km:tipitaka:sut:an:04:sut.an.04.198

អត្តន្តបសូត្រ ទី៨

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.198 បាលី cs-km: sut.an.04.198 អដ្ឋកថា: sut.an.04.198_att PTS: ?

អត្តន្តបសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. អត្តន្តបសុត្តំ)

[៤៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយ ៤ ពួកនេះ មានបា្រកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកដុត កំដៅខ្លួន ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅ បុគ្គលដទៃ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកដុតកំដៅខ្លួន ប្រកប ការព្យាយាម ជាគ្រឿងដុតកំដៅខ្លួនផង ជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃផង ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិនជាអ្នកដុតកំដៅខ្លួន មិនប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន មិនជាអ្នកដុត កំដៅបុគ្គលដទៃ មិនប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ ១។ ឯបុគ្គល ដែលមិនជាអ្នកដុតកំដៅខ្លួន និងមិនដុតកំដៅបុគ្គលដទៃនោះឯង ជាអ្នកឥតមានតណា្ហ គ្រឿងស្រេកឃ្លាន រលត់កិលេស មានសន្ដានដ៏ត្រជាក់ ទទួលសុខជាប្រក្រតី សម្រេច សម្រាន្ដនៅ ដោយចិត្តដ៏ប្រសើរ ក្នុងកាលជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអ្នកដុតកំដៅខ្លួន ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន តើដូចម្ដេច។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកអាក្រាត លះបង់មារយាទល្អ ស៊ីលិទ្ធដៃ ឬជំរះឧច្ចារៈ ដោយម្រាមដៃ បើគេអញ្ជើញឲ្យចូលមក ក៏មិនមក គេឃាត់ថា ឈប់ ក៏មិនឈប់ មិនត្រេកអរនឹងភត្ត ដែលគេនាំមកមុន មិនត្រេកអរនឹងភត្ត ដែលគេនាំមក ចំពោះខ្លួន មិនត្រេកអរនឹងកិច្ច ដែលគេនិមន្ដ បុគ្គលនោះ មិនទទួលភត្តអំពីមាត់ឆ្នាំង មិនទទួលភត្តអំពីមាត់កញ្ជើ ឬកឡោ មិនទទួលភត្ត ដែលគេនាំមកកន្លងធរណីទ្វារ មិនទទួលភត្ត ដែលគេនាំមកកន្លងកំណាត់ឈើ មិនទទួលភត្ត ដែលគេនាំមកកន្លងអង្រែ មិនទទួលភត្តរបស់មនុស្សពីរនាក់ ដែលកំពុងបរិភោគ មិនទទួលភត្តរបស់ស្ដ្រីមានគភ៌ មិនទទួលភត្តរបស់ស្ដ្រី ដែលកំពុងបំបៅកូន មិនទទួលភត្តរបស់ស្ត្រី ដែលកំពុងនៅរួមនឹង បុរស មិនទទួលភត្ត ក្នុងទីដែលមានពួកគ្នាឯងណែនាំ មិនទទួលភត្ត ក្នុងទីដែលមានឆ្កែ នៅចាំ មិនទទួលភត្ត ក្នុងទីដែលមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកដែលត្រាំ បុគ្គលនោះ ទទួលភត្តចំពោះតែក្នុងផ្ទះ ១ ញុំាង អត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយ ១ពំនូតខ្លះ ទទួលភត្ត ចំពោះតែក្នុងផ្ទះពីរ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយពីរពំនូតខ្លះ ទទួលភត្តចំពោះតែក្នុងផ្ទះ ៧ ញុំាង អត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយ ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត ក្នុងភាជន៍ ១ខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍ ២ខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍ ៧ខ្លះ ស៊ីអាហាររំលង ១ថ្ងៃខ្លះ ស៊ីអាហារ រំលងពីរថ្ងៃខ្លះ ស៊ីអាហាររំលង ៧ថ្ងៃខ្លះ បុគ្គលនោះ ប្រកបដោយសេចក្ដីព្យាយាម ក្នុងការផ្លាស់ប្ដូរ នូវការបរិភោគភត្តរំលងកន្លះខែខ្លះ មានសភាពដូច្នេះឯង បុគ្គលនោះ មានបន្លែស្រស់ជាអាហារខ្លះ មានអង្ករស្រងែជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មាន កំទេចស្បែកជាអាហារខ្លះ មានជ័រជាអាហារខ្លះ មានស្លែ ឬសារាយជាអាហារខ្លះ មាន កន្ទក់ជាអាហារខ្លះ មានបាយក្ដាំងជាអាហារខ្លះ មានម្សៅជាអាហារខ្លះ មានស្មៅជា អាហារខ្លះ មានអាចម៍គោជាអាហារខ្លះ មានមើមឈើ និងផ្លែឈើក្នុងព្រៃ ជាអាហារខ្លះ បរិភោគតែផ្លែឈើ ដែលជ្រុះស្រាប់ខ្លះ បុគ្គលនោះ ស្លៀកដណ្ដប់សំពត់សម្បកធ្មៃខ្លះ ស្លៀកដណ្ដប់សំពត់ ដែលគេត្បាញលាយគ្នាខ្លះ ស្លៀកដណ្ដប់សំពត់ ដែលគេបកចេញ អំពីសាកសពខ្លះ ស្លៀកដណ្ដប់សំពត់បង្សុកូលខ្លះ ស្លៀកដណ្ដប់សំពត់សម្បកឈើខ្លះ ស្លៀកដណ្ដប់ស្បែកខ្លាខ្លះ ស្លៀកដណ្ដប់ស្បែកខ្លាទាំងក្រចកខ្លះ ស្លៀកដណ្ដប់សំពត់ ស្បូវភ្លាំងខ្លះ ស្លៀកដណ្ដប់សំពត់ ដែលគេត្បាញដោយសម្បកក្រចៅខ្លះ ស្លៀកដណ្ដប់ សំពត់ចម្រៀកក្ដារខ្លះ ស្លៀកដណ្ដប់សំពត់កម្ពល ដែលគេត្បាញដោយសក់មនុស្សខ្លះ ស្លៀកដណ្ដប់សំពត់កម្ពល ដែលគេត្បាញដោយរោមកន្ទុយសត្វខ្លះ ស្លៀកដណ្ដប់សំពត់ ដែលគេត្បាញដោយស្លាបមៀមខ្លះ ទុកសក់ និងពុកមាត់ ប្រកបរឿយ ៗ នូវសេចក្ដី ព្យាយាម ដោយការទុកសក់ និងពុកមាត់ខ្លះ ឈរជ្រង់សម្រឹង ហាមឃាត់នូវអាសនៈខ្លះ អង្គុយច្រហោងប្រកបរឿយៗ នូវសេចក្ដីព្យាយាមអង្គុយច្រហោងខ្លះ ប្រកបដោយបង្អែក បន្លា1) សម្រេចការដេកលើបង្អែកដ៏ហើយ ដោយបន្លាខ្លះ ប្រកបរឿយ ៗ នូវសេចក្ដីព្យាយាម ដោយការចុះត្រាំទឹក ១ថ្ងៃ ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ (បុគ្គលនោះ) ប្រកបរឿយៗ នូវសេចក្ដីព្យាយាមដុតកំដៅកាយ មានប្រការៈច្រើនយ៉ាង មានសភាព យ៉ាងនេះ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាអ្នកដុតកំដៅខ្លួន ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់ចៀម សម្លាប់ជ្រូក សម្លាប់បក្សី សម្លាប់ម្រឹគ ជាព្រាន ជាអ្នកសម្លាប់ត្រី ជាចោរ ជាអ្នកសម្លាប់ចោរ ជានាយគុក ឬពួកជនឯទៀតណាមួយ ដែលមានអំពើអាក្រក់ (បែបនេះដែរ)។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកដុតកំដៅខ្លួន ប្រកបព្យាយាម ជាគ្រឿងដុតកំដៅខ្លួនផង ជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបការ ព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃផង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាព្រះរាជា ជាក្សត្រិយ៍បានមុទ្ធាភិសេកហើយក្ដី ជាព្រាហ្មណមហាសាលក្ដី បុគ្គលនោះ បានឲ្យគេសាងរោងយញ្ញថ្មី ខាងកើតនគរ រួចឲ្យគេកោរសក់ ពុកមាត់ ពុកចង្កាឲ្យ ហើយស្លៀកស្បែកខ្លាទាំងក្រចក លាបកាយដោយខ្លាញ់ថា្ល និងប្រេង ហើយយកស្នែងម្រឹគ អេះខ្នងដើរចូលទៅកាន់រោងយញ្ញ ជាមួយនឹងអគ្គ មហេសី និងព្រាហ្មណ៍បុរោហិត បុគ្គលនោះ សម្រេចការដេកលើផែនដី ប្រាសចាកកម្រាល ដែលគេលាបលនដោយព៌ណខៀវ ក្នុងរោងយញ្ញនោះ ព្រះរាជាបានញុំាង អត្តភាពឲ្យប្រព្រឹត្តទៅ ដោយទឹកដោះក្នុងដោះទីមួយ របស់មេគោមួយ ដែលមានកូន មានរូបប្រហែលនឹងមេវា អគ្គមហេសី ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយទឹកដោះ ក្នុងដោះទីពីរ ព្រាហ្មណ៍បុរោហិត ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយទឹកដោះ ក្នុងដោះទីបី បានបូជាភ្លើងដោយទឹកដោះ ក្នុងដោះទីបួន កូនគោបានញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយទឹកដោះដ៏សេសសល់ ព្រះរាជានោះ បានត្រាស់យ៉ាងនេះថា ពួកជនចូរសម្លាប់គោឈ្មោលប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់យញ្ញ ចូរសម្លាប់គោស្ទាវប៉ុណ្ណេះ ដើម្បីប្រយោជន៍ ដល់យញ្ញ ចូរសម្លាប់មេគោជំទង់ប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់យញ្ញ ចូរសម្លាប់ពពែ ប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់យញ្ញ ចូរសម្លាប់ចៀមប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់យញ្ញ ចូរកាប់ឈើប៉ុណ្ណេះ ដើម្បីប្រយោជន៍ជាសសរយញ្ញ ចូរដកស្មៅដំណេកទន្សាយប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់យញ្ញ។ ជនពួកណា ទោះបីជាខ្ញុំក្ដី ជាអ្នកបម្រើក្ដី ជាអ្នកធ្វើការងារ ក្ដី ជនពួកនោះ លុះត្រូវគេគម្រាមដោយអាជ្ញា ត្រូវភ័យគ្របសង្កត់ហើយ ក៏មានមុខជោកដោយទឹកភ្នែក ទួញយំ ធ្វើបរិកម្មផ្សេងៗ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកដុតកំដៅខ្លួន ប្រកបព្យាយាម ជាគ្រឿងដុតកំដៅខ្លួនផង ជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនជាអ្នកដុតកំដៅខ្លួន មិនប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន មិនជាអ្នកដុតកំដៅបុគ្គលដទៃ មិនប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ តើដូចម្ដេច។ ឯបុគ្គលមិនជាអ្នកដុតកំដៅខ្លួន មិនជាអ្នកដុតកំដៅបុគ្គលដទៃនោះឯង ជាអ្នកឥតមានតណ្ហា គ្រឿងស្រេកឃ្លាន រលត់កិលេស មានសន្ដានដ៏ត្រជាក់ ទទួលសុខ ជាប្រក្រតី សម្រេចសម្រាន្ដនៅ ដោយចិត្តដ៏ប្រសើរក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ លុះព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរបំផុត ជាសារថី ទូន្មាននូវបុរស ដែលគួរទូន្មាន ជាសាសា្ដនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹង នូវចតុរារិយសច្ច លែងវិលមកកាន់ភពថ្មីទៀត កើតឡើងក្នុងលោកនេះ ព្រះអង្គបាន ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជា សម្មតិទេព និងមនុស្សដ៏ពិសេស ហើយអាចនឹងប្រកាសបាន។ ព្រះអង្គទ្រង់សំដែង ធម៌ ពីរោះបទដើម ពីរោះបទកណ្ដាល ពីរោះបទចុង ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់។ គហបតីក្ដី បុត្តនៃគហបតីក្ដី ជនដែលកើតក្នុងត្រកូលណាមួយក្ដី រមែងស្ដាប់នូវធម៌នោះ លុះបានស្ដាប់ នូវធម៌នោះហើយ រមែងបាននូវសទ្ធា ក្នុងព្រះតថាគត បុគ្គលនោះ លុះប្រកបដោយ ការបាននូវសទ្ធានោះហើយ រមែងពិចារណាឃើញ ដូច្នេះថា ឃរាវាសប្រកបដោយ សេចក្ដីចង្អៀតចង្អល់ ជាផ្លូវហូរមកនៃធូលី គឺកិលេស ឯបព្វជ្ជាទើបមានឱកាស កាលបើ អាត្មាអញ នៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យពេញបរិបូណ៌ បរិសុទ្ធ ទាំងអស់ ដូចជាស័ង្ខ ដែលបុគ្គលដុសខាត់បានឡើយ បើដូច្នោះ គួរតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ហើយស្លៀកដណ្ដប់សំពត់ជ្រលក់ទឹកអម្ចត់ ចេញចាកផ្ទះ បួសប្រតិបត្តិក្នុងផ្នួស ដែលគ្មានប្រយោជន៍ដោយកិច្ចការក្នុងផ្ទះ។ លុះកាលជាខាង ក្រោយមក បុគ្គលនោះ ក៏បានលះបង់គំនរទ្រព្យតិចខ្លះ លះបង់គំនរទ្រព្យច្រើនខ្លះ លះបង់វង្សញាតិច្រើនខ្លះ លះបង់វង្សញាតិតិចខ្លះ ហើយកោរសក់ និងពុកមាត់ ពុកចង្កា រួចស្លៀកដណ្ដប់សំពត់កាសាយ៍ ជ្រលក់ទឹកអម្ចត់ ចេញចាកផ្ទះ មកបួស ប្រតិបត្តិក្នុងផ្នួស ដែលគ្មានប្រយោជន៍ដោយកិច្ចការក្នុងផ្ទះ។ បុគ្គលនោះ បានបួសយ៉ាងនេះហើយ ក៏ជាអ្នកបរិបូណ៌ដោយសិក្ខា និងសាជីវៈ របស់ភិក្ខុទាំងឡាយ លះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រា្ដដាក់ចុះហើយ មានសេចក្ដីខ្មាសបាប មានចិត្តអាណិតអាសូរ ជាអ្នកមានសេចក្ដីអនុគ្រោះ ដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង លះបង់អទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន ជាអ្នកកាន់យកតែរបស់ដែលគេឲ្យ បា្រថ្នាតែរបស់ដែលគេឲ្យ ជាអ្នកមិនលួច មានខ្លួន ដ៏ស្អាត លះបង់អព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តនូវព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តឆ្ងាយ វៀរចាក មេថុនធម្ម ជារបស់អ្នកស្រុក លះបង់មុសាវាទ វៀរស្រឡះចាកមុសាវាទ ជាអ្នកពោល តែពាក្យពិត តពាក្យពិត មានវាចាខ្ជាប់ខ្ជួន គួរអ្នកផងជឿបាន មិនពោលបំភ្លាត់សត្វ លោក លះបង់បិសុណាវាចា វៀរស្រឡះចាកបិសុណាវាចា ជាអ្នកបានឮពាក្យ ក្នុង សំណាក់នៃពួកជនឯណេះហើយ មិននាំទៅប្រាប់ដល់ពួកជនឯណោះ ដើម្បីបំបែក ពួកជននេះឡើយ ឬបានឮពាក្យ ក្នុងសំណាក់នៃពួកជនឯណោះហើយ មិននាំយកមក បា្រប់ដល់ពួកជនឯណេះ ដើម្បីបំបែកពួកជនឯណោះឡើយ ជាអ្នកផ្សះផ្សា នូវពួកជន ដែលបែកគ្នាហើយ ឬបន្ថែមកម្លាំងឲ្យដល់ពួកជន ដែលព្រមព្រៀងគ្នាហើយ ជាអ្នកមានសេចក្ដីព្រមព្រៀង ជាទីត្រេកអរ ត្រេកអរក្នុងសេចក្ដីព្រមព្រៀង រីករាយក្នុងសេចក្ដីព្រមព្រៀង ជាអ្នកពោលវាចាដែលធ្វើឲ្យព្រមព្រៀងគ្នា លះបង់នូវផរុសវាចា វៀរស្រឡះចាកផរុសវាចា វាចាណា ដែលឥតទោស ជាសុខដល់ត្រចៀក គួរឲ្យអ្នកផងស្រឡាញ់ពេញហឫទ័យ ជាសំដីអ្នកក្រុង ជាទីត្រេកអរ ដល់ជនច្រើននាក់ ជាទីពេញចិត្តដល់ជនច្រើននាក់ ក៏ពោលតែវាចាបែបនោះ លះបង់នូវសម្ផប្បលាបៈ វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកពោលពាក្យក្នុងការគួរ ពោលតែពាក្យដែលពិតបា្រកដ ពោលតែពាក្យដែលជាអត្ថ ពោលតែពាក្យដែលជាធម៌ ពោលតែពាក្យដែលជាវិន័យ ពោលតែពាក្យមានឱកាសជាទីដំកល់ទុកក្នុងហឫទ័យ ប្រកបដោយគ្រឿងអាង មានគ្រឿងកំណត់ ប្រកបដោយប្រយោជន៍ តាមកាលគួរ។ បុគ្គលនោះ វៀរស្រឡះចាកកិរិយាធ្វើពីជគាម និងភូតគាមឲ្យវិនាស ជាអ្នកបរិភោគភត្តតែមួយពេល វៀរបរិភោគក្នុងរាត្រី វៀរបរិភោគក្នុងកាលខុស វៀរចាកការមើល នូវល្បែងរាំច្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌ វៀរចាកការទ្រទ្រង់ការប្រដាប់ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ វៀរចាកទីដេក ទីអង្គុយដ៏ប្រសើរ វៀរចាកការទទួលនូវមាស និងបា្រក់ វៀរចាកការទទួលនូវធញ្ញជាតិស្រស់ វៀរចាកការទទួលសាច់ឆៅ វៀរចាកការទទួលស្រី និងកុមារី វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស វៀរចាកការទទួលពពែ និងចៀម វៀរចាកការទទួលមាន់ និងជ្រូក វៀរចាកការទទួលដំរី គោ សេះឈ្មោល ញី វៀរចាកការទទួលស្រែ និងចម្ការ វៀរចាកការប្រកបនូវទូតកម្ម គឺការនាំសំបុត្រ ឬពាក្យបណ្តាំដល់គ្រហស្ថ និងទៅដោយគេប្រើអំពីផ្ទះមួយទៅផ្ទះមួយ វៀរចាកការទិញ និងការលក់ដូរ វៀរចាកការបញ្ឆោត ឬបន្លំដោយជញ្ជីង បញ្ឆោតដោយភាជន៍ ក្រឡៃមាស (ជាដើម) បញ្ឆោតដោយរង្វាស់រង្វាល់ វៀរចាកការប្រកបនូវអំពើវៀច បញ្ឆោតបំភាន់ បញ្ឆោតបោកប្រាស បន្លំដោយរបស់ក្លែង វៀរចាកការកាត់ (នូវអវយវៈ មានដៃជាដើម) សម្លាប់ចាប់ចង លាក់ខ្លួនពួនចាំធ្វើអំពើអាក្រក់ និងកំហែងយកទ្រព្យគេ។ បុគ្គនោះ ជាអ្នកសន្តោសដោយចីវរ ជាគ្រឿងរក្សាកាយ និងបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ កាលបើចេញទៅកាន់ទីណាៗ ក៏កាន់យកតែ (បរិក្ខារ) ប៉ុណ្ណោះចេញទៅ។ ដូចជា សកុណជាតិ មានស្លាប ទោះហើរទៅកាន់ទីណា ៗ ក៏មានតែស្លាបរបស់ខ្លួន ជាភារៈ ប៉ុណ្ណោះ ហើរទៅ យ៉ាងណា ភិក្ខុជាអ្នកសន្តោសដោយចីវរ ជាគ្រឿងរក្សាកាយ និងបណ្ឌិតបាត ជាគ្រឿងរក្សាផ្ទៃ ទោះទៅកាន់ទីណា ក៏កាន់យកតែ (បរិក្ខារ) ប៉ុណ្ណោះ ហើយចេញទៅ យ៉ាងនោះដែរ។ បុគ្គលនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ ហើយទទួលចំពោះនូវសុខ មិនមានទោស ក្នុងសន្តាននៃខ្លួន។ បុគ្គលនោះ បានឃើញរូប ដោយចក្ខុហើយ តែជាអ្នកមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គល ដែលមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ។ បានឮសំឡេងដោយត្រចៀក… បានធុំក្លិនដោយច្រមុះ… បានទទួលរសដោយអណ្តាត… បានពាល់ត្រូវផ្សព្វដោយកាយ… បានដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្តហើយ តែជាអ្នកមិនកាន់នូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អភិជ្យា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់បុគ្គល ដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុតែមិនសង្រួមមនិន្រ្ទិយណា ក៏ប្រតិបត្តិដើម្បី សង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ។ បុគ្គលនោះ ប្រកប ដោយការសង្រួមឥន្រ្ទិយដ៏ប្រសើរនេះ ទទួលសុខ ដែលមិនច្រឡំដោយកិលេស ជាខាង ក្នុង។ បុគ្គលនោះ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការឈានទៅមុខ និងការឈានថយក្រោយ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការមើលទៅមុខ និងមើលផ្សេងៗ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការបត់ចូល និងលាចេញ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការទ្រទ្រង់នូវសំឃាដិ បាត្រ និងចីវរ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការបរិភោគ ផឹក ទំពាស៊ី និងទទួលរស ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងឧច្ចារប្បស្សាវកម្ម ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ លក់ ភ្ញាក់ពីដេក និយាយ នៅស្ងៀម។ បុគ្គលនោះ ប្រកបដោយសីលក្ខន្ធ ដ៏ប្រសើរនេះផង ប្រកបដោយឥន្រ្ទិយសំវរៈ ដ៏ប្រសើរនេះផង ប្រកបដោយសតិ និង សម្បជញ្ញៈ ដ៏ប្រសើរនេះផង សេពគប់នូវសេនាសនៈស្ងាត់ គឺ ព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្មំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ លុះបុគ្គលនោះ ត្រឡប់មកអំពី បិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តវិញ ក៏ពត់ភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន)។ បុគ្គលនោះ លះបង់នូវអភិជ្ឃាក្នុងលោក មានចិត្ត ប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា លះបង់នូវព្យាបាទ និងសេចក្តីប្រទុស្ត មានចិត្តមិនមានព្យាបាទ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជម្រះចិត្តចាកព្យាបាទ និងសេចក្តីប្រទុស្ត លះបង់នូវថីនមិទ្ធៈ គឺសេចក្តីងងុយ ងោកងក់ មានថីនមិទ្ធៈទៅប្រាសហើយ មានសេចក្តីសំគាល់នូវពន្លឺ មានស្មារតី មានសេចក្តីដឹងខ្លួន ជម្រះចិត្តចាកថីនមិទ្ធៈ លះបង់នូវឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយ រសាយចិត្ត មានចិត្តមិនរាយមាយ មានចិត្តស្ងប់រម្ងាប់ ក្នុងសន្តាន ជម្រះចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់នូវវិចិកិច្ឆា គឺសេចក្តីងឿងឆ្ងល់ មានចិត្តឆ្លងផុតចាកវិចិកិច្ឆា មិនមានសេចក្តីសង្ស័យ ក្នុងកុសលធម៌ ជម្រះចិត្តចាកវិចិកិច្ឆា។ បុគ្គលនោះ លះបង់ នូវនីវរណៈទាំង ៥ នេះ ដែលជាឧបក្កិលេសនៃចិត្ត ជាគ្រឿងធ្វើប្រាជ្ញាឲ្យថយកំឡាំង ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង ៤។ បុគ្គលនោះ កាលបើចិត្តដំកល់មាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស មានឧបក្កិលេសទៅប្រាស មានសភាពជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនដល់នូវការរំភើបទៅតាមអារម្មណ៍យ៉ាងនេះហើយ ក៏បង្អោនចិត្តឆ្ពោះទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ គឺប្រាជ្ញាជាគ្រឿងរលឹកតាមនូវខន្ធ ដែលសត្វធ្លាប់អាស្រ័យនៅហើយ ក្នុងកាលមុន បុគ្គលនោះ រមែងរលឹកតាម នូវបុព្វេនិវាស គឺខន្ធដែលមនុស្សសត្វធ្លាប់អាស្រ័យនៅហើយ ក្នុងភពមុន ជាច្រើនប្រការ ការរលឹកបាននោះ តើដូចម្តេច គឺរលឹកបាន ១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ អស់សំវដ្តកប្ប គឺកប្បដែលវិនាសជាច្រើនខ្លះ អស់វិវដ្តកប្ប គឺកប្បដែលចំរើនជាច្រើនខ្លះ អស់សំវដ្តវិវដ្តកប្ប គឺកប្បវិនាស និងកប្បចំរើនជាច្រើនខ្លះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះហើយ ទៅកើតក្នុងភពឯណោះ ដែលអាត្មាអញ បានទៅកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះហើយ ទើបបានមកកើតក្នុងភពនេះ ដូច្នេះ រលឹកតាម នូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ គឺសម្បុរ និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រកូល ដោយប្រការដូច្នេះឯង បុគ្គលនោះ កាលបើចិត្តដំកល់មាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវការមិនរំភើបទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ គឺបា្រជ្ញាជាគ្រឿងដឹងនូវចុតិ និងបដិសន្ធិ នៃសត្វទាំងឡាយ បុគ្គលនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធស្អាត កន្លងបង់នូវចក្ខុ ជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត និងកើតឡើង ថោកទាប និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ៎្ន សត្វពួកនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល នូវព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ កាន់យកនូវអំពើជាមិច្ឆាទិដ្ឋិ សត្វពួកនោះ លុះទំលាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក អើហ៎្ន ចំណែកឯពួកសត្វនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល នូវព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ កាន់យកនូវអំពើជាសម្មាទិដ្ឋិ សត្វពួកនោះ លុះទំលាយរាងកាយស្លាប់ទៅ រមែងចូលទៅកាន់លោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ដូច្នេះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកទាប និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ បុគ្គលនោះ កាលបើចិត្តដំកល់មាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស បា្រសចាកឧបក្កិលេស មានសភាពជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវការមិនរំភើបទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ គឺប្រាជ្ញាដឹងនូវធម៌ ជាគ្រឿងអស់ទៅ នៃអាសវៈ បុគ្គលនោះ រមែងដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុកើតឡើងនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុកើតឡើង នៃអាសវៈ ដឹងច្បាស់តាមពិតថា នេះជាទីរលត់ នៃអាសវៈ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃអាសវៈ។ កាលបើបុគ្គលនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះ ចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង កាលបើចិត្តផុតស្រឡះហើយ សេចក្ដីដឹង ក៏កើត ឡើងថា ចិត្ត (នៃអាត្មាអញ) ផុតស្រឡះហើយ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ ដែលអាត្មាអញប្រព្រឹត្ត គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើ ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមិនជាអ្នកដុតកំដៅខ្លួន ទាំងមិនប្រកបព្យាយាម ជាគ្រឿងដុតកំដៅខ្លួន មិនជាអ្នកដុតកំដៅបុគ្គលដទៃ ទាំងមិនប្រកបព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ យ៉ាងនេះឯង។ បុគ្គលដែលមិនដុតកំដៅខ្លួន ទាំងមិនដុតកំដៅបុគ្គល ដទៃនោះ ជាបុគ្គលមិនមានតណ្ហាគ្រឿងស្រេកឃ្លាន រលត់ទុក្ខ ជាអ្នកមានសន្ដានចិត្ត ដ៏ត្រជាក់ ទទួលតែសេចក្ដីសុខ សម្រេចសម្រាន្តនៅ ដោយចិត្តដ៏ប្រសើរ ក្នុងកាលជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ពួកនេះឯង មានបា្រកដនៅក្នុងលោក។

 

លេខយោង

1)
យកបន្លាដែក ឬបន្លាជាប្រក្រតី ទៅបោះនឹងផែនដី ហើយក្រាលកម្រាលស្បែក លើបន្លានោះ ហើយសម្រេចនូវឥរិយាបថ មានឈរ ដើរ ជាដើម។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.198.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann