សតិ និងការស្តាប់ធម៌ជាញឹកញាប់ តើមួយណាមានអានិសង្សជាង? តើអ្នកជួបព្រះធម៌ និងព្រះសង្ឃក្នុងជីវិតនេះដោយរបៀបណា?
an 04.191 បាលី cs-km: sut.an.04.191 អដ្ឋកថា: sut.an.04.191_att PTS: ?
សោតានុគតសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១. សោតានុគតសុត្តំ)
[៤១] ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំងឡាយ ៤ ប្រការ នៃធម៌ដែលចូលទៅ កាន់ត្រចៀករឿយៗ ជាធម៌ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះ ដោយទិដ្ឋិ គឺបញ្ញា រមែងកើតបា្រកដ។ អានិសង្ស ៤ ប្រការ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រៀននូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈ ចូលទៅកាន់ត្រចៀក រឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយ ទិដ្ឋិបាន។ ភិក្ខុនោះ ភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ទេវនិកាយណាមួយ។ ចំណែកធម៌ទាំងឡាយ រមែងបា្រកដច្បាស់ ដល់ភិក្ខុនោះ ដែលមានសេចក្ដីសុខ ក្នុងទេវនិកាយនោះ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសតិ ឈ្មោះថាជា ការយឺតយូរ1) ឯសត្វនោះ វេលាដល់នូវគុណវិសេស ក៏ឆាប់រហ័សជាងសតិនោះ។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ទី១ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ឆ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរៀននូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈ ចូលទៅកាន់ត្រចៀករឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ។ ភិក្ខុនោះ ភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ទេវនិកាយណាមួយ។ ចំណែកនៃធម៌ទាំងឡាយ មិនសូវបា្រកដច្បាស់ ដល់ភិក្ខុនោះ ដែលមានសេចក្ដីសុខ ក្នុងទេវនិកាយនោះ ប៉ុន្តែជាអ្នកមានឫទ្ធិ ដល់នូវសេចក្ដីស្ទាត់ជំនាញ ខាងផ្លូវចិត្ត សំដែងធម៌ ដល់ទេវបរិសទ្យបាន។ ទេវតានោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា អាត្មាអញ បានប្រព្រឹត្តព្រហ្មចរិយៈអំពីមុន ក្នុងធម្មវិន័យណា នេះគឺធម្មវិន័យនោះឯង។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង នៃសតិ ឈ្មោះថា យឺតយូរ សត្វនោះ ដល់នូវគុណវិសេស ឆាប់រហ័សជាងសតិនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាបុរស ជាអ្នកឈ្លាសវៃខាងសំឡេងស្គរ បុរសនោះ ដើរទៅកាន់ផ្លូវឆ្ងាយ បានឮសំឡេងស្គរ បុរសនោះ ក៏មិនមានសេចក្ដីសង្ស័យ ឬងឿងឆ្ងល់ នឹងសំឡេងស្គរនោះថា សំឡេងស្គរមែន ឬមិនមែនសំឡេងស្គរទេ ដូច្នេះឡើយ បុរសនោះ គប្បីដល់នូវសេចក្ដីចូលចិត្តថា សំឡេងស្គរដោយពិត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុរៀននូវធម៌ ក៏មានឧបមេយ្យ ដូច្នោះដែរ។បេ។ ជាអ្នកដល់នូវគុណវិសេសឆាប់រហ័ស ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ទី២ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរៀននូវធម៌គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈ ចូលទៅកាន់ត្រចៀករឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ។ ភិក្ខុនោះ ភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ទេវនិកាយណាមួយ។ ចំណែកនៃធម៌ទាំងឡាយ មិនបា្រកដច្បាស់ ដល់ភិក្ខុនោះ ដែលមានសេចក្ដីសុខ ក្នុងទេវនិកាយនោះឡើយ ទាំងមិនមែនជាភិក្ខុមានឫទ្ធិ ដល់នូវសេចក្ដីស្ទាត់ជំនាញខាងផ្លូវចិត្ត ហើយសំដែងធម៌ ដល់ទេវបរិសទ្យបានឡើយ។ គ្រាន់តែថា ទេវបុត្ត អាចសំដែងធម៌ ដល់ទេវបរិសទ្យបានប៉ុណ្ណោះ។ ទេវបុត្តនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា អាត្មាអញ បានប្រព្រឹត្តព្រហ្មចរិយៈអំពីមុន ក្នុងធម៌វិន័យណា នេះគឺធម្មវិន័យនោះឯង។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសតិ ឈ្មោះថា យឺតយូរ សត្វនោះ ដល់នូវគុណវិសេស ឆាប់រហ័សជាងសតិនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស ជាអ្នកឈ្លាសវៃ នឹងសំឡេងស័ង្ខ បុរសនោះ ដើរទៅកាន់ផ្លូវឆ្ងាយ បានឮសំឡេងស័ង្ខ បុរសនោះ ក៏មិនមានសេចក្ដីសង្ស័យ ឬងឿងឆ្ងល់នឹងសំឡេងស័ង្ខនោះថា សំឡេងស័ង្ខមែន ឬមិនមែនសំឡេងស័ង្ខទេ បុរសនោះ គប្បីដល់នូវសេចក្ដីចូលចិត្តថា ជាសំឡេងស័ង្ខដោយពិត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុរៀននូវធម៌ ក៏មានឧបមេយ្យ ដូច្នោះដែរ។បេ។ ជាអ្នកដល់នូវគុណវិសេសឆាប់រហ័ស។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ទី៣ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរៀននូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈ ចូលទៅកាន់ត្រចៀករឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ។ ភិក្ខុនោះ ក៏ភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ទេវនិកាយណាមួយ។ ចំណែកនៃធម៌ទាំងឡាយ មិនបា្រកដដល់ភិក្ខុនោះ ដែលមានសេចក្ដីសុខ ក្នុងទេវនិកាយនោះ ទាំងមិនមែនជាភិក្ខុមានឫទ្ធិ ដល់នូវការស្ទាត់ជំនាញខាងផ្លូវចិត្ត ហើយសំដែងធម៌ ដល់ទេវបរិសទ្យ ទាំងមិនមែនជាទេវបុត្ត អាចសំដែងធម៌ ដល់ទេវបរិសទ្យបានទេ តែបើមានឱបបាតិកសត្វ រំលឹកនូវឱបបាតិកសត្វថា ម្នាលគ្នាយើង ពួកយើងបានប្រព្រឹត្តព្រហ្មចរិយៈអំពីមុន ក្នុងធម្មវិន័យណា អ្នករលឹកបាន នូវធម្មវិន័យនោះដែរឬ។ ទេវបុត្តនោះ ក៏និយាយយ៉ាងនេះថា ម្នាលគ្នាយើង យើងរលឹកបាន ម្នាលគ្នាយើង យើងរលឹកបាន។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសតិ ឈ្មោះថា យឺតយូរ សត្វនោះ ដល់នូវគុណវិសេស ឆាប់រហ័សជាងសតិនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចសំឡាញ់ពីរនាក់ លេងអាចម៍ដីជាមួយគ្នា សំឡាញ់ទាំងពីរនាក់នោះ មកជួបគ្នា ក្នុងទីណាម្ដងៗ សំឡាញ់ម្នាក់ ក៏និយាយទៅនឹងសំឡាញ់ម្នាក់នោះ យ៉ាងនេះថា នែសំឡាញ់ ឯងរលឹកបាននូវហេតុនេះដែរឬទេ។ សំឡាញ់នោះ គប្បីតបយ៉ាងនេះថា នែសំឡាញ់ អញរលឹកបាន នែសំឡាញ់ អញរលឹកបាន មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុរៀននូវធម៌ ក៏មានឧបមេយ្យ ដូច្នោះដែរ។បេ។ ជាអ្នកដល់នូវគុណវិសេសឆាប់រហ័ស។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ទី៤ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង ៤ ប្រការនេះនៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ឆ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។