តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ចតុក្កនិបាត » ចតុត្ថបណ្ណាសក ទី៤ » សញ្ចេតនិយវគ្គ ទី៣ (១៨) »
ព្រះពុទ្ធប្រើប្រស្នាដើម្បីពណ៌នាអំពីការយកឈ្នះលើអត្តសញ្ញាណ នៅក្នុងក្រុមមួយ និងភាពល្ងង់ខ្លៅ។
an 04.178 បាលី cs-km: sut.an.04.178 អដ្ឋកថា: sut.an.04.178_att PTS: ?
ជម្ពាលីសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨. ជម្ពាលីសុត្តំ)
[២៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង តែងមានក្នុងលោក។ បុគ្គល ៤ ពួក ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ បានចេតោវិមុត្តិ1) ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវការរំលត់សក្កាយ កាលភិក្ខុនោះ កំពុងធ្វើទុកក្នុងចិត្ត នូវការរំលត់សក្កាយ ចិត្តមិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនស្លុងចុះ ក្នុងការរំលត់សក្កាយ ម្នាលភិក្ខុទាំងឡាយ ការរំលត់សក្កាយនុ៎ះ របស់ភិក្ខុនោះ មិនគប្បីបានតាមបា្រថ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានដៃប្រឡាក់ជ័រស្អិត ចាប់មែកឈើ ដៃបុរសនោះ ស្អិតថ្ពក់ជាប់ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ (ការរំលត់សក្កាយ) កាលបើលោកធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងសក្កាយនិរោធ ម្នាលភិក្ខុទាំងឡាយ សក្កាយនិរោធនុ៎ះ របស់ភិក្ខុនោះឯង មិនគប្បីបានតាមបា្រថ្នា ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងធម្មវិន័យនេះ បានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ កាលបើលោកធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងសក្កាយនិរោធ ម្នាលភិក្ខុទាំងឡាយ សក្កាយនិរោធនុ៎ះ របស់ភិក្ខុនោះឯង គប្បីបានតាមបា្រថ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានដៃស្អាត ចាប់មែកឈើ ដៃរបស់បុរសនោះ មិនស្អិត មិនកាន់ មិនជាប់ទេ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធើ្វទុកក្នុងចិត្ត នូវសក្កាយនិរោធ កាលបើលោកធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធ ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងសក្កាយនិរោធ ម្នាលភិក្ខុទាំងឡាយ សក្កាយនិរោធនុ៎ះ របស់ភិក្ខុនោះឯង គប្បីបានតាមបា្រថ្នា ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងធម្មវិន័យនេះ បានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធើ្វទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា កាលបើលោកធើ្វទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងការទំលាយអវិជ្ជា ម្នាលភិក្ខុទាំងឡាយ ការទំលាយអវិជ្ជានុ៎ះ របស់ភិក្ខុនោះឯង មិនគប្បីបានតាមបា្រថ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចត្រពាំង ដ៏ស្មោកគ្រោក ដែលកើតឡើង រាប់ដោយឆ្នាំដ៏ច្រើន បុរសបិទមាត់រង្វះ សម្រាប់បង្ហូរចូលរបស់ត្រពាំងនោះ បើកមាត់រង្វះសម្រាប់បង្ហូរចេញ ភ្លៀងសោត ក៏មិនគប្បីបង្អុរធារទឹក ដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ការធ្លាយភ្លឺត្រពាំងនុ៎ះ ក៏មិនសម្រចបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវការទំលាយ អវិជ្ជា កាលបើលោកធ្វើទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងការទំលាយអវិជ្ជា ការទំលាយអវិជ្ជានុ៎ះ របស់ភិក្ខុនោះឯង មិនគប្បីបានតាមបា្រថ្នា ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងធម្មវិន័យនេះ បានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា កាលបើលោកធ្វើទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងការទំលាយអវិជ្ជា ម្នាលភិក្ខុទំាងឡាយ ការទំលាយអវិជ្ជានុ៎ះ របស់ភិក្ខុនោះឯង គប្បីបានតាមប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចត្រពាំងស្មោកគ្រោក ដែលកើតឡើង រាប់ដោយឆ្នាំដ៏ច្រើន បុរសបើកមាត់រង្វះ សម្រាប់បង្ហូរចូល របស់ត្រពាំងនោះ បិទមាត់រង្វះសម្រាប់បង្ហូរចេញ ភ្លៀងសោត ក៏បង្អុរនូវធារទឹក ដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ការធ្លាយភ្លឺត្រពាំងនោះ ក៏សម្រេចបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានចេតោវិមុត្តិ ដ៏ល្អិតណាមួយ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា កាលបើលោក ធ្វើទុកក្នុងចិត្ត នូវការទំលាយអវិជ្ជា ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងការទំលាយអវិជ្ជា ម្នាលភិក្ខុទាំងឡាយ ការទំលាយអវិជ្ជានុ៎ះ របស់ភិក្ខុនោះឯង គប្បីបានតាមប្រាថ្នា ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង តែងមានក្នុងលោក។