡាយ ហេតុនេះ មាន ៤ យ៉ាង។ ហេតុ ៤ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុមិនជាទីគាប់ចិត្ត ហេតុដែលគួរធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនជាប្រយោជន៍ ក៏មាន ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុមិនជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ក៏មាន ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ក៏មាន ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុមិនជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ក៏មាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា មិនជាទីគាប់ចិត្ត ហេតុដែលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ បុគ្គល រមែងសំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនមិនត្រូវធ្វើ ដោយហេតុ ២ ប្រការ គឺ ការធ្វើនូវហេតុណា មិនជាទីគាប់ចិត្ត ក៏សំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនមិនត្រូវធ្វើ ១ ហេតុណាដែលបុគ្គលធ្វើ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ក៏សំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនមិនត្រូវធ្វើ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គល រមែងសំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនមិនត្រូវធ្វើ ដោយហេតុ ២ ប្រការ។ ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា មិនជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ ជនជាពាលក្តី ជាបណ្ឌិតក្តី គេត្រូវដឹងច្បាស់ក្នុងហេតុនេះ គឺក្នុងកំឡាំងរបស់បុរស ក្នុងសេចក្តីព្យាយាមរបស់បុរស ក្នុងសេចក្តីប្រឹងប្រែង របស់បុរស ម្នាលភិក្ខុទាំងឡាយ ជនពាលមិនពិចារណា ដូច្នេះថា ការធ្វើនូវហេតុមិនជាទីគាប់ចិត្តនេះ ក៏ពិតមែនហើយ តែហេតុដែលធ្វើនេះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ជនពាលនោះ ទើបមិនធ្វើនូវហេតុនោះ ហេតុដែលជនពាលមិនធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯបណ្ឌិត រមែងពិចារណាដូច្នេះថា ការធ្វើនូវហេតុមិនជាទីគាប់ចិត្តនេះ ក៏ពិតមែនហើយ តែហេតុដែលបណ្ឌិតធ្វើនេះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ បណ្ឌិតនោះ ទើបធ្វើនូវហេតុនោះ ហេតុដែលបណ្ឌិតធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុ ទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា ជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ ជនជាពាលក្តី ជាបណ្ឌិតក្តី គេត្រូវដឹងច្បាស់ ក្នុងហេតុនេះ គឺក្នុងកំឡាំងរបស់បុរស ក្នុងសេចក្តីព្យាយាមរបស់បុរស ក្នុងសេចក្តីប្រឹងប្រែងរបស់បុរស ម្នាលភិក្ខុទាំងឡាយ ជនពាលមិនពិចារណាដូច្នេះថា ការធ្វើនូវហេតុ ជាទីគាប់ចិត្តនេះ ក៏ពិតមែនហើយ តែហេតុដែលធ្វើនេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ជនពាលនោះ ទើបធ្វើនូវហេតុនោះ ហេតុដែលជនពាលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯបណ្ឌិត រមែងពិចារណា ដូច្នេះថា ការធ្វើនូវហេតុជាទីគាប់ចិត្តនេះ ក៏មែនពិតហើយ តែថា ហេតុដែលធ្វើនេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ទើបបណ្ឌិតនោះ មិនធ្វើនូវហេតុនោះ ហេតុដែលបណ្ឌិតមិនធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា ជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ បុគ្គលរមែងសំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនត្រូវធ្វើ ដោយហេតុ ២ ប្រការ គឺការធ្វើនូវហេតុណា ជាទីគាប់ចិត្ត ក៏សំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនត្រូវធ្វើ ១ ហេតុណាដែលខ្លួនធ្វើ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ក៏សំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនត្រូវធ្វើ ១ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតសំគាល់នូវហេតុនេះ ថាជាហេតុ ដែលខ្លួនត្រូវធ្វើ ដោយហេតុ ២ ប្រការ។ ម្នាលភិក្ខុទាំងឡាយ ហេតុ មាន ៤ យ៉ាងនេះឯង។