km:tipitaka:sut:an:04:sut.an.04.127

បឋមតថាគតអច្ឆរិយសូត្រ ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.127 បាលី cs-km: sut.an.04.127 អដ្ឋកថា: sut.an.04.127_att PTS: ?

បឋមតថាគតអច្ឆរិយសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៧. បឋមតថាគតអច្ឆរិយសុត្តំ)

[១២៧] ម្នាលភិក្ខុទាំងឡាយ ហេតុដែលអស្ចារ្យចំឡែក ៤ យ៉ាង រមែងកើតប្រាកដ ព្រោះការកើតនៃតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ហេតុដែលអស្ចារ្យចំឡែក ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពោធិសត្វ ច្យុតចាកពួកទេវតាជាន់តុសិត មានស្មារតីដឹងខ្លួន ចុះកាន់ផ្ទៃនៃព្រះមាតា ក្នុងកាលណា កាលនោះ ពន្លឺដ៏លើសលុប ប្រមាណមិនបាន កន្លងបង់នូវអានុភាព ដ៏ប្រសើរ របស់ទេវតាទាំងឡាយ ក៏កើតប្រាកដ ក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងញ្រហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ចំណែកលោកន្តរិកនរក1) ទាំងប៉ុន្មាន ដែលជាទីចំហ មិនមានអ្វីទ្រ ខាងក្រោមជាទីងងឹត មានតែអ័ព្ទងងឹតសូន្យសុង ពន្លឺព្រះចន្រ្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ2) រមែងផ្សាយទៅមិនដល់3) លោកន្តរិកនរកណា ពន្លឺដ៏លើសលុប ប្រមាណមិនបាន កន្លងបង់នូវអានុភាពដ៏ប្រសើរ របស់ទេវតាទាំងឡាយ ក៏កើតមានប្រាកដ ក្នុងលោកន្តរិកនរកនោះឯង ពួកសត្វណា ដែលកើតក្នុងលោកន្តរិកនរកនោះ សត្វទាំងនោះ ក៏ស្គាល់គ្នានិងគ្នា ដោយសារពន្លឺនោះថា ឱហ្ន៎ ពួកសត្វដទៃ មកកើតក្នុងទីនេះដែរតើ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ អស្ចារ្យចំឡែក ទី១ កើតប្រាកដឡើង ព្រោះការកើតឡើង នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពោធិសត្វ មានស្មារតីដឹងខ្លួន ប្រសូតចេញចាកផ្ទៃនៃព្រះមាតា ក្នុងកាលណា។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុដែលអស្ចារ្យចំឡែក ទី២ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត បានត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលណា។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ អស្ចារ្យចំឡែក ទី៣ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ព្រះតថាគត ញុំាងធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ក្នុងកាលណា កាលនោះ ពន្លឺដ៏លើសលុប ប្រមាណមិនបាន កន្លងបង់នូវអានុភាព ដ៏ប្រសើរ របស់ទេវតាទាំងឡាយ ក៏កើតមានប្រាកដ ក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងញ្រហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ចំណែកលោកន្តរិកនរកទាំងប៉ុន្មាន ដែលជាទីចំហ មិនមានអ្វីទ្រខាងក្រោម ជាទីងងឹត មានតែអ័ព្ទងងឹតសូន្យសុង ពន្លឺនៃព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះ ក៏រមែងផ្សាយទៅមិនដល់ ក្នុងលោកន្តរិកនរកណា ពន្លឺដ៏លើសលុប ប្រមាណមិនបាន កន្លងបង់នូវអានុភាពដ៏ប្រសើរ របស់ទេវតាទាំងឡាយ ក៏កើតមានប្រាកដ ក្នុងលោកន្តរិកនរកនោះឯង ពួកសត្វណា កើតក្នុងលោកន្តរិកនរកនោះ សត្វទាំងនោះឯង ក៏ស្គាល់គ្នានិងគ្នា ដោយសារពន្លឺនោះថា ឱហ្ន៎ មានពួកសត្វដទៃ មកកើតក្នុងទីនេះដែរតើ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៤ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ៤ យ៉ាងនេះឯង រមែងកើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។

 

លេខយោង

1)
នរកដែលតាំងនៅក្នុងចន្លោះ នៃចក្រវាឡ ៣ៗ ហៅថាលោកន្តរៈ ១ ដូចជាឱកាសត្រង់កណ្តាល នៃប្រជុំកង់រទេះបី ៗ ឬបាត្របី ដែលគេដាក់ទល់គ្នានិងគ្នា នរកនោះឯង មានទំហំ ៨ ពាន់យោជន៍ សត្វដែលកើតក្នុងនរកនោះ ព្រោះធ្វើនូវកំហុស ដ៏មានទម្ងន់ ចំពោះមាតាបិតា និងសមណញ្រហ្មណ៍ ដែលប្រកបដោយធម៌ ឬព្រោះអំពើដទៃ ដ៏ឆុតឆាប់ មានសម្លាប់សត្វរាល់ ៗ ថ្ងៃ ជាដើម សត្វនរកទាំងនោះ មានខ្លួន ៣ គាវុត មានក្រចកវែង ៗ ព្យួរ តែងតោងនឹងជើងភ្នំចក្រវាឡ ដោយក្រចក ដូចសត្វប្រចៀវតោងដើមឈើ។ អដ្ឋកថា។
2)
មានឫទ្ធិច្រើន ដោយហេតុរះឡើងម្តង បំភ្លឺបានក្នុងទ្វីប ៣ មានអានុភាពច្រើន ដោយហេតុកំចាត់បង់ នូវងងឹត បញ្ចេញពន្លឺចម្ងាយ ៩ សែនយោជន៍ ទៅក្នុងទិសមួយ ៗ។
3)
ព្រះចន្ទ្រ និងព្រះអាទិត្យទាំងនោះ ដើរចំកណ្តាលភ្នំចក្រវាឡ ឯលោកន្តរិកនរក កន្លងហួសភ្នំចក្រវាឡទៅទៀត ព្រោះហេតុនោះ បានជាពន្លឺនៃព្រះអាទិត្យ ព្រះចន្ទ្រ ផ្សាយទៅមិនដល់ក្នុងនរកនោះ។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.127.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann