តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ចតុក្កនិបាត » ចតុត្ថបណ្ណាសក ទី៤ » សញ្ចេតនិយវគ្គ ទី៣ (១៨) »
តើអ្វីទៅជាហេតុដែលនាំឲ្យមានសេចក្តីសុខ និងទុក្ខក្រោកឡើង?
an 04.171 បាលី cs-km: sut.an.04.171 អដ្ឋកថា: sut.an.04.171_att PTS: ?
ចេតនាសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១. ចេតនាសុត្តំ)
[២១] ម្នាលភិក្ខុទាំងឡាយ កាលបើកាយទ្វារ1) មាន សុខទុក្ខជាខាងក្នុង រមែងកើតឡើង ព្រោះកាយសញ្ចេតនា2) ជាហេតុ ម្នាលភិក្ខុទាំងឡាយ កាលបើវចីទ្វារ មាន សុខទុក្ខជាខាងក្នុង រមែងកើតឡើង ព្រោះវចីសញ្ចេតនាជាហេតុ ម្នាលភិក្ខុទាំងឡាយ កាលបើមនោទ្វារ មាន សុខទុក្ខជាខាងក្នុង រមែងកើតឡើង ព្រោះមនោសញ្ចេតនាជាហេតុ ឬព្រោះអវិជ្ជាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលតាក់តែងកាយសង្ខារ ដោយខ្លួនឯង ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើង ក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដទៃតាក់តែងកាយសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសេចក្ដីដឹងច្បាស់3) តាក់តែងកាយសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមិនមានសេចក្ដីដឹងច្បាស់ តាក់តែងកាយសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល តាក់តែងវចីសង្ខារ ដោយខ្លួនឯង ដែលជាបច្ច័យនាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើង ក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដទៃតាក់តែងវចីសង្ខារ ដែលជាបច្ច័យនាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសេចក្ដីដឹងច្បាស់ តាក់តែងវចីសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលតាក់តែងមនោសង្ខារ ដោយខ្លួនឯង ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដទៃតាក់តែងមនោសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសេចក្ដីដឹងច្បាស់ តាក់តែងមនោសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងក៏មាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមិនមានសេចក្ដីដឹងច្បាស់ តាក់តែងមនោសង្ខារ ដែលជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងក៏មាន។ ម្នាលភិក្ខុទាំងឡាយ អវិជ្ជា តែងជាប់តាមទៅ ក្នុងធម៌ទាំងនេះ ព្រោះអវិជ្ជាវិនាស រលត់មិនមានសេសសល់ កាយនោះ រមែងមិនជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងបាន វាចានោះ រមែងមិនជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងបាន ចិត្តនោះ រមែងមិនជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងបាន ខេត្តរមែងមិនមាន… វត្ថុរមែងមិនមាន… អាយតនៈ រមែងមិនមាន… អធិករណ៍ រមែងមិនជាបច្ច័យ នាំឲ្យសុខទុក្ខ ជាខាងក្នុង កើតឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាពនេះ មាន៤យ៉ាង។ ការបានអត្តភាព ៤យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅ មិនមែនជាសញ្ចេតនា របស់បុគ្គលដទៃនាំទៅ ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព ដែលសញ្ចេតនា របស់បុគ្គលដទៃនាំទៅ មិនមែនជាសញ្ចេតនា របស់ខ្លួននាំទៅក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅផង សញ្ចេតនា របស់បុគ្គលដទៃ នាំទៅផងក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅ ក៏មិនមែន សញ្ចេតនារបស់បុគ្គលដទៃនាំទៅ ក៏មិនមែន ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការបានអត្តភាព មាន ៤យ៉ាងនេះឯង។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិត ដែលព្រះអង្គសំដែងសង្ខេបនេះ ខ្ញុំព្រះអង្គ អាចយល់សេចក្ដីដោយពិស្ដារបានយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន បណ្ដាការបានអត្តភាពទាំង៤នោះ ការបានអត្តភាព ដែល សញ្ចេតនារបស់ខ្លួននាំទៅ មិនមែនជាសញ្ចេតនា របស់បុគ្គលដទៃនាំទៅ ការច្យុតិចាក កាយនោះ របស់ពួកសត្វទាំងនោះ រមែងមាន ព្រោះសញ្ចេតនារបស់ខ្លួនជាហេតុ។ បពិត្រព្រះអង្គដ៏ចំរើន បណ្ដាការបានអត្តភាពទាំង ៤ នោះ ការបានអត្តភាព ដែលសញ្ចេតនា របស់បុគ្គលដទៃនាំទៅ មិនមែនសញ្ចេតនា របស់ខ្លួននាំទៅ ការច្យុតិចាកកាយនោះ របស់ពួកសត្វទាំងនោះ រមែងមាន ព្រោះសញ្ចេតនារបស់បុគ្គលដទៃជាហេតុ។ បពិត្រព្រះអង្គដ៏ចំរើន បណ្ដាការបានអត្តភាពទាំង ៤ នោះ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅផង សញ្ចេតនា របស់បុគ្គលដទៃនាំទៅផង ការច្យុតិចាកកាយនោះ របស់ពួកសត្វទាំងនោះ រមែងមាន ព្រោះសញ្ចេតនា របស់ខ្លួនជាហេតុផង ព្រោះសញ្ចេតនា របស់បុគ្គលដទៃ ជាហេតុផង។ បពិត្រព្រះអង្គដ៏ចំរើន បណ្ដាការបាន អត្តភាពទាំង ៤ នោះ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅ ក៏មិនមែន សញ្ចេតនា របស់បុគ្គលដទៃនាំទៅ ក៏មិនមែន គេគប្បីឃើញថា បានដល់ទេវតាពួកណា។ ម្នាលសារីបុត្ត គេឃើញថា បានដល់ទេវតា ដែលកើតក្នុងនេវសញ្ញានាសញ្ញាយតនៈ។ បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្ដេច បច្ច័យដូចម្ដេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុង លោកនេះ ច្យុតចាកកាយ (នេវសញ្ញានាសញ្ញាយតនៈ) នោះហើយ ជាអាគាមិបុគ្គល មកកាន់អត្តភាពនេះទៀត។ បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្ដេច បច្ច័យដូចម្ដេច ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ ច្យុតចាកកាយនោះហើយ ជាអនាគាមិបុគ្គល មិនមកកាន់អត្តភាពនេះទៀត។ ម្នាលសារីបុត្ត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាន លះបង់ឱរម្ភាគិយសញ្ញោជនៈ តែបុគ្គលនោះ ក៏បានសម្រេចនេវសញ្ញានាសញ្ញាយតនៈ ក្នុងបច្ចុប្បន្ន បុគ្គលនោះ ក៏ត្រេកអរនឹងឈាននោះ ពេញចិត្តនឹងឈាននោះ ដល់នូវសេចក្ដីរីករាយ នឹងឈាននោះ កាលលោកតាំងនៅក្នុងឈាននោះ ចុះចិត្តស៊ប់ ក្នុងឈាននោះ សម្រេចសម្រាន្ដ ដោយឈាននោះយ៉ាងច្រើន មិនបានឲ្យសាបសូន្យ ចាកឈាននោះទៅវិញ លុះដល់ធ្វើមរណកាលទៅ តែងទៅកើតជាមួយនឹងពួកទេវតា ដែលកើតក្នុងនេវសញ្ញានាសញ្ញាយតនៈ កាលបុគ្គលនោះ ច្យុតចាកភពនោះ ក៏ជាអាគាមិបុគ្គល មកកាន់អត្តភាពនេះទៀត។ ម្នាលសារីបុត្ត ចំណែកបុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់ឱរម្ភាគិយសញ្ញោជនៈ បុគ្គលនោះ បានសម្រេចនេវសញ្ញានាសញ្ញាយតនៈ ក្នុងបច្ចុប្បន្ន បុគ្គលនោះ ក៏ត្រេកអរនឹងឈាននោះ ពេញចិត្តនឹងឈាននោះ ដល់នូវសេចក្តីរីករាយ ដោយឈាននោះ កាលលោកតាំងនៅក្នុងឈាននោះ ចុះចិត្តស៊ប់ ក្នុងឈាននោះ សម្រេចសម្រាន្ដ ដោយឈាននោះយ៉ាងច្រើន មិនបានសាបសូន្យ ចាកឈាននោះទៅវិញ លុះដល់ធ្វើមរណកាលទៅ តែងទៅកើតជាមួយនឹងពួកទេវតា ដែលកើតក្នុងនេវសញ្ញានាសញ្ញាយតនៈ កាលបុគ្គលនោះច្យុត ចាកភពនោះ ក៏ជាអនាគាមិបុគ្គល មិនមកកាន់អត្តភាពនេះទៀត។ ម្នាលសារីបុត្ត នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ ច្យុតចាកកាយនោះ បានជាអាគាមិបុគ្គល មកកាន់អត្តភាពនេះទៀត ម្នាលសារីបុត្ត នេះឯង ជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ ច្យុតចាកកាយនោះ បានជាអនាគាមិបុគ្គល មិនមកកាន់អត្តភាពនេះទៀត។