(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 04.122 បាលី cs-km: sut.an.04.122 អដ្ឋកថា: sut.an.04.122_att PTS: ?
ឩមិភយសូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២. ឩមិភយសុត្តំ)
[១២២] ម្នាលភិក្ខុទាំងឡាយ ភ័យនេះ មាន ៤ យ៉ាង រមែងមានប្រាកដ ដល់បុគ្គលកាលចុះទឹក។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺឩមិភ័យ (ភ័យ អំពីរលកទឹក) ១ កុម្ភីលភ័យ (ភ័យអំពីក្រពើ) ១ អាវដភ័យ (ភ័យអំពីទឹកកួចវឹលវល់) ១ សុសុកាភ័យ (ភ័យអំពីត្រីកាច) ១។ ម្នាលភិក្ខុទាំងឡាយ ភ័យ ៤យ៉ាងនេះឯង រមែងមានប្រាកដ ដល់បុគ្គល កាលចុះទឹក។ ម្នាលភិក្ខុទាំងឡាយ ភ័យនេះ មាន ៤ យ៉ាង រមែងមានប្រាកដ ដល់កុលបុត្តខ្លះ ក្នុងលោកនេះ ដែលមានសទ្ធា ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួស ក៏យ៉ាងនោះដែរ។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺឩមិភ័យ ១ កុម្ភីលភ័យ ១ អាវដភ័យ ១ សុសុកាភ័យ ១។ ម្នាលភិក្ខុទាំងឡាយ ចុះឩមិភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តខ្លះ ក្នុងលោកនេះ មានសទ្ធា ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយគិតថា អញតែងត្រូវជាតិ ជរា ព្យាធិ មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត គ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ ត្រូវទុក្ខបៀតបៀន ដូចម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ ពួកសព្រហ្មចារី ក៏ទូន្មាន ប្រៀនប្រដៅនូវកុលបុត្ត ដែលបួសដោយប្រការដូច្នោះនោះថា អ្នកត្រូវឈានដើរទៅមុខយ៉ាងនេះ អ្នកត្រូវថយក្រោយយ៉ាងនេះ អ្នកត្រូវងាកមើលទិសផ្សេង ៗ យ៉ាងនេះ អ្នកត្រូវបត់អវយវៈយ៉ាងនេះ អ្នកត្រូវលាអវយវៈយ៉ាងនេះ អ្នកត្រូវប្រើប្រាស់សង្ឃាដិ បាត្រ និងចីវរយ៉ាងនេះ។ កុលបុត្តនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា យើងហ្នឹងឯង ក្នុងកាលពីដើម ជាគ្រហស្ថ ក៏ធ្លាប់ទូន្មានប្រៀនប្រដៅបុគ្គលដទៃដែរ គួរបើដែរ លោកទាំងនេះ (មានជំនាន់) ប្រហែលត្រឹមតែកូន ត្រឹមតែចៅ របស់យើងប៉ុណ្ណោះ មកសំគាល់នូវយើង ថាជាបុគ្គលគួរទូន្មាន គួរប្រៀនប្រដៅវិញ។ កុលបុត្តនោះ ក៏ខឹងអាក់អន់ចិត្ត លាសិក្ខា ត្រឡប់ទៅកាន់ភេទ ដ៏ថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុខ្លាចចំពោះភ័យអំពីរលក ហើយលាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីរលកនេះឯង ជាឈ្មោះនៃសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឩមិភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះកុម្ភីលភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តខ្លះ ក្នុងលោកនេះ មានសទ្ធាចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយគិតថា អញតែងត្រូវជាតិ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី ចង្អៀតចង្អល់ចិត្តគ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ ត្រូវទុក្ខបៀតបៀន ដូចម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យបា្រកដបាន។ ពួកសព្រហ្មចារី ក៏ទូន្មានប្រៀនប្រដៅកុលបុត្ត ដែលបួសដោយប្រការដូច្នោះនោះថា របស់នេះ អ្នកគួរទំពាស៊ី របស់នេះ អ្នកមិនគួរទំពាស៊ី របស់នេះ អ្នកគួរបរិភោគ របស់នេះ អ្នកមិនគួរបរិភោគ របស់នេះ អ្នកគួរជញ្ជាបជញ្ជក់ របស់នេះ អ្នកមិនគួរជញ្ជាបជញ្ជក់ របស់នេះ អ្នកគួរផឹក របស់នេះ អ្នកមិនគួរផឹក របស់ដែលគួរ អ្នកគប្បីទំពាស៊ី របស់ដែលមិនគួរ អ្នកមិនគប្បីទំពាស៊ី របស់ដែលគួរ អ្នកគប្បីបរិភោគ របស់ដែលមិនគួរ អ្នកមិនគប្បីបរិភោគ របស់ដែលគួរ អ្នកគប្បីជញ្ជាបជញ្ជក់ របស់ដែលមិនគួរ អ្នកមិនគប្បីជញ្ជាបជញ្ជក់ របស់ដែលគួរ អ្នកគប្បីផឹក របស់ដែលមិនគួរ អ្នកមិនគប្បីផឹក អ្នកគួរទំពាស៊ី តែក្នុងកាលគួរ អ្នកមិនគួរទំពាស៊ីក្នុងកាលមិនគួរ អ្នកគួរបរិភោគ តែក្នុងកាលគួរ អ្នកមិនគួរបរិភោគ ក្នុងកាលមិនគួរ អ្នកគួរជញ្ជាបជញ្ជក់ តែក្នុងកាលគួរ អ្នកមិនគួរជញ្ជាបជញ្ជក់ ក្នុងកាលមិនគួរ អ្នកគួរផឹកតែក្នុងកាលគួរ អ្នកមិនគួរផឹក ក្នុងកាលមិនគួរទេ។ កុលបុត្រនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា យើងហ្នឹងឯង ក្នុងកាលពីដើម ជាគ្រហស្ថ (បើ) ចង់របស់ណា ក៏ទំពាស៊ីរបស់នោះ មិនចង់របស់ណា មិនទំពាស៊ីរបស់នោះទេ ចង់របស់ណា ក៏បរិភោគរបស់នោះ មិនចង់របស់ណា ក៏មិនបរិភោគរបស់នោះទេ ចង់របស់ណា ក៏ជញ្ជាបជញ្ជាក់របស់នោះ មិនចង់របស់ណា ក៏មិនជញ្ជាបជញ្ជក់របស់នោះ ចង់ទឹកណា ក៏ផឹកទឹកនោះ មិនចង់ទឹកណា ក៏មិនផឹកទឹកនោះ តែងទំពាស៊ីរបស់ដែលគួរក៏បាន ទំពាស៊ីរបស់ដែលមិនគួរក៏បាន បរិភោគភោជន ដែលគួរក៏បាន បរិភោគភោជន ដែលមិនគួរក៏បាន ជញ្ជាបជញ្ជក់របស់ដែលគួរក៏បាន ជញ្ជាបជញ្ជក់ របស់ដែលមិនគួរក៏បាន ផឹកទឹកដែលគួរក៏បាន ផឹកទឹកដែលមិនគួរក៏បាន ទំពាស៊ីក្នុងកាលគួរក៏បាន ទំពាស៊ីក្នុងកាលមិនគួរក៏បាន បរិភោគក្នុងកាលគួរក៏បាន បរិភោគក្នុងកាលមិនគួរក៏បាន ជញ្ជាបជញ្ជក់ ក្នុងកាលគួរក៏បាន ជញ្ជាបជញ្ជក់ ក្នុងកាលមិនគួរក៏បាន ផឹកក្នុងកាលគួរក៏បាន ផឹកក្នុងកាលមិនគួរក៏បាន ពួកគហបតី ដែលមានសទ្ធា ធ្លាប់ឲ្យខាទនីយភោជនីយាហារ ដ៏ឧត្តមណា ដល់យើងក្នុងវេលាថ្ងៃ ជាកាលមិនគួរ ឥឡូវនេះ លោកទាំងនេះ ធ្វើទំនងដូចជាបិទមាត់ (អញ) ចំពោះខាទនីយភោជនីយាហារ (របស់គហបតី) ទាំងនោះ។ កុលបុត្តនោះ ក៏ខឹងអាក់អន់ ចិត្ត ហើយលាសិក្ខា ត្រឡប់ទៅកាន់ភេទ ដ៏ថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុខ្លាចចំពោះភ័យអំពីក្រពើ ហើយលាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីក្រពើនេះឯង ជាឈ្មោះនៃសេចក្តីប្រាថ្នាអាហារចំអែតពោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កុម្ភីលភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះអាវដភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តខ្លះ ក្នុងលោកនេះ មានសទ្ធា ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយគិតថា អញត្រូវជាតិ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ ត្រូវទុក្ខបៀតបៀន ដូចម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យបា្រកដបាន។ កាលបុគ្គលនោះបួសយ៉ាងនេះ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ដោយមិនសង្រួមកាយ មិនសង្រួមវាចា មិនសង្រួមចិត្ត មិនផ្ចង់ស្មារតី មិនសង្រួមឥន្រ្ទិយ កុលបុត្តនោះ ឃើញគហបតីក្តី កូនគហបតីក្តី ដែលឆ្អែតស្កប់ស្កល់ ព្រមព្រៀង មូលមិត្តដោយកាមគុណ ទាំង ៥ ក្នុងស្រុក ឬនិគមនោះ កុលបុត្តនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា យើងហ្នឹងឯង ក្នុងកាលពីដើម ជាគ្រហស្ថ ជាអ្នកធ្លាប់ឆ្អែត ស្កប់ស្កល់ ព្រមព្រៀង មូលមិត្តដោយកាមគុណ ទាំង ៥ ដែរ ទាំងភោគសម្បត្តិ ក្នុងត្រកូលរបស់អញ ក៏មានគ្រប់គ្រាន់ អញអាចនឹងប្រើប្រាស់ភោគសម្បត្តិបានផង និងធ្វើនូវបុណ្យ ក៏បានផង បើដូច្នោះ គួរតែអញលាសិក្ខា ត្រឡប់ទៅកាន់ភេទ ដ៏ថោកទាបវិញ ហើយប្រើប្រាស់ភោគសម្បត្តិផង ធ្វើបុណ្យផង។ កុលបុត្តនោះ ក៏លាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុខ្លាចចំពោះភ័យអំពីទឹកកួចវិល ហើយលាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីទឹកកួចវិលនេះឯង ជាឈ្មោះ នៃកាមគុណ ៥។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាវដភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះសុសុកាភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តខ្លះ ក្នុងលោកនេះ មានសទ្ធា ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយគិតថា អញត្រូវជាតិ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ ត្រូវទុក្ខបៀតបៀន ដូចម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កាលកុលបុត្តនោះ បួសយ៉ាងនេះ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ដោយមិនរក្សាកាយ មិនរក្សាវាចា មិនរក្សាចិត្ត មិនផ្ចង់ស្មារតី មិនសង្រួមឥន្រ្ទិយ កុលបុត្តនោះ ឃើញមាតុគ្រាម ដែលស្លៀកមិនស្រួល ឬដណ្តប់មិនស្រួល លុះកុលបុត្រនោះ ឃើញមាតុគ្រាម ដែលស្លៀកមិនស្រួល ដណ្តប់មិនស្រួលហើយ ក៏មានចិត្តត្រូវរាគៈកំសួលឡើង កាលកុលបុត្តនោះ មានចិត្តត្រូវរាគៈកំសួលឡើងហើយ ក៏លាសិក្ខា ត្រឡប់ទៅកាន់ភេទ ដ៏ថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុខ្លាចចំពោះភ័យអំពីត្រីកាច ហើយលាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីត្រីកាចនេះ ជាឈ្មោះនៃមាតុគ្រាម។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុសុកាភ័យ។ ម្នាលភិក្ខុទាំងឡាយ ភ័យ ៤ យ៉ាងនេះឯង រមែងមានប្រាកដ ដល់កុលបុត្តខ្លះ ក្នុងលោកនេះ ដែលមានសទ្ធា ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួស។