km:tipitaka:sut:an:04:sut.an.04.190

ឧបោសថសូត្រ ទី១០

សង្ខេប

ក្នុង​ភិក្ខុ​សង្ឃ​នេះ មាន​ពួក​​ភិក្ខុ ដែល​សម្រេច​ភាព​ជា​ទេវតា មាន​ពួក​ភិក្ខុ ដែល​សម្រេច​ភាព​ជា​ព្រហ្ម មាន​ពួក​ភិក្ខុ ដែល​សម្រេច​ភាព​មិន​ញាប់​ញ័រ មាន​ពួក​ភិក្ខុ ដែល​សម្រេច​ភាព​ជា​អរិយៈ ដែរ។

an 04.190 បាលី cs-km: sut.an.04.190 អដ្ឋកថា: sut.an.04.190_att PTS: ?

ឧបោសថសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វីឡា

(១០. ឧបោសថសុត្តំ)

[៤០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងមិគារមាតុប្បាសាទ ក្នុង បុព្វារាម ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះភិក្ខុសង្ឃ ចោមរោម គង់នៅក្នុងថ្ងៃឧបោសថនោះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញភិក្ខុសង្ឃ នៅស្ងៀមស្ងាត់ ទើបត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ មិនមានការចរចាអ្វី ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ មិនមានការស្តីនិយាយអ្វី ជាបរិសទ្យស្អាត តាំងនៅក្នុងខ្លឹមធម៌ បរិសទ្យមានសភាពយ៉ាងណា ដែលក្រនឹងបានឃើញក្នុងលោក ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ក៏យ៉ាងនោះដែរ បរិសទ្យមានសភាពយ៉ាងណា ដែលគួរទទួលគ្រឿងបូជា គួរទទួលរបស់ទទួលភ្ញៀវ គួរទទួលទក្ខិណាទាន គួរធ្វើអញ្ជលី ជាបុញ្ញក្ខេត្តដ៏ប្រសើរ បំផុតរបស់សត្វលោក ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ក៏យ៉ាងនោះដែរ ទានមានប្រមាណតិច ដែលគេឲ្យ ដល់បរិសទ្យ មានសភាពយ៉ាងណា ហើយបានផលច្រើន ទានច្រើន ដែលគេឲ្យហើយ រឹងរឹតតែមានផលច្រើនឡើងទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ក៏យ៉ាងនោះដែរ បរិសទ្យណា ដែលគួរគេស្ពាយស្បៀងទៅមើល សូម្បីអស់ទីរាប់ទាំងយោជន៍ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ បរិសទ្យនេះ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ មានគុណសម្បត្តិ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ដែលសម្រេចភាពជាទេវតា1) ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ដែលសម្រេចភាពជាព្រហ្ម2) ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ដែលសម្រេចភាពមិនញាប់ញ័រ3) ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ដែលសម្រេចភាពជាអរិយៈ។4) ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាទេវតា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ វិចារៈបាន។បេ។ ចូលកាន់ទុតិយជ្ឈាន ព្រោះបា្រសចាកបីតិ។បេ។ ចូលកាន់តតិយជ្ឈាន ព្រោះលះសុខបានផង លះទុក្ខបានផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាទេវតា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាព្រហ្ម តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី ៤ ក៏ដូចគ្នា ទិសខាងលើ ខាងក្រោម និងទទឹង គឺ ទិសតូចៗ មានចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ដោយយកខ្លួន ទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងអស់ មានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ក៏ដូចគ្នា ទិសទី ៣ ក៏ដូចគ្នា ទិសទី ៤ ក៏ដូចគ្នា ទិសខាងលើ ខាងក្រោម និងទទឹង មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ដោយយកខ្លួន ទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាព្រហ្ម យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពមិនញាប់ញ័រ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងរូបសញ្ញា ដោយអាការទាំងពួង ព្រោះរលត់បដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ពិចារណាថា អាកាស មិនមានទីបំផុត បានសម្រេចអាកាសានញ្ចាយតនជ្ឈាន កន្លងអាកាសានញ្ចាយតនជ្ឈាន ដោយអាការទាំងពួង ហើយពិចារណាថា វិញ្ញាណ មិនមានទីបំផុត បានសម្រេចវិញ្ញាណញ្ចាយតនជ្ឈាន កន្លងវិញ្ញាណញ្ចាយតនជ្ឈាន ដោយអាការទាំងពួង ហើយពិចារណាថា របស់អ្វីតិចតួច មិនមាន បានសម្រេចអាកិញ្ចញ្ញាយតនជ្ឈាន កន្លងអាកិញ្ចញ្ញាយតនជ្ឈាន ដោយអាការទាំងពួង ហើយបានសម្រេចនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពមិនញាប់ញ័រ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាអរិយៈ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសម្រេចភាពជាអរិយៈ យ៉ាងនេះឯង។

ចប់ យោធាជីវវគ្គ ទី៤។

ឧទ្ទាននៃយោធាជីវវគ្គនោះគឺៈ

និយាយអំពីការប្រៀបធៀបនឹងយោធាជីវៈ ១ ការធានាមិនបាន ១ របស់ដែលឮហើយ ១ ការមិនខ្លាចស្លាប់ ១ និងសមណសច្ចៈ ១ ជាគំរប់ប្រាំ រឿងភិក្ខុឆ្លាស ១ វស្សការព្រាហ្មណ៍ ១ រឿងឧបកៈ ១ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ១ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងថ្ងៃឧបោសថ ១។

 

លេខយោង

1)
បានសម្រេចទិព្វវិហារធម៌ ជាធម៌ឲ្យកើតជាឧបបត្តិទេពផង សម្រេចអរហត្ត ព្រោះទិព្វវិហារធម៌ គឺនៅក្នុងចតុត្ថជ្ឈាន ហើយបានសម្រេចអរហត្តផង។
2)
បានសម្រេចព្រហ្មវិហារធម៌ ជាធម៌ឲ្យបានកើតជាព្រហ្មផង សម្រេចអរហត្ត ព្រោះព្រហ្មវិហារធម៌ គឺនៅក្នុងព្រហ្មវិហារធម៌ ទាំង៤ ហើយសម្រេចអរហត្តផង។
3)
បានសម្រេចឈានមិនញាប់ញ័រ ជាឈានឲ្យសម្រេចភាពមិនញាប់ញ័រផង សម្រេចអរហត្តបាន ព្រោះឈានមិនញាប់ញ័រ គឺនៅក្នុងអរូបជ្ឈាន ទាំង៤ ហើយសម្រេចអរហត្តផង។
4)
កន្លងភាពជាបុថុជ្ជន ហើយសម្រេចភាពជាអរិយៈ គឺបានសម្រេចមគ្គ ៤ ផល៣ ចំពោះតែអរិយសច្ច ទាំង៤។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.190.txt · ពេលកែចុងក្រោយ: 2023/08/21 01:59 និពន្ឋដោយ Johann