km:tipitaka:sut:an:04:sut.an.04.121

អត្តានុវាទសូត្រ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.121 បាលី cs-km: sut.an.04.121 អដ្ឋកថា: sut.an.04.121_att PTS: ?

អត្តានុវាទសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. អត្តានុវាទសុត្តំ)

[១២១] ម្នាលភិក្ខុទាំងឡាយ ភ័យនេះ មាន ៤ យ៉ាង។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺ អត្តានុវាទភ័យ (ភ័យអំពីការតិះដៀលខ្លួនឯង) ១ បរានុវាទភ័យ (ភ័យអំពីការតិះដៀល របស់បុគ្គលដទៃ) ១ ទណ្ឌភ័យ (ភ័យអំពីទណ្ឌកម្ម) ១ ទុគ្គតិភ័យ (ភ័យអំពីទុគ្គតិ គឺអបាយទាំងបួន) ១។ ម្នាលភិក្ខុទាំងឡាយ ចុះអត្តានុវាទភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ពិចារណាដូច្នេះថា ប្រសិនបើខ្លួនអញ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តើខ្លួនអញ នឹងមិនតិះដៀលខ្លួនឯង ព្រោះសីលទេឬ បុគ្គលនោះ ក៏ខ្លាចចំពោះភ័យ ដែលកើតឡើង អំពីការតិះដៀលខ្លួនឯង ហើយលះបង់កាយទុច្ចរិត ចំរើនកាយសុចរិត លះបង់វចីទុច្ចរិត ចំរើនវចីសុចរិត លះបង់មនោទុច្ចរិត ចំរើនមនោសុចរិត ត្រឡប់រក្សាខ្លួនឲ្យស្អាតវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អត្តានុវាទភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះបរានុវាទភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាដូច្នេះថា ប្រសិនបើ អញប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តើបុគ្គលដទៃ នឹងមិនតិះដៀលខ្លួនអញ ព្រោះសីលទេឬ បុគ្គលនោះ ក៏ខ្លាចចំពោះភ័យ ដែលកើតឡើងអំពីការតិះដៀល របស់បុគ្គលដទៃ ហើយលះបង់កាយទុច្ចរិត ចំរើនកាយសុចរិត លះបង់វចីទុច្ចរិត ចំរើនវចីសុចរិត លះបង់មនោទុច្ចរិត ចំរើន មនោសុចរិត ត្រឡប់រក្សាខ្លួនឲ្យស្អាតវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បរានុវាទភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះទណ្ឌភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញព្រះរាជាទាំងឡាយ កំពុងចាប់ចោរ ប្រព្រឹត្តអាក្រក់ ហើយត្រាស់បង្គាប់ឲ្យធ្វើកម្មការណ៍ មានប្រការផ្សេង ៗ គឺ វាយដោយរំពាត់ខ្លះ វាយដោយផ្តៅខ្លះ វាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃ ទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ធ្វើនូវពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ1) ធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគេធ្វើក្បាល ឲ្យរលីងដូចជាសម្បកស័ង្ខខ្លះ ធ្វើនូវរាហុមុខកម្ម គឺ អំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហូខ្លះ ធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្ស ឲ្យដូចជាផ្កាភ្លើងខ្លះ ធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺ អំពើដែលគេដុតដៃខ្លះ ធ្វើនូវឯរកវដ្តិកកម្ម គឺអំពើដែលគេធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ ធ្វើនូវចិរវាសិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀកសំពត់សម្បកឈើខ្លះ ធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ ធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូចខ្លះ ធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើឲ្យខូចសរីរៈ ប្រមាណប៉ុនកហាបណៈមួយ ៗខ្លះ ធ្វើនូវខារាបដិច្ឆកកម្ម គឺអំពើដែលគេយកទឹកផ្សា ស្រោចខ្លះ ធ្វើនូវបលិឃបរិវត្តកកម្ម គឺអំពើដែលគេធ្វើដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ ធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ ស្រោចដោយប្រេងកំពុងក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារលើឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះរាជាទាំងឡាយ កំពុងចាប់ចោរ ដែលប្រព្រឹត្តអាក្រក់ ហើយត្រាស់បង្គាប់ ឲ្យធ្វើកម្មការណ៍ មានប្រការផ្សេង ៗ គឺ វាយដោយរំពាត់ខ្លះ។បេ។ កាត់ក្បាលដោយដាវខ្លះ ព្រោះហេតុនៃកម្ម ដ៏លាមក មានសភាពយ៉ាងណា ប្រសិនបើអញ ធ្វើនូវកម្មដ៏លាមក មានសភាពយ៉ាងនោះដែរ មុខជាព្រះរាជាទាំងឡាយ ចាប់ខ្លួនអញ ហើយធ្វើកម្មការណ៍ មានប្រការផ្សេង ៗ យ៉ាងនោះមិនខាន គឺវាយដោយរំពាត់ខ្លះ។បេ។ កាត់ក្បាលដោយដាវខ្លះ បុគ្គលនោះ ក៏ខ្លាចចំពោះភ័យ ដែលកើតឡើងអំពីទណ្ឌកម្ម ហើយក៏លែងប្រព្រឹត្តប្លន់ដណ្តើមយកទ្រព្យ ជាដើមទុនរបស់បុគ្គលដទៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទណ្ឌភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះទុគ្គតិភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាដូច្នេះថា កាយទុច្ចរិត មានផលអាក្រក់ ក្នុងលោកខាងមុខ វចីទុច្ចរិត មានផលអាក្រក់ ក្នុងលោកខាងមុខ មនោទុច្ចរិត មានផលអាក្រក់ ក្នុងលោកខាងមុខ ប្រសិនបើអញ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះអាត្មាអញ បែកធ្លាយរាងកាយ ស្លាប់ទៅ នឹងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះអំពើនោះពុំខានឡើយ បុគ្គលនោះ ក៏ខ្លាចចំពោះភ័យ ដែលកើតឡើងអំពីទុគ្គតិ ហើយក៏លះបង់កាយទុច្ចរិត ចំរើនកាយសុចរិត លះបង់វចីទុច្ចរិត ចំរើនវចីសុចរិត លះបង់មនោទុច្ចរិត ចំរើនមនោសុចរិត ត្រឡប់រក្សាខ្លួនឲ្យស្អាតវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុគ្គតិភ័យ។2) ម្នាលភិក្ខុទាំងឡាយ ភ័យ ៤ យ៉ាងនេះឯង។

 

លេខយោង

1)
ពីត្រឹមពិលង្គថាលិកកម្ម ទៅដល់បលាលបីឋកកម្ម មានយោងលេខពន្យល់យ៉ាងពិស្តារ ក្នុងសុត្តន្តបិដក មជ្ឈិមនិកាយ មូលបណ្ណាសក ភាគ២០ ត្រង់ទំព័រ ៣២១ និង៣២២ រួចហើយ។
2)
កាលបើបុគ្គលពិចារណា នូវអត្តានុវាទភ័យ និងទុគ្គតិភ័យ ហិរិរមែងតាំងឡើងក្នុងសន្តាន ចំណែកបុគ្គល ដែលពិចារណា នូវបរានុវាទភ័យ និងទណ្ឌភ័យ ឱត្តប្បៈខាងក្រៅ រមែងកើតឡើង។ ហិរិឱត្តប្បៈនោះ ក៏ញុំាងសំវរៈ ក្នុងទ្វារទាំង ៣ ឲ្យកើតឡើង សំវរៈនោះ ជាបច្ច័យឲ្យកើតចតុប្បារិសុទ្ធិសីល លុះបុគ្គលនោះ តាំងនៅក្នុងសីលនោះ ហើយបានចំរើនវិបស្សនា រមែងដំកល់នៅក្នុងផលដ៏ប្រសើរ។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.121.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann