តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ចតុក្កនិបាត » បណ្ណាសកាសង្គហិតវគ្គ ទី៥ » កម្មវគ្គ ទី៤ (២៤) »
កម្ម (ការធ្វើ) មាន ៤យ៉ាង។ កម្ម ៤យ៉ាង តើដូចម្ដេចខ្លះ។ហើយកម្មណាដែលនាំឲ្យដល់ទីបំផុតនៃកម្ម?
an 04.237 បាលី cs-km: sut.an.04.237 អដ្ឋកថា: sut.an.04.237_att PTS: ?
អរិយមគ្គសូត្រ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៦. អរិយមគ្គសុត្តំ)
[៨៧] ម្នាលភិក្ខុទាំងឡាយ កម្ម ៤យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយ ប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។ កម្មទាំង ៤យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កម្មខ្មៅ មានវិបាកខ្មៅ ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មស មានវិបាកស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មខ្មៅ មានវិបាកខ្មៅ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ ប្រកបដោយទោស។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មខ្មៅ មានវិបាកខ្មៅ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មស មានវិបាកស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារមិនមានទោស។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មស មានវិបាកស។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងកាយសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស។ ម្នាលភិក្ខុទាំងឡាយ ចុះកម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅ មិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម តើដូចម្ដេច។ សេចក្ដីយល់ឃើញត្រូវ។បេ។ ការដំកល់ចិត្តត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មមិនខ្មៅ មិនស មានវិបាកមិនខ្មៅ មិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម។ ម្នាលភិក្ខុទាំងឡាយ កម្មទាំង ៤យ៉ាងនេះ តថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។