km:tipitaka:sut:an:04:sut.an.04.128

ទុតិយតថាគតអច្ឆរិយសូត្រ ទី៨

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.128 បាលី cs-km: sut.an.04.128 អដ្ឋកថា: sut.an.04.128_att PTS: ?

ទុតិយតថាគតអច្ឆរិយសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. ទុតិយតថាគតអច្ឆរិយសុត្តំ)

[១២៨] ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ៤ យ៉ាង រមែងកើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ហេតុអស្ចារ្យ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ មានអាល័យ1) ជាទីត្រេកអរ ត្រេកអរក្នុងអាល័យ រីករាយក្នុងអាល័យ ពពួកសត្វនោះឯង កាលបើតថាគតសំដែងធម៌ ជាទំនាស់ដល់អាល័យ ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក ដំកល់ចិត្តខ្ជាប់ ដើម្បីដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី១ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ មានមានះជាទីត្រេកអរ ត្រេកអរក្នុងមានះ រីករាយក្នុងមានះ ពពួកសត្វនោះ កាលបើព្រះតថាគត សំដែងនូវធម៌ ជាគ្រឿងកំចាត់បង់នូវមានះ ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក ដំកល់ចិត្តខ្ជាប់ ដើម្បីដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី២ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ មានសេចក្តីមិនស្ងប់រម្ងាប់ជាទីតេ្រកអរ ត្រេកអរក្នុងសេចក្តីមិនស្ងប់រម្ងាប់ រីករាយក្នុងសេចក្តីមិនស្ងប់រម្ងាប់ ពពួកសត្វនោះ កាលបើព្រះតថាគត សំដែងនូវធម៌ ជាគ្រឿងស្ងប់រម្ងាប់ ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក ដំកល់ចិត្តខ្ជាប់ ដើម្បីដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៣ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ ប្រកបដោយអវិជ្ជា ដូចខ្វាក់ ត្រូវអវិជ្ជារួបរឹត ពពួកសត្វនោះ កាលបើព្រះតថាគត សំដែងធម៌ ជាគ្រឿងកំចាត់បង់អវិជ្ជា ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក ដំកល់ចិត្តខ្ជាប់ដើម្បីដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៤ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែកទាំង ៤ នេះឯង រមែងកើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។

 

លេខយោង

1)
កាមគុណ ៥ ឬវដ្តៈទាំងអស់នេះ ហៅថា អាល័យក្នុងទីនេះ បានសេចក្តីថា ជាប់នៅដោយតណ្ហា និង ទិដ្ឋិ។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.128.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann