km:tipitaka:sut:an:04:sut.an.04.125

បឋមមេត្តាសូត្រ ទី៥

សង្ខេប

តើ​អ្វី​ជា​ដំណើរ​ផ្សេង​គ្នា របស់​អរិយសាវក ដែល​មាន​សេចក្តី​ចេះ​ដឹង និង​បុថុជ្ជន ​ដែល​មិន​មានសេចក្តី​ចេះ​ដឹង ដែល​ជំរឿន​​ព្រហ្ម​វិហារ​ធម្ម។ ចុះ​ព្រហ្មវិហារ​ធម៌​របស់​អរិយៈ​​វិញ? សូមមើល៖ ទុតិយមេត្តាសូត្រ

an 04.125 បាលី cs-km: sut.an.04.125 អដ្ឋកថា: sut.an.04.125_att PTS: ?

បឋមមេត្តាសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា អានដោយ ឧបាសិកា ស៊ុនហ៊ាង

(៥. បឋមមេត្តាសុត្តំ)

[១២៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចៗគ្នា មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយការយកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រេច សម្រាន្តនៅ។ បុគ្គលនោះ ក៏តេ្រកអរនឹងមេត្តានោះ ស្រឡាញ់មេត្តានោះ ដល់នូវសេចក្តីតេ្រកអរ ដោយមេត្តានោះ ឋិតនៅក្នុងមេត្តានោះ មានចិត្តចុះស៊ប់ ក្នុងមេត្តានោះ ជាអ្នកនៅដោយច្រើន ដោយមេត្តានោះ មិនបានសាបសូន្យចាកមេត្តា លុះធ្វើមរណកាលទៅ រមែងចូលទៅកាន់សហភាព នៃពួកព្រហ្មកាយិកទេវតា។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកព្រហ្មកាយិកទេវតា មានប្រមាណ ១ កប្ប ព្រហ្មបុថុជ្ជនឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ក៏ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជាដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយករុណា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូច ៗ គ្នា មានចិត្តប្រកបដោយករុណា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយការយកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទិសទាំងពួង សម្រេចសម្រាន្តនៅ។ បុគ្គលនោះ ក៏ត្រេកអរនឹងករុណានោះ ស្រឡាញ់ករុណានោះ ដល់នូវសេចក្តីត្រេកអរ ដោយករុណានោះ ឋិតនៅក្នុងករុណានោះ មានចិត្តចុះស៊ប់ ក្នុងករុណានោះ ជាអ្នកនៅដោយច្រើន ដោយករុណានោះ មិនបានសាបសូន្យចាកករុណា លុះធ្វើមរណកាលទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតា ជាន់អាភស្សរៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតា ជាន់អាភស្សរៈ មានប្រមាណ ២ កប្ប ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជាដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយមុទិតា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី៣ ទិសទី ៤ ក៏ដូច ៗ គ្នា មានចិត្តប្រកបដោយមុទិតា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយការយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ។ បុគ្គលនោះ ក៏ត្រេកអរនឹងមុទិតានោះ ស្រឡាញ់មុទិតានោះ ដល់នូវសេចក្តីត្រេកអរ ដោយមុទិតានោះ ឋិតនៅក្នុងមុទិតានោះ មានចិត្តចុះស៊ប់ ក្នុងមុទិតានោះ ជាអ្នកនៅច្រើន ដោយមុទិតានោះ មិនបានសាបសូន្យ ចាកមុទិតា លុះធ្វើមរណកាលទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតាជាន់សុភកិណ្ហៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតា ជាន់សុភកិណ្ហៈ មានប្រមាណ ៤ កប្ប បុថុជ្ជនឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងនោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជាដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូច ៗ គ្នា មានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយការយកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ។ បុគ្គលនោះ ក៏តេ្រកអរនឹងឧបេក្ខានោះ ស្រឡាញ់ឧបេក្ខានោះ ដល់នូវសេចក្តីតេ្រកអរ ដោយឧបេក្ខានោះ ឋិតនៅក្នុងឧបេក្ខានោះ មានចិត្តចុះស៊ប់ ក្នុងឧបេក្ខានោះ ជាអ្នកនៅច្រើន ដោយឧបេក្ខានោះ មិនបានសាបសូន្យ ចាកឧបេក្ខា លុះធ្វើមរណកាលទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតាជាន់វេហប្ផលៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតាជាន់វេហប្ផលៈ មានប្រមាណ ៥០០ កប្ប ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃ អាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជាដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.125.txt · ពេលកែចុងក្រោយ: 2023/12/16 04:12 និពន្ឋដោយ Sunheang