km:tipitaka:sut:an:04:sut.an.04.192

ឋានសូត្រ ទី២

សង្ខេប

ព្រះពុទ្ធ​ពន្យល់​អំពី​របៀប​ស្គាល់​គុណសម្បត្ដិ​របស់​បុគ្គល​ដទៃ។ សូម​មើល សត្តជដិលសូត្រ ​ដែរ នែ ឧទាន

an 04.192 បាលី cs-km: sut.an.04.192 អដ្ឋកថា: sut.an.04.192_att PTS: ?

ឋានសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. ឋានសុត្តំ)

[៤២] ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៤ នេះ បុគ្គលគប្បីដឹងច្បាស់ ដោយហេតុ ៤ ប្រការ។ ហេតុ ៤ ប្រការ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ សីល បុគ្គលគប្បីដឹងបាន ដោយការនៅរួមគ្នា តែសីលនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបានទេ បុគ្គល មានបា្រជ្ញា ដោយមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន ទាំងបុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែងឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្អាត បុគ្គលគប្បីដឹងបាន ដោយការនិយាយគ្នា តែសេចក្ដីស្អាតនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបានទេ បុគ្គលមានបា្រជ្ញា ដោយមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន ទាំងបុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែងឡើយ។ ម្នាលភិក្ខុទាំងឡាយ កំឡាំង បុគ្គលគប្បីដឹងបាន ក្នុងកាលដែលមានសេចក្ដីអន្តរាយ តែកម្លាំងនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបានទេ បុគ្គលមានបា្រជ្ញា ដោយមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន ទាំងបុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែងឡើយ។ ម្នាលភិក្ខុទាំងឡាយ បា្រជ្ញា បុគ្គលគប្បីដឹងបាន ដោយការសាកច្ឆា ក៏តែបា្រជ្ញានោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គល ឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែង។ ពាក្យដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សីល គឺបុគ្គលដឹងបាន ដោយការនៅរួមគ្នា តែសីលនោះ បុគ្គលធ្វើ ទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បី ដឹងបាន បុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែងដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ កាលនៅរួមជាមួយនឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា យូរមកហើយ លោកដ៏មាន អាយុនេះ ជាអ្នកធ្វើសីលឲ្យដាច់ ធ្វើសីលឲ្យឆ្លុះ ធ្វើសីលឲ្យពព្រុស ធ្វើសីលឲ្យពពាល មិនមែនជាអ្នកធ្វើសីលឲ្យខ្ជាប់ខ្ជួន មិនមែនជាអ្នកប្រព្រឹត្តខ្ជាប់ខ្ជួន ក្នុងសីលទាំងឡាយ លោកដ៏មានអាយុនេះ ជាអ្នកទ្រុស្តសីល លោកដ៏មានអាយុនេះ មិនមែនជាអ្នកមាន សីលទេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលក្នុងលោកនេះ កាលរួមនៅជាមួយ នឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា យូរមកហើយ លោកដ៏មានអាយុនេះ មិនមែនជា អ្នកធ្វើសីលឲ្យដាច់ មិនមែនធ្វើសីលឲ្យឆ្លុះ មិនមែនធ្វើសីលឲ្យពព្រុស មិនមែនធ្វើ សីលឲ្យពពាលទេ ជាអ្នកធ្វើសីលឲ្យខ្ជាប់ខ្ជួន ជាអ្នកប្រព្រឹត្តខ្ជាប់ខ្ជួន ក្នុងសីលទាំងឡាយ លោកដ៏មានអាយុនេះ ជាអ្នកមានសីល លោកដ៏មានអាយុនេះ មិនមែនទ្រុស្តសីល ឡើយ។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សីល បុគ្គល គប្បីដឹងបានដោយការនៅរួមគ្នា តែសីលនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតបា្រជ្ញា ក៏មិនគប្បី ដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ គឺតថាគតពោលហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ពាក្យដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្អាត បុគ្គលគប្បីដឹងបាន ដោយការនិយាយគ្នា តែសេចក្ដីស្អាតនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គល ឥតបា្រជ្ញា ក៏មិនគប្បីដឹងបានដោយកាលជាអង្វែង ដូច្នេះនោះ ពាក្យនុ៎ះ គឺតថាគតពោល ហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ កាល និយាយជាមួយនឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា លោកដ៏មានអាយុនេះ កាល និយាយជាមួយនឹងមនុស្សម្នាក់ ដោយឡែកផ្សេង លុះនិយាយនឹងមនុស្សពីរនាក់ ដោយ ឡែកផ្សេង និយាយនឹងមនុស្ស ៣ នាក់ ដោយឡែកផ្សេង និយាយនឹងមនុស្សច្រើននាក់ ដោយឡែកផ្សេង មុន លោកដ៏មានអាយុនេះ និយាយពាក្យក្រោយខុសគ្នានឹងពាក្យមុន លោកដ៏មានអាយុនេះ មានសំដីមិនបរិសុទ្ធទេ លោកដ៏មានអាយុនេះ មិនមែនជាអ្នក មានសំដីបរិសុទ្ធទេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលក្នុងលោកនេះ កាលនិយាយជាមួយនឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា លោកដ៏មានអាយុនេះ តែម្នាក់ឯង តែងនិយាយនឹងមនុស្សម្នាក់យ៉ាងណា និយាយនឹងមនុស្សពីរនាក់ ក៏យ៉ាងនោះដែរ និយាយនឹងមនុស្ស ៣ នាក់ ក៏យ៉ាងនោះដែរ និយាយនឹងមនុស្សច្រើននាក់ ក៏យ៉ាងនោះដែរ លោកដ៏មានអាយុនេះ និយាយពាក្យក្រោយមិនខុសគ្នានឹងពាក្យមុន លោកដ៏មានអាយុនេះ ជាអ្នកមានសំដីបរិសុទ្ធ លោកដ៏មានអាយុនេះ មិនមែនជាអ្នកមានសំដីមិនបរិសុទ្ធទេ។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្អាត បុគ្គលគប្បីដឹងបាន ដោយការនិយាយគ្នា តែសេចក្ដីស្អាតនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតបា្រជ្ញា ក៏មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ពាក្យដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ កម្លាំង បុគ្គលគប្បីដឹងបាន ក្នុងកាលដែលមានអន្តរាយ តែកម្លាំងនុ៎ះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតបា្រជ្ញា ក៏មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកត្រូវសេចក្ដីវិនាសនៃញាតិ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាស នៃភោគសម្ប័ទ ពាល់ត្រូវក្ដី ត្រូវសេចក្តីវិនាសដោយរោគ ពាល់ត្រូវក្តី មិនពិចារណាឲ្យឃើញច្បាស់ថា លោកសន្និវាស និងការបាននូវអត្តភាពនេះ កើតឡើងតាមទំនង ដែលលោកធម៌ទាំង ៨ តែងប្រព្រឹត្តទៅតាមសត្វលោក ក្នុងលោកសន្និវាស និងការបាននូវអត្តភាព (នោះឯង) ទាំងសត្វលោក ក៏រមែងប្រព្រឹត្តទៅតាមលោកធម៌ ទាំង ៨ប្រការ គឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ លុះបុគ្គលនោះ ត្រូវសេចក្ដីវិនាសនៃញាតិ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាស នៃភោគសម្ប័ទ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាសដោយរោគ ពាល់ត្រូវក្ដី ក៏សោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្ដីវង្វេងងេងងោង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះទៀត ក្នុងលោកនេះ ជាអ្នកត្រូវសេចក្ដីវិនាសនៃញាតិ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាស នៃភោគសម្ប័ទ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាសដោយរោគ ពាល់ត្រូវក្ដី ទើបពិចារណាឃើញច្បាស់ ដូច្នេះថា លោកសន្និវាស និងការបាននូវអត្តភាពនេះ កើតឡើងតាមទំនង ដែលលោកធម៌ ទាំង ៨ រមែងប្រព្រឹត្តទៅតាមសត្វលោក ក្នុងលោកសន្និវាស និងការបាននូវអត្តភាព (នោះឯង) ទាំងសត្វលោក ក៏រមែងប្រព្រឹត្តទៅ តាមលោកធម៌ ទាំង ៨ ប្រការគឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ លុះបុគ្គលនោះ កាលត្រូវសេចក្ដីវិនាសនៃញាតិ ពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាស នៃភោគសម្ប័ទពាល់ត្រូវក្ដី ត្រូវសេចក្ដីវិនាស ដោយរោគ ពាល់ត្រូវក្ដី មិនសោកសង្រេង មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងទ្រហោយំ មិនដល់នូវសេចក្ដីវង្វេងងេងងោង។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ កម្លាំង បុគ្គលគប្បីដឹងបាន ក្នុងកាលដែលមានសេចក្ដីអន្តរាយ តែកម្លាំងនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតបា្រជ្ញា ក៏មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ពាក្យដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ បា្រជ្ញា បុគ្គលគប្បីដឹងបាន ដោយការសាកច្ឆា ក៏បា្រជ្ញានោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតប្រាជ្ញា ក៏មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ កាលពោលសាកច្ឆា ជាមួយនឹងបុគ្គលផងគ្នា រមែងដឹងយ៉ាងនេះថា សេចក្តីវាងវៃ ក្នុងប្រស្នារបស់លោកដ៏មានអាយុនេះ យ៉ាងណា មួយទៀត អភិនីហារ1) របស់លោកដ៏មានអាយុនេះ យ៉ាងណា ការចោទសួរប្រស្នា របស់លោកដ៏មានអាយុនេះ យ៉ាងណា លោកដ៏មានអាយុនេះ ជាអ្នកឥតប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកមានប្រាជ្ញាទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ដោយសេចក្តីពិត លោកដ៏មានអាយុនេះ មិនសំដែងនូវអត្ថ និងបទ ដ៏ជ្រាលជ្រៅ ដ៏ស្អាត ឧត្តម បុគ្គលមិនគប្បីស្ទង់ ប្រមើលដោយការត្រិះរិះ ជាធម៌ល្អិត មានតែបណ្ឌិត ទើបដឹងបាន មួយទៀត លោកដ៏មានអាយុនេះ ពោលនូវធម៌ឯណា មិនអាចនឹងប្រាប់ សំដែង បញ្ញត្ត តែងតាំង បើកចំហ ចែករលែក ធ្វើឲ្យរាក់ឡើង នូវសេចក្តីអធិប្បាយនៃធម៌នោះ ដោយសង្ខេប ឬដោយពិស្តារឡើយ លោកដ៏មានអាយុនេះ ជាអ្នកឥតប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកមានប្រាជ្ញាទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរសមានចក្ខុ ឈរក្បែរមាត់ច្រាំង នៃអន្លង់ទឹក គប្បីឃើញត្រីតូចកំពុងងើបឡើង បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ការងើបឡើង នៃត្រីនេះ យ៉ាងណា មួយទៀត ការពន្លៀកនៃត្រីនេះ យ៉ាងណា សន្ទុះនៃត្រីនេះ យ៉ាងណា ត្រីនេះជាត្រីតូច ត្រីនេះ មិនមែនជាត្រីធំទេ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលសាកច្ឆា ជាមួយនឹងបុគ្គលផងគ្នា រមែងដឹងច្បាស់ យ៉ាងនេះថា សេចក្តីវាងវៃ ក្នុងប្រស្នា របស់លោកដ៏មានអាយុនេះ យ៉ាងណា។បេ។ លោកដ៏មានអាយុនេះ ជាអ្នកឥតប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកមានប្រាជ្ញាទេ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលក្នុងលោកនេះ កាលសាកច្ឆាជាមួយនឹងបុគ្គលផងគ្នា រមែងដឹងយ៉ាងនេះថា សេចក្តីវាងវៃ ក្នុងប្រស្នារបស់លោកដ៏មានអាយុនេះ យ៉ាងណា មួយទៀត អភិនីហារ នៃលោកដ៏មានអាយុនេះ យ៉ាងណា ការចោទសួរនូវប្រស្នា នៃលោកដ៏មានអាយុនេះ យ៉ាងណា លោកដ៏មានអាយុនេះ ជាអ្នកមានប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកឥតប្រាជ្ញាទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ដោយសេចក្តីពិត លោកដ៏មានអាយុនេះ តែងសំដែងនូវអត្ថ និងបទដ៏ជ្រៅ ដ៏ស្អាត ឧត្តម បុគ្គលមិនគប្បីស្ទង់ ប្រមើលដោយការត្រិះរិះ ជាធម៌ល្អិត មានតែបណ្ឌិតទើបដឹងបាន លោកដ៏មានអាយុនេះ ពោលនូវធម៌ណា ក៏អាចនឹងប្រាប់ សំដែង បញ្ញត្ត តែងតាំង បើកចំហ ចែករលែក ធ្វើឲ្យរាក់ នូវសេចក្ដីអធិប្បាយនៃធម៌នោះ ដោយសេចក្ដីសង្ខេប ឬដោយសេចក្ដីពិស្តារបាន លោកដ៏មានអាយុនេះ ជាអ្នកមានបា្រជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកឥតប្រាជ្ញាទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរសមានចក្ខុ ឈរក្បែរមាត់ច្រាំង នៃអន្លង់ទឹក គប្បីឃើញត្រីធំ ដែលកំពុងងើបឡើង បុរសនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ការងើបឡើង របស់ត្រីនេះ យ៉ាងណា មួយទៀត ការពន្លៀកនៃត្រីនេះយ៉ាងណា សន្ទុះនៃត្រីនេះ យ៉ាងណា ត្រីនេះជាត្រីធំ ត្រីនេះមិនមែនជាត្រីតូចទេ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលសាកច្ឆា ជាមួយនឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា សេចក្ដីវាងវៃ ក្នុងប្រស្នារបស់លោកដ៏មានអាយុនេះ យ៉ាងណា។បេ។ លោកដ៏មានអាយុនេះ ជាអ្នកមានប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកឥតបា្រជ្ញាទេ ក៏យ៉ាងនោះឯង។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ បា្រជ្ញា បុគ្គលគប្បីដឹងបាន ដោយការសាកច្ឆា តែបា្រជ្ញានោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា មិនគប្បីដឹងបាន ព្រោះការមិនធ្វើទុកក្នុងចិត្ត បុគ្គលឥតបា្រជ្ញា មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៤ នេះ បុគ្គលគប្បីដឹងបាន ដោយហេតុទាំង៤នេះ។

 

លេខយោង

1)
អដ្ឋកថា ថា ការបង្អោនចិត្តទៅ ដោយការតាក់តែងប្រស្នា។
km/tipitaka/sut/an/04/sut.an.04.192.txt · ពេលកែចុងក្រោយ: 2023/08/21 02:20 និពន្ឋដោយ Johann