km:tipitaka:sut:an:04:sut.an.04.138

និកដ្ឋសូត្រ ទី៨

សង្ខេប

បុគ្គល ៤ពួក ដោយ​​ចេតនា (ចិត្ត) និង​​លំនៅ (កាយ)។

an 04.138 បាលី cs-km: sut.an.04.138 អដ្ឋកថា: sut.an.04.138_att PTS: ?

និកដ្ឋសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៨. និកដ្ឋសុត្តំ)

[១៣៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺបុគ្គលមានកាយចេញទៅ មានចិត្តមិនចេញទៅ ១ មានកាយមិនចេញទៅ មានចិត្តចេញទៅ ១ មានកាយមិនចេញទៅផង មានចិត្តក៏មិនចេញទៅផង ១ មានកាយចេញទៅផង មានចិត្តចេញទៅផង ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានកាយចេញទៅ មានចិត្តមិនចេញទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ នៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ តែបុគ្គលនោះ តែងត្រិះរិះនូវកាមវិតក្កៈក្តី ត្រិះរិះនូវព្យាបាទវិតក្កៈក្តី ត្រិះរិះ នូវវិហឹសាវិតក្កៈក្តី ក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយចេញទៅ តែមានចិត្តមិនចេញទៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានកាយមិនចេញទៅ មានចិត្តចេញទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិននៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ទេ តែបុគ្គលនោះ តែងត្រិះរិះ នូវនេក្ខម្មវិតក្កៈក្តី ត្រិះរិះនូវអព្យាបាទវិតក្កៈក្តី ត្រិះរិះនូវអវិហឹសាវិតក្កៈក្តី ក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយមិនចេញ តែមានចិត្តចេញទៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានកាយមិនចេញទៅផង មានចិត្តក៏មិនចេញទៅផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិននៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ទេ បុគ្គលនោះ ថែមទាំងត្រិះរិះ នូវកាមវិតក្កៈក្តី ត្រិះរិះនូវព្យាបាទវិតក្កៈក្តី ត្រិះរិះនូវវិហឹសាវិតក្កៈក្តី ក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយមិនចេញទៅផង មានចិត្តក៏មិនចេញទៅផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល មានកាយចេញទៅផង មានចិត្តក៏ចេញទៅផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ នៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ បុគ្គលនោះ ថែមទាំងត្រិះរិះ នូវនេក្ខម្មវិតក្កៈក្តី ត្រិះរិះនូវអព្យាបាទវិតក្កៈក្តី ត្រិះរិះនូវអវិហឹសាវិតក្កៈក្តី ក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយចេញទៅផង មានចិត្តក៏ចេញទៅផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.138.txt · ពេលកែចុងក្រោយ: 2023/08/17 13:01 និពន្ឋដោយ Cheav Villa