km:tipitaka:sut:an:04:sut.an.04.v01

ភណ្ឌគ្គាមវគ្គ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.v01 បាលី cs-km: sut.an.04.v01 អដ្ឋកថា: sut.an.04.v01_att PTS: ?

ភណ្ឌគ្គាមវគ្គ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. ភណ្ឌគាមវគ្គោ)

(អនុពុទ្ធសូត្រ ទី១)

(១. អនុពុទ្ធសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ គង់ក្នុងភណ្ឌគ្រាម ក្នុងដែនវជ្ជី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់នឹងភិក្ខុ ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវធម៌ ៤។ ធម៌ ៤ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយសីល (សីលដ៏ប្រសើរ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយសមាធិ (សមាធិដ៏ប្រសើរ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយបញ្ញា (បញ្ញាដ៏ប្រសើរ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយវិមុត្តិ (វិមុត្តិដ៏ប្រសើរ) ១។ ម្នាលភិក្ខុទាំងឡាយ អរិយសីលនោះ តថាគតក្តី អ្នកទាំងឡាយក្តី បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយសមាធិ ក៏បាន ត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយបញ្ញា ក៏បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយវិមុត្តិ ក៏បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ សេចក្តីប្រាថ្នាក្នុងភព ក៏បានកាត់ចោលហើយ តណ្ហា ជាគ្រឿងនាំទៅក្នុងភព ក៏អស់ហើយ ឥឡូវនេះ ការកើតតទៅទៀត មិនមានឡើយ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវពាក្យនេះ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់នូវពាក្យនេះរួចហើយ ទើបទ្រង់ត្រាស់ នូវព្រះគាថានេះ តទៅទៀតថា

សីល សមាធិ បញ្ញា និងវិមុត្តិ ជាធម៌រកគុណជាតិដទៃ ប្រសើរជាងគ្មាន ធម៌ទាំងអម្បាលនេះ ព្រះគោតមមានយស បានត្រាស់ដឹងហើយ។ ព្រះពុទ្ធសំដែងធម៌ ដល់ភិក្ខុទាំងឡាយ ព្រោះត្រាស់ដឹងច្បាស់ ដោយប្រការដូច្នេះ សាស្តាមានចក្ខុ ធ្វើនូវទីបំផុតនៃទុក្ខហើយ ចេញចាកវានៈ គឺតណ្ហាហើយ។

(បបតិតសូត្រ ទី២)

(២. បបតិតសុត្តំ)

[២] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយធម៌ ៤ យ៉ាង តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយសីល តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយសមាធិ តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយបញ្ញា តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយវិមុត្តិ តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយធម៌ ៤ យ៉ាងនេះឯង តថាគត ហៅថា ឃ្លាតចាកធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង ទើបតថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយសីល តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយសមាធិ តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយបញ្ញា តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយវិមុត្តិ តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះឯង តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ។

បុគ្គលដែលឃ្លាតចាក (ធម្មវិន័យ) រមែងធ្លាក់ចុះ បុគ្គលដែលធ្លាក់ចុះ ជាអ្នកជាប់ជំពាក់ដោយរាគៈ រមែងមក (កាន់ជាតិ ជរា ព្យាធិ មរណៈ) ម្តងទៀត (បើ) កិច្ច (ដោយមគ្គ ទាំង៤) បុគ្គលនោះ បានធ្វើស្រេចហើយ បានត្រេកអរហើយ ក្នុងគុណជាត ដែលបុគ្គលគប្បីត្រេកអរ សេចក្តីសុខបានមក ដោយសេចក្តីសុខ1) (រមែងមានដល់បុគ្គលនោះ)។

(បឋមខតសូត្រ ទី៣)

(៣. បឋមខតសុត្តំ)

[៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ ៤ យ៉ាង រមែងរក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង បាននូវបាបដ៏ច្រើនផង។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលនោះ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយពោលសរសើរ បុគ្គលដែលគួរតិះដៀល ១ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយពោលតិះដៀល បុគ្គលដែលគួរសរសើរ ១ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយកើតសេចក្តីជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា ១ មិនបានពិចារណាស្ទាបស្ទង់មើល ហើយកើតសេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលគួរជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ទាំង ៤ យ៉ាងនេះឯង រមែងរក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង រមែងបាននូវបាប ដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស ប្រកបដោយធម៌ ៤ យ៉ាង រមែងរក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង។ ធម៌ ៤ តើដូចម្តេចខ្លះ។ គឺបុគ្គលនោះ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបពោលតិះដៀលបុគ្គល ដែលគួរតិះដៀល ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបពោលសរសើរបុគ្គល ដែលគួរសរសើរ ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបកើតសេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបកើតសេចក្តីជ្រះថ្លា ក្នុងហេតុដែល គួរជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស ប្រកបដោយធម៌ ៤ យ៉ាងនេះឯង រមែងរក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង។

បុគ្គលណាសរសើរបុគ្គល ដែលគួរតិះដៀលក្តី តិះដៀលបុគ្គល ដែលគួរសរសើរក្តី បុគ្គលនោះឈ្មោះថា ជ្រើសរើសយកកំហុស ដោយមាត់ ពាក្យរមែងមិនបានសេចក្តីសុខ ព្រោះកំហុសនោះឡើយ។ ការចាញ់ដោយទ្រព្យណា ព្រមទាំងទ្រព្យរបស់ខ្លួនក្តី ទាំងខ្លួនក្តី ព្រោះល្បែងភ្នាល់ ការចាញ់ដោយទ្រព្យនេះ ជាកំហុស មានប្រមាណតិចទេ បុគ្គលណា ញុំាងចិត្តឲ្យប្រទូស្ត ក្នុងពួកបុគ្គល ដែលស្រុះស្រួលមូលមិត្រគ្នា កំហុសរបស់បុគ្គលនោះឯង ទើបធំជាង បុគ្គលដែលដំកល់វាចា និងចិត្តដ៏លាមក តិះដៀលព្រះអរិយៈ រមែងទៅកើតក្នុងនរក អស់ ១ សែនកប្ប និង ៣៦ និរព្វុទៈផង និង ៥ អព្វុទៈផង។

(ទុតិយខតសូត្រ ទី៤)

(៤. ទុតិយខតសុត្តំ)

[៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបត្តិខុស ក្នុងបុគ្គល ៤ ពួក ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង បាននូវបាបដ៏ច្រើនផង។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលបើប្រតិបត្តិខុស ក្នុងមាតា ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបានបាបដ៏ច្រើនផង ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលពាល ប្រតិបត្តិខុសក្នុងបិតា។បេ។ ម្នាលភិក្ខុទាំងឡាយ កាលប្រតិបត្តិខុស ក្នុងព្រះតថាគត។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបត្តិខុស ក្នុងសាវ័ករបស់ព្រះតថាគត ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបត្តិខុស ក្នុងបុគ្គល ៤ ពួកនេះឯង ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវ ក្នុងបុគ្គល ៤ ពួក ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ គឺបុគ្គល ជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវ ក្នុងមាតា ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង ម្នាលភិក្ខុទាំងឡាយ កាលប្រតិបត្តិត្រូវ ក្នុងបិតា។បេ។ ម្នាលភិក្ខុទាំងឡាយ កាលប្រតិបត្តិត្រូវ ក្នុងព្រះតថាគត។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវ ក្នុងសាវ័ក នៃព្រះតថាគត ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវ ក្នុងបុគ្គល ៤ ពួកនេះឯង ឈ្មោះថា រក្សាខ្លួនដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង។

ជនណាប្រតិបត្តិខុសក្នុងមាតា ១ ក្នុងបិតា ១ ក្នុងព្រះតថាគត ជាសម្ពុទ្ធ ១ ក្នុងសាវករបស់ព្រះតថាគតនោះ ១ ជនដូច្នោះនោះ រមែងបាននូវបាបដ៏ច្រើន។ ក្នុងលោកនេះ បណ្ឌិតទាំងឡាយ រមែងតិះដៀលបុគ្គលនោះ លុះបុគ្គលនោះ ទៅកាន់លោកខាងមុខហើយ រមែងទៅកាន់អបាយទៀត ព្រោះការប្រព្រឹត្តិមិនត្រូវតាមធម៌នោះ ក្នុងមាតា និងបិតាទាំងឡាយ។ ជនណា ប្រតិបត្តិត្រូវ ក្នុងមាតា ១ ក្នុងបិតា ១ ក្នុងព្រះតថាគត ជាសម្ពុទ្ធ ១ ក្នុងសាវក របស់ព្រះតថាគតនោះ ១ ជនដូច្នោះនោះ រមែងបាននូវបុណ្យដ៏ច្រើន។ ក្នុងលោកនេះ បណ្ឌិតទាំងឡាយ រមែងសរសើរជននោះ លុះជននោះ ទៅកាន់លោកខាងមុខហើយ រមែងរីករាយ ក្នុងស្ថានសួគ៌ ព្រោះការប្រព្រឹត្តិត្រូវ តាមធម៌នោះ ចំពោះមាតា និងបិតាទាំងឡាយ។

(អនុសោតសូត្រ ទី៥)

(៥. អនុសោតសុត្តំ)

[៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលមានដំណើរទៅបណ្តោយតាមខ្សែទឹក ១ បុគ្គលមានដំណើរទៅច្រាសខ្សែទឹក ១ បុគ្គលមានសភាពជាអ្នកឈរនៅ ១ បុគ្គលបានឆ្លងទៅដល់ត្រើយនាយហើយ ជាញ្រហ្មណ៍ឋិតនៅលើគោក ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានដំណើរទៅបណ្តោយតាមខ្សែទឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តែងសេពកាមទាំងឡាយផង តែងធ្វើអំពើអាក្រក់ផង។ ម្នាលភិក្ខុទាំង ឡាយ នេះហៅថា បុគ្គលមានដំណើរទៅបណ្តោយតាមខ្សែទឹក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានដំណើរទៅច្រាសខ្សែទឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនសេពកាមទាំងឡាយផង មិនធ្វើអំពើអាក្រក់ផង តែជាអ្នកប្រកបដោយទុក្ខ និងទោមនស្ស មានមុខទទឹក ដោយទឹកភ្នែក ទួញយំ ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានដំណើរទៅច្រាសខ្សែទឹក។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសភាពជាអ្នកឈរនៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈ បរិនិញ្វន ក្នុងលោកនោះ មានការមិនបានត្រឡប់ចាកលោកនោះ ជាធម្មតា ព្រោះអស់ទៅ នៃឱរម្ភាគិយសញ្ញោជនៈ ទាំង ៥។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសភាពជាអ្នកឋិតនៅ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបានឆ្លង ទៅដល់ត្រើយនាយ ជាញ្រហ្មណ៍ ឋិតនៅលើគោក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ដោយប្រាជ្ញា ដ៏ឧត្តមខ្លួនឯងហើយ សម្រេចសម្រាន្តនៅ ក្នុងបច្ចុប្បន្ននេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលបានឆ្លងទៅដល់ត្រើយនាយហើយ ជាញ្រហ្មណ៍ឋិតនៅលើគោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។

ជនទាំងឡាយណានីមួយ មិនសង្រួម ក្នុងកាមទាំងឡាយ មិនបានប្រាសចាករាគៈ ជាអ្នកបរិភោគកាម ក្នុងលោកនេះ ជនទាំងនោះឯង តែងចូលទៅកាន់ជាតិ និងជរាជារឿយ ៗ ត្រូវតណ្ហាគ្របសង្កត់ ឈ្មោះថា ជាអ្នកមានដំណើរទៅបណ្តោយតាមខ្សែទឹក។ ព្រោះហេតុនោះ បុគ្គលអ្នកមានប្រាជ្ញា ក្នុងលោកនេះ ជាអ្នកមានសតិដម្កល់ខ្ជាប់ មិនសេពកាមទាំងឡាយផង មិនធ្វើនូវអំពើអាក្រក់ទាំងឡាយផង តែជាអ្នកប្រកបដោយទុក្ខ លះបង់កាម ទើបអ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះថា ជាអ្នកមានដំណើរទៅច្រាសខ្សែទឹក។ ជនណា លះបង់នូវកិលេស ទាំង ៥ មានការសិក្សាបរិបូណ៌ហើយ មានសភាពមិនបានសាបសូន្យ ជាអ្នកដល់នូវការស្ទាត់ជំនាញដោយចិត្ត មានឥន្រ្ទិយដំកល់មាំ ជននោះឯង ហៅថា មានសភាពជាអ្នកឋិតនៅ។ ធម៌ទាំងឡាយ ដ៏ឧត្តម និងលាមក ដែលខ្លួនបានត្រាស់ដឹងហើយ បានកំចាត់ចោលហើយ ដល់នូវសេចក្តីវិនាសទៅ មិនមានដល់បុគ្គលណា បុគ្គលនោះ ហៅថា អ្នកចេះចប់នូវត្រៃវេទ មានមគ្គព្រហ្មចរិយៈ នៅស្រេចហើយ ដល់នូវទីបំផុត នៃត្រៃលោក ដល់នូវត្រើយ ហើយ។

(អប្បស្សុតសូត្រ ទី៦)

(៦. អប្បស្សុតសុត្តំ)

[៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលចេះដឹងតិច មិនបានប្រកបដោយការចេះដឹង ១ មានសេចក្តីចេះដឹងតិច បានប្រកបដោយការចេះដឹង ១ មានសេចក្តីចេះដឹងច្រើន មិនបានប្រកបដោយការចេះដឹង ១ មានសេចក្តីចេះដឹងច្រើន ហើយបានប្រកបដោយការចេះដឹង ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងតិច មិនបានប្រកបដោយការចេះដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ2) មានតិចដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ មិនចេះអដ្ឋកថា មិនចេះបាលី នៃពុទ្ធវចនៈ មានប្រមាណតិចនោះ មិនប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌3)។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងតិច មិនបានប្រកប ដោយការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងតិច បានប្រកបដោយការចេះដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ។បេ។ វេទល្លៈ មានតិចដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ ចេះអដ្ឋកថា ចេះបាលី នៃពុទ្ធវចនៈ មានប្រមាណតិចនោះ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌។4) ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងតិច បានប្រកបដោយការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនបានប្រកបដោយការចេះដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ។បេ។ វេទល្លៈ មានច្រើនដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ មិនចេះអដ្ឋកថា មិនចេះបាលី នៃពុទ្ធវចនៈ មានប្រមាណច្រើននោះ មិនប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌។5) ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនបានប្រកបដោយការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងច្រើន ប្រកបដោយការចេះដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ មានច្រើន ដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ ចេះអដ្ឋកថា ចេះបាលី នៃពុទ្ធវចនៈ មានប្រមាណច្រើននោះ ហើយប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌។6) ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងច្រើន ប្រកបដោយការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។

បើបុគ្គលមានសេចក្តីចេះដឹងតិច ទាំងមិនបានឋិតនៅ ក្នុងសីលទាំងឡាយ អ្នកប្រាជ្ញទាំងឡាយ រមែងតិះដៀលបុគ្គលនោះ ដោយហេតុទាំង ២ គឺសីល ១ សេចក្តីចេះដឹង ១។ បើបុគ្គលមានសេចក្តីចេះដឹងតិច តែឋិតនៅខ្ជាប់ខ្ជួន ក្នុងសីលទាំងឡាយ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរបុគ្គលនោះ តែដោយសីល ប៉ុន្តែ សេចក្តីចេះដឹង មិនសម្រេចដល់បុគ្គលនោះទេ។ បើបុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនឋិតនៅក្នុងសីលទាំងឡាយទេ អ្នកប្រាជ្ញទាំងឡាយ រមែងតិះដៀលបុគ្គលនោះដោយសីល ប៉ុន្តែសេចក្តីចេះដឹង តែងសម្រេចដល់បុគ្គលនោះ។ បើបុគ្គលមានសេចក្តីចេះដឹងច្រើន ទាំងតាំងនៅខ្ជាប់ខ្ជួន ក្នុងសីលទាំងឡាយ អ្នកប្រាជ្ញទាំងឡាយ រមែងសរសើរបុគ្គលនោះ ដោយហេតុទាំង ២ គឺ សីល ១ សេចក្តីចេះដឹង ១។ អ្នកណាគួរនិន្ទា បុគ្គលអ្នកមានសេចក្តីចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រកបដោយបញ្ញា ជាពុទ្ធសាវកនោះ ដែលដូចជាដុំ នៃមាសជម្ពូនទបាន ទេវតា និងមនុស្សទាំងឡាយ រមែងសរសើរបុគ្គលនោះ សូម្បីព្រហ្ម ក៏សរសើរដែរ។

(សោភនសូត្រ ទី៧)

(៧. សោភនសុត្តំ)

[៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលឆ្លៀវឆ្លាស វាងវៃ ភ្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ ដ៏សមគួរ ដល់ឋានៈនៃបុគ្គល ៤ ពួកនេះ រមែងញុំាងសង្ឃឲ្យរុងរឿង។ បុគ្គល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឆ្លៀវឆ្លាស វាងវៃ ភ្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ រមែងញុំាងសង្ឃ ឲ្យរុងរឿង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបាសក។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ឆ្លៀវឆ្លាស វាងវៃ ភ្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ រមែងញុំាងសង្ឃ ឲ្យរុងរឿង ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឆ្លៀវឆ្លាស វាងវៃ ភ្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ ទាំង ៤ ពួកនេះឯង រមែងញុំាងសង្ឃ ឲ្យរុងរឿង។

បុគ្គលណា ឆ្លៀវឆ្លាស ក្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ជាអ្នកប្រព្រឹត្តធម៌ ដ៏សមគួរដល់ធម៌ បុគ្គលប្រាកដដូច្នោះនោះ ឈ្មោះថា ញុំាងសង្ឃឲ្យរុងរឿង។ គឺភិក្ខុបរិបូណ៌ ដោយសីល ១ ភិក្ខុនី មានសេចក្តីចេះដឹងច្រើន ១ ឧបាសកមានសទ្ធា ១ ឧបាសិកាមានសទ្ធា ១ បុគ្គលទាំងអម្បាលនេះឯង រមែងញុំាងសង្ឃឲ្យរុងរឿង ព្រោះថា បុគ្គលទាំងនេះ ជាអ្នកធ្វើសង្ឃ ឲ្យរុងរឿង។

(វេសារជ្ជសូត្រ ទី៨)

(៨. វេសារជ្ជសុត្តំ)

[៨] ម្នាលភិក្ខុទាំងឡាយ តថាគត ប្រកបដោយវេសារជ្ជញ្ញាណ (ប្រាជ្ញាក្លៀវក្លា) បែបណា តែងបេ្តជ្ញានូវទីដ៏ប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ (ចក្រ គឺធម៌ដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅបាន វេសារជ្ជញ្ញាណនេះ របស់តថាគត មាន ៤ យ៉ាង។ វេសារជ្ជញ្ញាណ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា លោកបេ្តជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងឯង ដោយប្រពៃ ប៉ុន្តែធម៌ទាំងអម្បាលនេះ លោកមិនបានត្រាស់ដឹងទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគតមិនឃើញ នូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយពាក្យ ប្រកបដោយធម៌ ក្នុងហេតុនោះថា លោកប្តេជ្ញាខ្លួន ថាជាអ្នកអស់អាសវៈ ហើយ ប៉ុន្តែអាសវៈទាំងអម្បាលនេះ មិនទាន់អស់ទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត មិនឃើញ នូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា ធម៌ទាំង ឡាយណា ដែលលោកពោលថា ធម៌ជាគ្រឿងធ្វើនូវអន្តរាយ ធម៌ទាំងអម្បាលនោះ មិនអាចធ្វើអន្តរាយ ដល់បុគ្គលអ្នកសេពបានទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត មិនឃើញ នូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺ ធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា ធម៌ ដែលលោកសំដែងហើយ ដើម្បីប្រយោជន៍ ដល់គុណវិសេសណា គុណវិសេសនោះ មិនអាចស្រោចស្រង់ ដើម្បីឲ្យអស់ទៅ នៃទុក្ខដោយប្រពៃ ដល់អ្នកធ្វើតាមនូវធម៌នោះទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ឃើញនូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រកបដោយវេសារជ្ជញ្ញាណណា តែងប្តេជ្ញានូវទីដ៏ប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅបាន វេសារជ្ជញ្ញាណនោះ របស់តថាគត មាន ៤ យ៉ាងនេះឯង។

គន្លងនៃពាក្យណានីមួយដ៏ច្រើន ដែលគេរៀបរៀងទុកហើយក្តី ពួកសមណញ្រហ្មណ៍ ដែលអាស្រ័យនូវគន្លង នៃពាក្យណាក្តី គន្លងពាក្យទាំងនោះ លុះមកដល់ព្រះតថាគត ដែលជាអ្នកមានសេចក្តីក្លៀវក្លា គ្របសង្កត់ នូវគន្លងនៃពាក្យហើយ ក៏រមែងវិនាសសាបសូន្យទៅ ព្រះតថាគតណា គ្របសង្កត់នូវធម៌ទាំងអស់ មានសេចក្តីអនុគ្រោះ ដល់សត្វទាំងអស់ ហើយញុំាងធម្មចក្រ ឲ្យប្រព្រឹត្តទៅ ពួកសត្វតែងថ្វាយបង្គំ នូវព្រះតថាគត ប្រាកដដូច្នោះនោះ ព្រះអង្គ ប្រសើរជាងទេវតា និងមនុស្ស ទ្រង់ឆ្លងដល់ត្រើយនៃភព។

(តណ្ហុប្បាទសូត្រ ទី៩)

(៩. តណ្ហុប្បាទសុត្តំ)

[៩] ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះបច្ច័យណា បច្ច័យនោះ ឈ្មោះថា ជាទីកើតឡើង នៃតណ្ហា មាន ៤ យ៉ាងនេះ។ បច្ច័យជាទីកើតឡើង នៃតណ្ហា ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុ ចីវរ ១ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុបិណ្ឌបាត ១ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុសេនាសនៈ ១ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុភេសជ្ជៈឧត្តម និងថ្លៃថ្លា ដូច្នេះ ៗ ១។ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែង កើតឡើង ព្រោះបច្ច័យណា បច្ច័យនោះ ឈ្មោះថា ជាទីកើតឡើង នៃតណ្ហា មាន ៤ យ៉ាងប៉ុណ្ណេះ។

បុរសមានតណ្ហាជាគំរប់ពីរ អន្ទោលទៅ (ក្នុងសង្សារវដ្ត) អស់កាលដ៏វែង រមែងមិនប្រព្រឹត្តកន្លង នូវសង្សារ គឺខន្ធ ធាតុ អាយតនៈ ដែលមានក្នុងអត្តភាពនេះ និងខាងមុខ។ លុះភិក្ខុដឹងច្បាស់ នូវតណ្ហានេះ ថាជាទោស ជាដែនកើតព្រមនៃទុក្ខ ហើយជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់មាំ មានស្មារតីនៅគ្រប់ឥរិយាបថ។

(យោគសូត្រ ទី១០)

(១០. យោគសុត្តំ)

[១០] ម្នាលភិក្ខុទាំងឡាយ យោគៈ (កិលេសជាគ្រឿងប្រកបសត្វទុក ក្នុងវដ្តៈ) នេះមាន ៤ យ៉ាង។ យោគៈ ៤ យ៉ាង តើដូចម្តេច។ គឺ កាមយោគៈ ១ ភវយោគៈ ១ ទិដ្ឋិយោគៈ ១ អវិជ្ជាយោគៈ ១។ ម្នាលភិក្ខុទាំងឡាយ កាមយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ ក៏កើតមានតម្រេកក្នុងកាម សេចក្តីរីករាយក្នុងកាម សេចក្តីសេ្នហាក្នុងកាម សេចក្តីងប់នៅក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីអន្ទះអន្ទែង ព្រោះកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីប្រាថ្នា ក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កាមយោគៈ។7) កាមយោគៈ ដូច្នេះឯង។ ភវយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ផង នូវភពទាំងឡាយ ក៏កើតមានតម្រេកក្នុងភព សេចក្តីរីករាយក្នុងភព សេចក្តីស្នេហាក្នុងភព សេចក្តីងប់នៅក្នុងភព សេចក្តីស្រេកឃ្លានក្នុងភព សេចក្តីអន្ទះអន្ទែងព្រោះភព សេចក្តីជ្រុលជ្រប់ក្នុងភព សេចក្តីប្រាថ្នាក្នុងភព ក្នុងភពទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភវយោគៈ។8) កាមយោគៈ និងភវយោគៈ ដូច្នេះឯង។ ទិដ្ឋិយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ ក៏កើតមានតម្រេកក្នុងទិដ្ឋិ សេចក្តីរីករាយក្នុងទិដ្ឋិ សេចក្តីស្នេហាក្នុងទិដ្ឋិ សេចក្តីងប់នៅក្នុងទិដ្ឋិ សេចក្តីស្រេកឃ្លានក្នុងទិដ្ឋិ សេចក្តីអន្ទះអន្ទែងព្រោះទិដ្ឋិ សេចក្តីជ្រុលជ្រប់ក្នុងទិដ្ឋិ សេចក្តីប្រាថ្នាក្នុងទិដ្ឋិ ក្នុងទិដ្ឋិទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិយោគៈ។9) កាមយោគៈ ភវយោគៈ និងទិដ្ឋិយោគៈ ដូច្នេះឯង។ អវិជ្ជាយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈ ទាំង ៦ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈ ទាំង ៦ ក៏កើតមានសេចក្តីល្ងង់ មិនដឹងក្នុងផស្សាយតនៈ ទាំង ៦ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អវិជ្ជាយោគៈ។ កាមយោគៈ ភវយោគៈ ទិដ្ឋិយោគៈ និងអវិជ្ជាយោគៈ ដូច្នេះឯង។ បុគ្គល ប្រកបដោយ អកុសលធម៌ ដ៏លាមក ជាគ្រឿងសៅហ្មង ជាគ្រឿងនាំឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ជាគ្រឿងនាំឲ្យកើតជាតិ ជរា មរណៈតទៅ ព្រោះហេតុនោះ (បុគ្គលនោះ) ហៅថា ជាអ្នកមិនមានសេចក្តីក្សេម ចាកយោគៈទេ។ ម្នាលភិក្ខុទាំងឡាយ យោគៈ មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ការមិនប្រកបដោយយោគៈនេះ មាន ៤ យ៉ាង។ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺការមិនប្រកប ដោយកាមយោគៈ ១ ការមិនប្រកបដោយភវយោគៈ ១ ការមិនប្រកប ដោយទិដ្ឋិយោគៈ ១ ការមិនប្រកបដោយអវិជ្ជាយោគៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះការមិនប្រកបដោយកាមយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងកាម សេចក្តីរីករាយក្នុងកាម សេចក្តីសេ្នហាក្នុងកាម សេចក្តីងប់នៅក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីអន្ទះអន្ទែងព្រោះកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីប្រាថ្នាក្នុងកាម ក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយកាមយោគៈ។ ការមិនប្រកបដោយកាមយោគៈ ដូច្នេះឯង។ ចុះការមិនប្រកប ដោយភវយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងភព សេចក្តីរីករាយក្នុងភព សេចក្តីសេ្នហាក្នុងភព សេចក្តីងប់នៅក្នុងភព សេចក្តីស្រេកឃ្លានក្នុងភព សេចក្តីអន្ទះអន្ទែង ព្រោះភព សេចក្តីជ្រុលជ្រប់ក្នុងភព សេចក្តីប្រាថ្នាក្នុងភព ក្នុងភពទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយភវយោគៈ។ ការមិនប្រកបដោយកាមយោគៈ និងការមិនប្រកបដោយភវយោគៈ ដូច្នេះឯង។ ចុះការមិនប្រកបដោយទិដ្ឋិយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងទិដ្ឋិ សេចក្តីរីករាយក្នុងទិដ្ឋិ សេចក្តី ស្នេហាក្នុងទិដ្ឋិ សេចក្តីងប់នៅក្នុងទិដ្ឋិ សេចក្តីស្រេកឃ្លានក្នុងទិដ្ឋិ សេចក្តីអន្ទះអន្ទែងព្រោះទិដ្ឋិ សេចក្តីជ្រុលជ្រប់ក្នុងទិដ្ឋិ សេចក្តីប្រាថ្នាក្នុងទិដ្ឋិ ក្នុងទិដ្ឋិទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយទិដ្ឋិយោគៈ។ ការមិនប្រកបដោយកាមយោគៈ ការមិនប្រកបដោយភវយោគៈ និងការមិនប្រកបដោយទិដ្ឋិយោគៈ ដូច្នេះឯង។ ចុះការមិនប្រកបដោយ អវិជ្ជាយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់ តាមពិតនូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈទាំង ៦ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈ ទាំង ៦ ក៏មិនមានសេចក្តីល្ងង់ សេចក្តីមិនដឹង ក្នុងផស្សាយតនៈ ទាំង ៦ ឡើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយអវិជ្ជាយោគៈ។ ការមិនប្រកបដោយកាមយោគៈ ការមិនប្រកបដោយភវយោគៈ ការមិនប្រកបដោយទិដ្ឋិយោគៈ និងការមិនប្រកបដោយអវិជ្ជាយោគៈ ដូច្នេះឯង។ បុគ្គល ប្រាសចាកអកុសលធម៌ ដ៏លាមក ជាគ្រឿងសៅហ្មង ជាហេតុនាំឲ្យ កើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ជាហេតុនាំឲ្យកើតជាតិ ជរា មរណៈតទៅ ព្រោះហេតុនោះ (បុគ្គលនោះ) ទើបហៅថា ជាអ្នកមានសេចក្តីក្សេមចាកយោគៈ។ ម្នាលភិក្ខុទាំងឡាយ ការមិនប្រកបដោយយោគៈ មាន ៤ យ៉ាងប៉ុណ្ណេះ។

ពួកសត្វប្រកបដោយកាមយោគៈ និងភវយោគៈ ទាំង ២ ប្រកបដោយទិដ្ឋិយោគៈ ត្រូវអវិជ្ជាយោគៈ ចោមរោម ជាអ្នកមានដំណើរទៅកាន់ជាតិ (ជរា) និងមរណៈ ជាប្រក្រតី រមែងអន្ទោលទៅរកសង្សារ។ ចំណែកពួកជនណា បានកំណត់ដឹង នូវកាមយោគៈផង ភវយោគៈ ដោយអាការទាំងពួងផង ដកឡើងនូវទិដ្ឋិយោគៈផង លះបង់នូវអវិជ្ជាយោគៈផង ជាអ្នកប្រាសចាកយោគៈទាំងពួង ជនទាំងនោះ ឈ្មោះថា ជាអ្នកប្រាជ្ញ កន្លងផុត នូវយោគៈ។

ចប់ ភណ្ឌគ្គាមវគ្គ ទី១។

ឧទ្ទាននៃភណ្ឌគ្គាមវគ្គនោះគឺ

និយាយអំពីការត្រាស់ដឹងធម៌ ៤ យ៉ាង ១ អំពីភិក្ខុជាអ្នកធ្លាក់ចុះចាកធម្មវិន័យ ១ អំពីការជីករំលើងគុណ មាន២លើក ១ ជាគំរប់ ៥ នឹងបុគ្គលមានដំណើរ ទៅតាមខ្សែទឹក ១ អំពីបុគ្គលមានសេចក្តីចេះដឹងតិច ១ អំពីបុគ្គលញុំាងសង្ឃឲ្យរុងរឿង ១ (អំពីវេសារជ្ជញ្ញាណ) ១ អំពីការកើតឡើងនៃតណ្ហា ១ និងយោគៈ ១ ទៀត ជា ១០។

 

លេខយោង

1)
សេចក្តីសុខ បានដល់ព្រមហើយ ដោយសេចក្តីសុខ គឺថា សេចក្តីសុខជាទិព្វ សម្រេចមកដោយសេចក្តីសុខ ជារបស់មនុស្ស សេចក្តីសុខរបស់វិបស្សនា សម្រេចមកដោយសេចក្តីសុខរបស់ឈាន សេចក្តីសុខ របស់មគ្គ សម្រេចមក ដោយសេចក្តីសុខរបស់វិបស្សនា សេចក្តីសុខរបស់ផល សម្រេចមកដោយសេចក្តីសុខរបស់មគ្គ សេចក្តីសុខរបស់ព្រះនិញ្វន សម្រេចមកដោយសេចក្តីសុខរបស់ផល។ អដ្ឋកថា។
2)
បាឡីក្នុងឧភតោវិភង្គនិទ្ទេស ខន្ធក បរិវារ សុត្តនិបាត មង្គលសុត្ត រតនសុត្ត នាឡកសុត្ត តុវដសុត្ត និងពុទ្ធវចនៈដទៃ ដែលមានឈ្មោះថា សុត្ត (សូត្រ) ហៅថា សុត្តៈ។ សុត្តៈ ដែលប្រកបដោយគាថាទាំងអស់ ហៅថាគេយ្យៈ។ សគាថវគ្គទាំងអស់ ក្នុងសំយុត្តនិកាយ ដោយឡែកក្តី អភិធម្មបិដកទាំងអស់ក្តី សូត្រដែលមិនមានគាថាក្តី និងពុទ្ធវចនៈណា ដែលមិនបានសង្គ្រោះ ដោយអង្គទាំង ៨ គឺដទៃអំពីអង្គ ទាំង៨ ក្តី ពុទ្ធវចនៈនោះ ហៅថា វេយ្យាករណៈ។ ធម្មបទ ថេរគាថា ថេរីគាថា និងពាក្យជាគាថាសុទ្ធ ដែលមិនមានឈ្មោះថាសុត្តៈ ក្នុងសុត្តនិបាត ហៅថា គាថា។ សុត្តៈ ៨២ ដែលប្រកបដោយគាថា កើតអំពីសេចក្តីសោមនស្ស ហៅថាឧទានៈ។ សុត្តៈ ១១០ ដែលប្រព្រឹត្តទៅ ដោយន័យថា “វុត្តមិទំ ភគវតា” (ពាក្យនេះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ) ដូច្នេះ ជាដើម ហៅថា ឥតិវុត្តកៈ។ ជាតកទាំង ៥៥០ មានអបណ្ណកជាតក ជាដើម ហៅថា ជាតកៈ។ សូត្រដែលប្រកបដោយអច្ឆរិយអព្ភូតធម៌ គឺធម៌ជាអស្ចារ្យ ចំឡែក ដែលប្រព្រឹត្តទៅ ដោយន័យថា “ចត្តារោ មេ ភិក្ខវេ អច្ឆរិយា អព្ភូតធម្មា អានន្ទេ” (ម្នាលភិក្ខុទាំងឡាយ ធម៌ជាអស្ចារ្យ ចំឡែក ៤យ៉ាងនេះ មានក្នុងអានន្ទ) ដូច្នេះ ជាដើម ហៅថា អព្ភូតធម៌។ ចូឡវេទល្លសូត្រ មហាវេទល្លសូត្រ សម្មាទិដ្ឋិសូត្រ សក្កបញ្ហសូត្រ និងសង្ខារភាជនិយមហាបុណ្ណមសូត្រ ជាដើម និងសូត្រទាំងពួង ដែលកើតឡើងដោយបុគ្គលណាមួយ បានចំពោះ នូវសេចក្តីរីករាយ ត្រេកអរ ហើយចូលទៅក្រាបទូលសួរ ហៅថា វេទល្លៈ។
3)
បានដល់បុថុជ្ជន មានសេចក្តីចេះដឹងតិច ហើយជាអ្នកទ្រុស្តសីល។ អដ្ឋកថា។
4)
បានដល់ព្រះខីណាស្រព ដែលមានសេចក្តីចេះដឹងតិច។ អដ្ឋកថា។
5)
បានដល់បុថុជ្ជន មានសេចក្តីចេះដឹងច្រើន ជាអ្នកទ្រុស្តសីល។
6)
បានដល់ព្រះខីណាស្រព ដែលមានសេចក្តីចេះដឹងច្រើន។ អដ្ឋកថា
7)
បានដល់សេចក្តីត្រេកត្រអាល ប្រកបដោយកាមគុណ ទាំង ៥។ អដ្ឋកថា។
8)
បានដល់សេចក្តីប្រាថ្នា និងសេចក្តីត្រេកអរ ក្នុងរូបភព និងអរូបភព។
9)
បានដល់តម្រេក ប្រកបដោយសស្សតទិដ្ឋិ ៦២។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.v01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann