km:tipitaka:sut:an:04:sut.an.04.126

ទុតិយមេត្តាសូត្រ ទី៦

សង្ខេប

ព្រហ្មវិហារ​ធម៌​នៃ​អរិយៈ។ ចុះ​ព្រហ្មវិហារ​ធម៌​ធម្មតា​វិញ? សូមមើល៖ បឋមមេត្តាសូត្រ

an 04.126 បាលី cs-km: sut.an.04.126 អដ្ឋកថា: sut.an.04.126_att PTS: ?

ទុតិយមេត្តាសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

sut.an.04.126.mp4

(៦. ទុតិយមេត្តាសុត្តំ)

[១២៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូច ៗ គ្នា មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺ ទិសតូច ៗ ដោយការយកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទិសទាំងពួង សម្រេចសម្រាន្តនៅ។ ធម៌ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មាន ក្នុងលោកនោះ បុគ្គលនោះ តែងពិចារណាឃើញ នូវធម៌ទាំងនោះ ដោយសភាពថា មិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តីតានតឹង ថាជាអាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់សោះសូន្យ ថាជារបស់មិនមែនរបស់ខ្លួន។ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតា ជាន់សុទ្ធាវាស។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាឧបបត្តិ មិនបានទួទៅ ដល់បុថុជ្ជនទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយករុណា…។ មានចិត្តប្រកបដោយមុទិតា…។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូច ៗ គ្នា មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយការយកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ។ ធម៌ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មានក្នុងលោកនោះ បុគ្គលនោះ តែងពិចារណាឃើញ នូវធម៌ទាំងនោះ ដោយសភាពថា មិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តីតានតឹង ថាជាអាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់សោះសូន្យ ថាជារបស់មិនមែនជារបស់ខ្លួន។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតា ជាន់សុទ្ធាវាស។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាឧបបត្តិ មិនបានទួទៅ ដល់បុថុជ្ជនទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.126.txt · ពេលកែចុងក្រោយ: 2023/08/20 09:30 និពន្ឋដោយ Johann