តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ចតុក្កនិបាត » បណ្ណាសកាសង្គហិតវគ្គ ទី៥ » អាបត្តិភយវគ្គ ទី៥ (២៥) »
ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈនេះ មានសិក្ខាជាអានិសង្ស មានបញ្ញាជាកំពូល មានវិមុត្តិជាខ្លឹម មានសតិជាអធិបតី។
an 04.245 បាលី cs-km: sut.an.04.245 អដ្ឋកថា: sut.an.04.245_att PTS: ?
សិក្ខានិសំសសូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៣. សិក្ខានិសំសសុត្តំ)
[៩៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈនេះ មានសិក្ខាជាអានិសង្ស មានបញ្ញាជាកំពូល មានវិមុត្តិជាខ្លឹម មានសតិជាអធិបតី។ ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ មានសិក្ខាជាអានិសង្ស តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ សិក្ខា1) ជាអភិសមាចារិកា ដែលតថាគតបានបញ្ញត្ត ដល់ពួកសាវក ក្នុងសាសនានេះ ដើម្បីធ្វើពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថា្លឡើង ពួកជនដែលជ្រះថា្លស្រាប់ហើយ ឲ្យរឹងរឹតតែកើតសេចក្ដីជ្រះថា្លឡើង ម្នាលភិក្ខុទាំងឡាយ សិក្ខាជាអភិសមាចារិកា ដែលតថាគតបានបញ្ញត្ត ដល់ពួកសាវក ដើម្បីធ្វើពួកជន ដែលមិនទាន់ជ្រះថា្ល ឲ្យជ្រះថា្លឡើង ពួកជន ដែលជ្រះថា្លស្រាប់ហើយ ឲ្យរឹងរឹតតែកើតសេចក្ដីជ្រះថា្លឡើង ដោយប្រការណាៗ សិក្ខាកាមភិក្ខុនោះ ក៏ធ្វើមិនឲ្យដាច់ ធ្វើមិនឲ្យធ្លុះ ធ្វើមិនឲ្យពពាល ធ្វើមិនឲ្យពព្រុស ក្នុងសិក្ខានោះ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ដោយប្រការនោះៗ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សិក្ខា2) ជាអាទិព្រហ្មចរិយកា ដែលតថាគត បានបញ្ញត្តដល់ពួកសាវក ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ ដោយអាការទាំងពួង ម្នាលភិក្ខុទាំងឡាយ សិក្ខា ជាអាទិព្រហ្មចរិយកា ដែលតថាគតបានបញ្ញត្ត ដល់ពួកសាវក ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ ដោយអាការទាំងពួង ដោយប្រការណាៗ សិក្ខាកាមភិក្ខុនោះ ក៏ធ្វើមិនឲ្យដាច់ ធ្វើមិនឲ្យធ្លុះ ធ្វើមិនឲ្យពពាល ធ្វើមិនឲ្យពព្រុស ក្នុងសិក្ខានោះ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ដោយប្រការនោះៗ។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈ មានសិក្ខា ជាអានិសង្សយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ មានបញ្ញាជាកំពូល តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ចតុសច្ចធម៌ ដែលតថាគតសំដែងហើយ ដល់សាវកទាំងឡាយ ក្នុងសាសនានេះ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ ដោយអាការទាំងពួង ម្នាលភិក្ខុទាំងឡាយ ចតុសច្ចធម៌ ដែលតថាគតបានសំដែងហើយ ដល់ពួកសាវក ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ ដោយអាការទាំងពួង ដោយប្រការណាៗ បញ្ញាកាមភិក្ខុក៏បានឃើញច្បាស់ នូវចតុសច្ចធម៌ទាំងអស់នោះ ដោយប្រាជ្ញា ដោយប្រការនោះៗ។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈ មានបញ្ញាជាកំពូលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ មានវិមុត្តិជាខ្លឹម តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ចតុសច្ចធម៌ ដែលតថាគតសំដែងហើយ ដល់ពួកសាវក ក្នុងសាសនានេះ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ ដោយអាការទាំងពួង ម្នាលភិក្ខុទាំងឡាយ ចតុសច្ចធម៌ ដែលតថាគតសំដែងហើយ ដល់ពួកសាវក ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ ដោយអាការទាំងពួង ដោយប្រការណាៗ ពួកសាវក ក៏បានពាល់ត្រូវចតុសច្ចធម៌ទាំងពួងនោះ ដោយវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈ មានវិមុត្តិជាខ្លឹម យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ មានសតិ ជាអធិបតី តើដូចម្ដេច។ សតិដែលពួកសាវកបានដម្កល់ទុកប្រពៃ ឰដ៏ខាងក្នុងថា អាត្មាអញ នឹងបំពេញអភិសមាចារិកាសិក្ខា ដែលមិនទាន់បរិបូណ៌ និងឲ្យបរិបូណ៌ខ្លះ និងរក្សាទុកអភិសមាចារិកាសិក្ខា ដែលបរិបូណ៌ហើយ ដោយបញ្ញាក្នុងទីនោះៗខ្លះ ដោយប្រការដូច្នេះ។ សតិដែលពួកសាវក បានដម្កល់ទុកប្រពៃហើយ ឰដ៏ខាងក្នុងថា អាត្មាអញ នឹងបំពេញអាទិព្រហ្មចរិយកាសិក្ខា ដែលមិនទាន់បរិបូណ៌ ឲ្យបរិបូណ៌ខ្លះ និងរក្សាទុកនូវអាទិព្រហ្មចរិយកាសិក្ខា ដែលបរិបូណ៌ហើយ ដោយបញ្ញាក្នុងទីនោះៗខ្លះ ដោយប្រការដូច្នេះ។ សតិដែលពួកសាវក បានដម្កល់ទុកប្រពៃហើយ ឰដ៏ខាងក្នុងថា អាត្មាអញ នឹងធ្វើចតុសច្ចធម៌ ដែលមិនទាន់ឃើញច្បាស់ ឲ្យឃើញច្បាស់ ដោយបញ្ញាក្នុងទីនោះៗខ្លះ និងរក្សាទុកចតុសច្ចធម៌ ដែលឃើញច្បាស់ហើយ ដោយបញ្ញាក្នុងទីនោះៗខ្លះ។ សតិដែលពួកសាវក បានដម្កល់ទុកប្រពៃហើយ ឰដ៏ខាងក្នុងថា អាត្មាអញ នឹងពាល់ត្រូវ នូវចតុសច្ចធម៌ ដែលមិនទាន់ប៉ះពាល់ដោយវិមុត្តិខ្លះ និងរក្សាទុកនូវចតុសច្ចធម៌ ដែល ប៉ះពាល់ហើយ ដោយបញ្ញាក្នុងទីនោះៗខ្លះ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈ មានសតិជាអធិបតី យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មចរិយៈ មានសិក្ខាជាអានិសង្ស មានបញ្ញាជាកំពូល មានវិមុត្តិជាខ្លឹម មានសតិជាអធិបតី។ ពាក្យណា ដែលតថាគតបានពោលហើយ ពាក្យនោះ តថាគតពោលព្រោះអាស្រ័យព្រហ្មចរិយៈនេះ។