km:tipitaka:sut:an:04:sut.an.04.123

បឋមនានាករណសូត្រ ទី៣

សង្ខេប

តើ​អ្វី​ជា​ដំណើរ​ផ្សេង​គ្នា របស់​អរិយសាវក ដែល​មាន​សេចក្តី​ចេះ​ដឹង និង​បុថុជ្ជន ​ដែល​មិន​មានសេចក្តី​ចេះ​ដឹង ដែល​ជំរឿន​​ឈាន? ហើយ ឈាន របស់​អរិយ​​យ៉ាង​ណា​ដែរ? សូម​មើល៖ ទុតិយនានាករណសូត្រ

an 04.123 បាលី cs-km: sut.an.04.123 អដ្ឋកថា: sut.an.04.123_att PTS: ?

បឋមនានាករណសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. បឋមនានាករណសុត្តំ)

[១២៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ ក៏បានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិនិងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់សម្រាន្តនៅ។ កុលបុត្តនោះ ក៏ត្រេកអរនឹងបឋមជ្ឈាននោះ ស្រឡាញ់បឋមជ្ឈាននោះ ដល់នូវសេចក្តីត្រេកអរ ដោយបឋមជ្ឈាននោះ ឋិតនៅក្នុងបឋមជ្ឈាននោះ មានចិត្តចុះស៊ប់ ក្នុងបឋមជ្ឈាននោះ ជាអ្នកនៅច្រើន ដោយបឋមជ្ឈាននោះ មិនបានសាបសូន្យចាកឈាន លុះធ្វើមរណកាលទៅ រមែងទៅកើតជាមួយនឹងពួកព្រហ្មកាយិកទេវតា។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកព្រហ្មកាយិកទេវតា ប្រមាណ ១ កប្ប1) ព្រហ្មបុថុជ្ជនឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជននោះ ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆាន កំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា ក៏ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះសេចក្តីប្លែកគ្នា នេះសេចក្តីអធិប្បាយ នេះដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ បានដល់ទុតិយជ្ឈាន ជាធម្មជាត កើតមានក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ សម្រាន្តនៅ។ បុគ្គលនោះ ក៏ត្រេកអរនឹងទុតិយជ្ឈាននោះ ស្រឡាញ់ទុតិយជ្ឈាននោះ ដល់នូវសេចក្តីត្រេកអរ ដោយទុតិយជ្ឈាននោះ ឋិតនៅក្នុងទុតិយជ្ឈាននោះ មានចិត្តចុះស៊ប់ ក្នុងទុតិយជ្ឈាននោះ ជាអ្នកនៅដោយច្រើន ក្នុងទុតិយជ្ឈាននោះ មិនបានសាបសូន្យចាកឈាន លុះធ្វើមរណកាលទៅ រមែងទៅកើតជាមួយនឹងពួកទេវតា ជាន់អាភស្សរៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតាជាន់អាភស្សរៈ ប្រមាណ២កប្ប2) ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ក៏ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះ សេចក្តីប្លែកគ្នា នេះសេចក្តីអធិប្បាយ នេះដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះនឿយណាយ ចាកបីតិផង ជាបុគ្គលព្រងើយកន្តើយផង មានស្មារតីដឹងខ្លួនផង បាននូវសុខ ដោយនាមកាយផង រមែងបានដល់នូវតតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ តែងសរសើរថា បុគ្គលដែលបានតតិយជ្ឈាន ជាអ្នកព្រងើយកន្តើយ មានស្មារតីនៅជាសុខ។ បុគ្គលនោះ ក៏ត្រេកអរនឹងតតិយជ្ឈាននោះ ស្រឡាញ់តតិយជ្ឈាននោះ ដល់នូវសេចក្តីត្រេកអរ ដោយតតិយជ្ឈាននោះ ឋិតនៅក្នុងតតិយជ្ឈាននោះ មានចិត្តចុះស៊ប់ ក្នុងតតិយជ្ឈាននោះ ជាអ្នកនៅដោយច្រើន ក្នុងតតិយជ្ឈាននោះ មិនសាបសូន្យចាកឈាន លុះធ្វើមរណកាលទៅ ក៏ទៅកើតជាមួយនឹងពួកទេវតាជាន់សុភកិណ្ហៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតា ជាន់សុភកិណ្ហៈ ប្រមាណ ៤ កប្ប3) ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ពួកទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុ របស់ពួកទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះសេចក្តីប្លែកគ្នា នេះសេចក្តីអធិប្បាយ នេះដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះលះបង់សុខផង លះបង់ទុក្ខផង ព្រោះវិនាសទៅ នៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ក៏បានដល់នូវចតុត្ថជ្ឈាន ដែលមិនមានសុខ មិនមានទុក្ខ មានតែសតិ ដ៏បរិសុទ្ធ កើតអំពីឧបេក្ខា សម្រាន្តនៅ។ បុគ្គលនោះ ក៏ត្រេកអរនឹងចតុត្ថជ្ឈាននោះ ស្រឡាញ់ចតុត្ថជ្ឈាននោះ ដល់នូវសេចក្តីតេ្រកអរ ដោយចតុត្ថជ្ឈាននោះ ឋិតនៅក្នុងចតុត្ថជ្ឈាននោះ មានចិត្តចុះស៊ប់ ក្នុងចតុត្ថជ្ឈាននោះ ជាអ្នកនៅដោយច្រើន ក្នុងចតុត្ថជ្ឈាននោះ មិនបានសាបសូន្យចាកឈាន លុះធ្វើមរណកាលទៅ រមែងទៅកើតជាមួយនឹងពួកទេវតា ជាន់វេហប្ផលៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតា ជាន់វេហប្ផលៈ ប្រមាណ ៥០០ កប្ប4) ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ ក៏រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជាដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួក នេះឯង រមែងមានប្រាកដក្នុងលោក។

 

លេខយោង

1)
បឋមជ្ឈាន (មាន ៣ចំណែក) គឺបឋមជ្ឈានដ៏ថោកទាប ១ បឋមជ្ឈានយ៉ាងកណ្តាល ១ បឋមជ្ឈានយ៉ាងឧត្តម ១។ កប្ប ១ ចែកជា៣ចំណែក ៗទី៣ ទុកជាប្រមាណនៃអាយុរបស់សត្វ ដែលកើតដោយបឋមជ្ឈាន ដ៏ថោកទាប កន្លះកប្ប ជាប្រមាណនៃអាយុរបស់សត្វ ដែលកើតដោយបឋមជ្ឈានយ៉ាងកណ្តាល ១កប្ប ជាប្រមាណ នៃអាយុរបស់សត្វ ដែលកើតដោយបឋមជ្ឈាន យ៉ាងឧត្តម។ អដ្ឋកថា។
2)
ទុតិយជ្ឈាន ក៏ចែកជា ៣ចំណែក ដូចបឋមជ្ឈានដែរ គឺសត្វដែលកើតក្នុងអាភស្សរព្រហ្ម ដោយទុតិយជ្ឈានដ៏ឧត្តម មានអាយុប្រមាណ ៨កប្ប ដោយទុតិយជ្ឈានយ៉ាងកណ្តាល អាយុ ៥កប្ប ដោយទុតិយជ្ឈានយ៉ាងថោកទាប អាយុ២កប្ប។ អដ្ឋកថា។
3)
តតិយជ្ឈានចែកជា ៣ ចំណែក ដូចទុតិយជ្ឈានដែរ គឺតតិយជ្ឈាន ដ៏ថោកទាបអាយុ ១៦ កប្ប យ៉ាងកណ្តាល អាយុ ៣២ កប្ប យ៉ាងឧត្តម អាយុ ៦៤ កប្ប។ អដ្ឋកថា។
4)
សំដៅយកឧបបត្តិជ្ឈាន ដ៏ឧត្តមតែម៉្យាង ឯប្រមាណនៃអាយុ ក្នុងស្ថានវេហប្ផលព្រហ្មតែប៉ុណ្ណេះឯង ព្រោះព្រហ្មនេះ មិនមានចែកជា ៣ ៗ ដូចជាព្រហ្មក្នុងបឋមជ្ឈានភូមិ ជាដើមទេ។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.123.txt · ពេលកែចុងក្រោយ: 2023/08/20 09:13 និពន្ឋដោយ Johann