តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ចតុក្កនិបាត » បណ្ណាសកាសង្គហិតវគ្គ ទី៥ » អាបត្តិភយវគ្គ ទី៥ (២៥) »
ដំណេក មាន៤។
an 04.246 បាលី cs-km: sut.an.04.246 អដ្ឋកថា: sut.an.04.246_att PTS: ?
សេយ្យាសូត្រ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា ធីតា
(៤. សេយ្យាសុត្តំ)
[៩៦] ម្នាលភិក្ខុទាំងឡាយ ដំណេកនេះ មាន៤។ ដំណេក ៤ គឺអ្វីខ្លះ។ គឺដំណេក ដូចមនុស្សស្លាប់1) ១ ដំណេកអ្នកបរិភោគកាម ១ ដំណេកសីហៈ ១ ដំណេកព្រះតថាគត ១។ ម្នាលភិក្ខុទាំងឡាយ ចុះដំណេកដូចមនុស្សស្លាប់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មនុស្សស្លាប់ ច្រើនតែដេកផ្ងារ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណេកមនុស្សស្លាប់។ ម្នាលភិក្ខុទាំងឡាយ ចុះដំណេកអ្នកបរិភោគកាម តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នកបរិភោគកាម ច្រើនតែដេកផ្អៀងទៅខាងឆ្វេង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណេកអ្នកបរិភោគកាម។ ម្នាលភិក្ខុទាំងឡាយ ចុះដំណេកសីហៈ តើដូចម្តេច។ ម្នាលភិក្ខុទំាងឡាយ សីហមិគរាជ សម្រេចការដេកដោយខាងៗស្តាំ យកជើងតម្រួតលើជើង ស៊កកន្ទុយក្នុងចន្លោះភ្លៅ សីហមិគរាជនោះ លុះភ្ញាក់ឡើង ងើបកាយខាងមុខ គឺងើបក្បាល សំឡឹងមើលកាយខាងក្រោម។ ម្នាលភិក្ខុទាំងឡាយ បើសីហមិគរាជ ឃើញសេចក្តីភ្លាំងភ្លាត់ ឬការឃ្លៀងឃ្លាតកាយណាមួយសោត ម្នាលភិក្ខុទាំងឡាយ សីហមិគរាជ រមែងតូចចិត្ត ព្រោះការភ្លាំងភ្លាត់ និងឃ្លៀងឃ្លាត នៃកាយនោះ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើសីហមិគរាជ មិនឃើញសេចក្តីភ្លាំងភ្លាត់ ឬឃ្លៀងឃ្លាត នៃកាយណាមួយទេ ម្នាលភិក្ខុទាំងឡាយ សីហមិគរាជ រមែងត្រេកអរ ដោយការមិនភ្លាំងភ្លាត់ និងឃ្លៀងឃ្លាត នៃកាយនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណេកសីហៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដំណេកព្រះតថាគត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណេកព្រះតថាគត។ ម្នាលភិក្ខុទាំងឡាយ នេះដំណេក ៤ ប្រការ។