តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ចតុក្កនិបាត » ចតុត្ថបណ្ណាសក ទី៤ » សញ្ចេតនិយវគ្គ ទី៣ (១៨) »
តើត្រូវធ្វើដូចម្តេច នៅពេលដែលអ្នកនិយាយថា «នេះជាធម៌របស់ព្រះពុទ្ធ»?
an 04.180 បាលី cs-km: sut.an.04.180 អដ្ឋកថា: sut.an.04.180_att PTS: ?
មហាបទេសសូត្រ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
ការបង្រៀននេះក៏មាននៅក្នុង មហាបរិនិព្វានសូត្រ ដែរ។
អានដោយ ព្រះខេមានន្ទ
(១០. មហាបទេសសុត្តំ)
[៣០] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងអានន្ទចេតិយ1) ក្បែរភោគនគរ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទំាងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទំាងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង មហាបទេស (គ្រឿងសម្រាប់អាងយ៉ាងធំ) ៤ យ៉ាងនេះ អ្នកទាំងឡាយ ចូរស្តាប់ភាសិតនោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះមហាបទេស ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីនិយាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ខ្ញុំបានស្តាប់ បានទទួលចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រកអរ មិនឃាត់ហើយ ត្រូវរៀនបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើល ក្នុងសូត្រ ប្រៀបធៀបក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ មិនប្រជុំចុះ គឺមិនមានក្នុងសូត្រ ទាំងមិនឃើញប្រាកដ ក្នុងវិន័យផងទេ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះ ជាប្រាកដ ទំនងជាភិក្ខុនេះ រៀនខុសទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវចោលពាក្យនេះ ដោយទំនងដូច្នេះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ខ្ញុំបានស្តាប់ បានទទួលចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើល ក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ បទ និងព្យញ្ជនៈទាំនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ បើប្រជុំចុះ ក្នុងសូត្រផង ឃើញសមក្នុងវិន័យផង អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ជាពាក្យដែលភិក្ខុនេះ រៀនត្រូវល្អហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុក នូវមហាបទេស ជាបឋមនេះចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ព្រះសង្ឃនៅក្នុងអាវាសឯណោះ មានទាំងភិក្ខុជាថេរៈ មានទាំងភិក្ខុជាប្រធាន ខ្ញុំបានស្តាប់ បានទទួល ចំពោះមុខព្រះសង្ឃនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ នូវភាសិតរបស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចំាល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យទៅហើយ បើមិនប្រជុំចុះ ក្នុងសូត្រ ទាំងមិនឃើញមានប្រាកដ ក្នុងវិន័យផងទេ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ទំនងជាសង្ឃនោះ រៀនខុសហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចោលពាក្យនេះ ដោយទំនងដូច្នេះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ព្រះសង្ឃនៅក្នុងអាវាសឯណោះ មានទាំងភិក្ខុជាថេរៈ មានទាំងភិក្ខុជាប្រធាន ខ្ញុំបានស្តាប់ បានទទួល ចំពោះមុខព្រះសង្ឃនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀនបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ បើប្រជុំចុះក្នុងសូត្រផង ឃើញសម ក្នុងវិន័យផង អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះមែន ជាពាក្យដែលព្រះសង្ឃនោះ រៀនត្រូវល្អហើយ ដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេស ជាគំរប់ពីរនេះចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុទាំងឡាយ ជាថេរៈច្រើនអង្គ នៅក្នុងអាវាសឯណោះ សុទ្ធតែជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួល ចំពោះមុខព្រះថេរៈទាំងនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាសា្ត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចំាល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យទៅហើយ បើមិនប្រជុំចុះក្នុងសូត្រ ទាំងមិនឃើញសម ក្នុងវិន័យផងទេ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ទំនងជាព្រះថេរៈទាំងនោះ រៀនខុសហើយ ម្នាលភិក្ខុទាំងឡាយ ត្រូវអ្នកទាំងឡាយ ចោលពាក្យនេះ ដោយទំនង ដូច្នេះចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ពួកភិក្ខុជាថេរៈច្រើនអង្គ នៅក្នុងអាវាសឯណោះ សុទ្ធតែជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះថេរៈទាំងនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាសា្ត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ បើប្រជុំចុះក្នុងសូត្រផង ឃើញសម ក្នុងវិន័យផង អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ជាពាក្យ ដែលព្រះថេរៈទាំងនោះ រៀនត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុក នូវមហាបទេស ជាគំរប់បីនេះចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុជាថេរៈ ១ អង្គ នៅក្នុងអាវាសឯណោះ ជាពហុស្សូត ចេះចាំ ក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះ មុខព្រះថេរៈអង្គនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាសា្ត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រកអរ មិនឃាត់ហើយ គប្បីរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុង វិន័យទៅហើយ បើមិនប្រជុំចុះក្នុងសូត្រ ទាំងមិនឃើញសម ក្នុងវិន័យផងទេ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ទំនងជាព្រះថេរៈនោះ រៀនខុស ហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចោលពាក្យនេះ ដោយទំនងដូច្នេះចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីនិយាយយ៉ាងនេះថា ភិក្ខុជាថេរៈ ១ អង្គ នៅក្នុងអាវាសឯណោះ ជាពហុស្សូត ចេះចាំគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះថេរៈអង្គនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាសា្ត ម្នាលភិក្ខុទំាងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ គប្បីរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ បើប្រជុំចុះក្នុងសូត្រផង ឃើញសមក្នុងវិន័យផង អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ជាពាក្យដែលព្រះថេរៈនោះ រៀនត្រូវហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុក នូវមហាបទេស ជាគំរប់បួននេះចុះ។ ម្នាលភិក្ខុទំាងឡាយ នេះឯង ជាមហាបទេសទាំងបួន។
ចប់ សញ្ចេតនិយវគ្គ ទី៣។
ឧទ្ទាននៃសញ្ចេតនិយវគ្គនោះគឺ
សំដែងពីសញ្ចេតនា ១ ការចែកបដិសម្ភិទា ១ រឿងព្រះកោដិ្ឋតត្ថេរ ១ ព្រះអានន្ទត្ថេរ ១ ព្រះឧបវានត្ថេរ ១ ជាគំរប់ ៥ ការប្រាថ្នាយកតម្រាប់ ១ រឿងព្រះរាហុលត្ថេរ ១ ការប្រៀបធៀបនឹងត្រពាំង ១ ព្រះនិព្វាន ១ មហាបទេស ១ ក្នុងវគ្គ។