km:tipitaka:sut:an:04:sut.an.04.129

អានន្ទអច្ឆរិយសូត្រ ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.129 បាលី cs-km: sut.an.04.129 អដ្ឋកថា: sut.an.04.129_att PTS: ?

អានន្ទអច្ឆរិយសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. អានន្ទអច្ឆរិយសុត្តំ)

[១២៩] ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងអានន្ទនេះ មាន ៤យ៉ាង។ ហេតុអស្ចារ្យចំឡែក ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុបរិសទ្យ ចូលទៅដើម្បីជួបនឹង1) អានន្ទ ភិក្ខុបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនីបរិសទ្យ ចូលទៅដើម្បីជួបនឹងអានន្ទ ភិក្ខុនីបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ក្នុងទី2) នោះ ភិក្ខុនីបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើឧបាសកបរិសទ្យ ចូលទៅដើម្បីជួបនឹងអានន្ទ ឧបាសកបរិសទ្យ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ ក្នុងទីនោះ ឧបាសកបរិសទ្យ3) នោះ តែងមានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ឧបាសកបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើឧបាសិកាបរិសទ្យ ចូលទៅដើម្បីជួបនឹងអានន្ទ ឧបាសិកាបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ ក្នុងទីនោះ ឧបាសិកាបរិសទ្យ ក៏មានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ឧបាសិកាបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងអានន្ទ ៤ យ៉ាងនេះឯង។

 

លេខយោង

1)
សំដៅយកពួកភិក្ខុ ដែលមានប្រាថ្នា ចូលទៅគាល់ព្រះដ៏មានព្រះភាគ តែងចូលទៅរកព្រះអានន្ទសិន ឬពួកភិក្ខុ ដែលមកព្រោះឮកិត្តិគុណ របស់ព្រះអានន្ទត្ថេរថា ព្រះអានន្ទដ៏មានអាយុ មានរូបល្អ គួរឲ្យរមិលមើល ជាពហុស្សូត ជាធម្មកថិក ជាអ្នកមានលម្អក្នុងសង្ឃ។ បរិសទ្យ ៣ ខាងចុង ក៏មានន័យដូចនេះដែរ។
2)
គឺនិយាយ នូវបដិសន្ថារធម៌ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចុះអ្នកល្មមអត់ទ្រាំបានដែរឬ ល្មមប្រព្រឹត្តទៅ បានស្រួលដែរឬ អ្នកទាំងឡាយ ធ្វើនូវអំពើក្នុងការយកចិត្តទុកដាក់ ដោយឧបាយ ប្រាជ្ញា បានបំពេញអាចរិយវត្ត និងឧបជ្ឈាយវត្តដែរឬ។
3)
និយាយទូន្មានថា នែឧបាសក អ្នកទាំងឡាយ រក្សានូវសរណគមន៍ ៣ និងសីល ៥ ដូចម្តេចខ្លះ ធ្វើឧបោសថ ៨ ក្នុងខែ ១ ដូចម្តេចខ្លះ បំពេញ នូវឧបដ្ឋានវត្ត ដល់មាតាបិតា ដូចម្តេចខ្លះ ផ្គត់ផ្គង់សមណៈ និងញ្រហ្មណ៍ ដែលប្រកបដោយធម៌ ដូចម្តេចខ្លះ។ ក្នុងឧបាសិកាបរិសទ្យ ក៏ដូចគ្នា។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.129.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann