km:tipitaka:sut:an:04:sut.an.04.159

ភិក្ខុនីសូត្រ ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.159 បាលី cs-km: sut.an.04.159 អដ្ឋកថា: sut.an.04.159_att PTS: ?

ភិក្ខុនីសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. ភិក្ខុនីសុត្តំ)

[៩] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះ ភិក្ខុនី ១រូប បានហៅបុរសម្នាក់ មកបង្គាប់ថា នែបុរសអើយ ចូរអ្នកមកអាយ ចូរអ្នកចូលរកព្រះអានន្ទជាម្ចាស់ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះបាទា ព្រះអានន្ទជាម្ចាស់ ដោយត្បូង តាមពាក្យរបស់យើងថា បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុនីឈ្មោះនេះ មានអាពាធ ទទួលទុក្ខវេទនា ឈឺធ្ងន់ នាងក្រាបថ្វាយបង្គំព្រះបាទា ព្រះអានន្ទជាម្ចាស់ ដោយត្បូងដូច្នេះ ហើយចូរទូលយ៉ាងនេះថា សូមព្រះអានន្ទជាម្ចាស់ ករុណាចូលទៅសួរភិក្ខុនីនោះ ក្នុងសំណាក់ភិក្ខុនី ដោយអាស្រយ័សេចក្ដីអនុគ្រោះផងចុះ។ បុរសនោះ ក៏ទទួលពាក្យនាងភិក្ខុនីនោះថា ព្រះករុណានាងម្ចាស់ ហើយក៏ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ ទើបថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ រួចអង្គុយក្នុងទីសមគួរ។ លុះបុរសនោះ អង្គុយក្នុងទីសមគួរហើយ ទើបទូលព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះករុណាដ៏ចំរើន ភិក្ខុនីឈ្មោះនេះ មានអាពាធ ទទួលទុក្ខវេទនា ឈឺធ្ងន់ នាងក្រាបថ្វាយបង្គំព្រះបាទាព្រះអានន្ទជាម្ចាស់ដោយត្បូង រួចនាងពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះអានន្ទជាម្ចាស់ ករុណាចូលទៅសួរភិក្ខុនីនោះ ក្នុងសំណាក់ភិក្ខុនី ដោយអាស្រ័យសេចក្តីអនុគ្រោះផងចុះ។ ព្រះអានន្ទដ៏មានអាយុ ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសមយ័ ហើយចូលទៅកាន់លំនៅនាងភិក្ខុនី។ ឯភិក្ខុនីនោះ បានឃើញព្រះអានន្ទដ៏មានអាយុ និមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏សិងលើគ្រែ ដណ្តប់ទទូរទាំងក្បាល។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅត្រង់ទី ដែលនាងភិក្ខុនីនោះនៅ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះអានន្ទដ៏មានអាយុ គង់ហើយ ទើបនិយាយទៅនឹងនាងភិក្ខុនីនោះ ដូច្នោះថា ម្នាលនាង កាយនេះ កើតមកដោយអាហារ បុគ្គលអាស្រ័យនូវអាហារហើយ គប្បីលះអាហារចេញ ម្នាលនាង កាយនេះ កើតមកដោយតណ្ហា បុគ្គលអាស្រ័យនូវតណ្ហាហើយ គប្បីលះតណ្ហាចេញ ម្នាលនាង កាយនេះ កើតមកដោយមានះ បុគ្គលអាស្រ័យនូវមានះហើយ គប្បីលះមានះចេញ ម្នាលនាង កាយនេះ កើតមកដោយមេថុន បុគ្គលត្រូវលះបង់នូវមេថុនចេញ ព្រោះថា មេថុននោះ ព្រះដ៏មានព្រះភាគ ត្រាស់ថា ជាទោសសម្លាប់នូវហេតុ។ ក៏ពាក្យដែលយើងពោលហើយថា ម្នាលនាង កាយនេះ កើតមកដោយអាហារ បុគ្គលអាស្រ័យនូវអាហារហើយ គប្បីលះអាហារចេញ ដូច្នេះនេះ ពាក្យនុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលនាង ភិក្ខុក្នុងសាសនានេះ បរិភោគនូវអាហារ ពិចារណាដោយឧបាយ មិនបរិភោគដើម្បីលេងទេ មិនបរិភោគដើម្បីស្រវឹងទេ មិនបរិភោគដើម្បីប្រដាប់ទេ មិនបរិភោគដើម្បីស្អិតស្អាងទេ បរិភោគគ្រាន់តែដើម្បីតាំងនៅនៃកាយនេះ ដើម្បីញុំាងជីវិតិន្រ្ទិយ ឲ្យប្រព្រឹត្តទៅ ដើម្បីកំចាត់បង់សេចក្តីលំបាក ដើម្បីអនុគ្រោះព្រហ្មចរិយធម៌ គឺបរិភោគដោយគិតថា អាត្មាអញ នឹងកំចាត់បង់នូវវេទនាចាស់ផង ទាំងមិនឲ្យវេទនាថ្មីកើតឡើងផង ការប្រព្រឹត្តទៅនៃឥរិយាបថ ៤ ក្តី ការមិនមានទោស គឺមិនច្រអូសកាយ មិនច្រអូសចិត្តក្តី ការនៅជាសុខក្តី នឹងមានដល់អាត្មាអញ។ លុះសម័យខាងក្រោយមក ភិក្ខុទាំងនោះ ក៏អាស្រ័យអាហារហើយ លះបង់អាហារចេញ។ ពាក្យណាដែលយើងពោលហើយថា ម្នាលនាង កាយនេះ កើតមកដោយអាហារ បុគ្គលអាស្រ័យនូវអាហារហើយ គប្បីលះអាហារចេញ ដូច្នេះ ពាក្យនុ៎ះ ដែលយើងពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ក៏ពាក្យថា ម្នាលនាង កាយនេះ កើតមកដោយតណ្ហា បុគ្គលអាស្រ័យនូវតណ្ហាហើយ គប្បីលះតណ្ហាចេញ ដូច្នេះនេះ យើងបានពោលហើយ ពាក្យនុ៎ះ ដែលយើងពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលនាង ភិក្ខុក្នុងសាសនានេះ បានឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ អាសវៈទាំងឡាយ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញ នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ។ លុះសម័យខាងក្រោយមក ភិក្ខុនោះ ក៏អាស្រ័យនូវតណ្ហា ហើយលះបង់តណ្ហាបាន។ ពាក្យណា ដែលយើងពោលហើយថា ម្នាលនាង កាយនេះ កើតមកដោយតណ្ហា បុគ្គលអាស្រ័យនូវតណ្ហាហើយ គប្បីលះតណ្ហាចេញ ដូច្នេះ ពាក្យនុ៎ះ យើងបានពោល ហើយ ព្រោះអាស្រ័យហេតុនេះឯង។ ពាក្យដែលថា ម្នាលនាង កាយនេះ កើតមកដោយ មានះ បុគ្គលអាស្រ័យនូវមានះហើយ គប្បីលះមានះចេញ ដូច្នេះនេះ យើងបានពោលហើយ ពាក្យនុ៎ះ ដែលយើងពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលនាង ភិក្ខុក្នុងសាសនានេះ បានឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយ បញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អម្បាលយ៉ាងលោកដ៏មានអាយុនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ចំណែកអាត្មាអញ ចាំបាច់និយាយធ្វើអ្វី។ លុះសម័យខាងក្រោយមក ភិក្ខុនោះ អាស្រ័យមានះ ហើយលះបង់មានះបាន។ ពាក្យណា ដែលយើងពោលហើយថា ម្នាលនាង កាយនេះ កើតមកដោយមានះ បុគ្គលអាស្រ័យនូវមានះហើយ គប្បីលះមានះចេញ ដូច្នេះ ពាក្យនុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលនាង កាយនេះ កើតមកដោយមេថុន បុគ្គលត្រូវលះបង់ នូវមេថុនចេញ ព្រោះមេថុននោះ ព្រះដ៏មានព្រះភាគ ត្រាស់ថាជាទោស តែងសម្លាប់នូវហេតុ។ លំដាប់នោះ នាងភិក្ខុនីនោះ ក្រោកអំពីគ្រែ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបចុះទៀបព្រះបាទា នៃព្រះអានន្ទដ៏មានអាយុ ដោយសិរសា ហើយពោលខមាទោស នឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ទោសកំហុសត្រូវនូវខ្ញុំម្ចាស់ហើយ ដោយខ្ញុំម្ចាស់ជាស្រ្តីល្ងង់ ជាស្រ្តីវង្វេង ជាស្រ្តីមិនឈ្លាសវៃ យ៉ាងណា ខ្ញុំម្ចាស់ឯណា បានធ្វើអំពើយ៉ាងនេះ បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះអានន្ទជាម្ចាស់ អត់នូវទោសកំហុស តាមទោសកំហុស ដល់ខ្ញុំម្ចាស់នោះ ដើម្បីនឹងសង្រួមតទៅ។ ព្រះអានន្ទតបថា អើនាង ទោសកំហុស ត្រូវនាងហើយ ដោយសារនាងជាស្រ្តីល្ងង់ ជាស្រ្តីវង្វេង ជាស្រ្តីមិនឈ្លាសវៃ យ៉ាងណា នាងបានធ្វើអំពើយ៉ាងនេះ ម្នាលនាង កាលណាបើនាងឃើញទោសកំហុស តាមទោសកំហុស ហើយសំដែងឲ្យសមគួរតាមធម៌ យើងនឹងទទួលទោសកំហុសនោះ របស់នាង ម្នាលនាង ស្រ្តីឯណា បានឃើញទោសកំហុស តាមទោសកំហុស ហើយសំដែង ឲ្យសមគួរតាមធម៌ ដល់នូវសេចក្តីសង្រួមតទៅ នោះជាសេចក្តីចំរើន របស់ស្រ្តីនោះ ក្នុងវិន័យរបស់ព្រះអរិយៈ។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.159.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann